ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថា លោកនឹងធ្វើអន្តរាគមន៍នៅក្នុងករណីក្ដីក្ដាំរបស់អ្នកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ចិន ប្រសិនបើការធ្វើដូច្នេះអាចឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយនឹងប្រទេសចិន។
លោក Trump បាននិយាយថា៖ «អ្វីដែលល្អសម្រាប់ប្រទេស ខ្ញុំនឹងធ្វើ។ ប្រសិនបើខ្ញុំគិតថា វាល្អសម្រាប់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមួយនោះ នោះខ្ញុំនឹងធ្វើ។ អ្វីដែលល្អសម្រាប់សន្តិសុខជាតិ ខ្ញុំប្រាកដជាធ្វើអន្តរាគមន៍ ប្រសិនបើខ្ញុំគិតថាវាចាំបាច់»។
លោក Trump បាននិយាយថា ទោះបីជាមន្ត្រីរដ្ឋបាលលោកបាននិយាយជាមួយនឹងរដ្ឋាភិបាលចិនអំពីករណីនេះក៏ដោយ ក៏លោកនៅមិនទាន់បានពិភាក្សារឿងនេះជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping នៅឡើយទេ។
ប៉ូលិសកាណាដាបានចាប់ខ្លួនអ្នកស្រី Meng Wanzhou តាមសំណើរបស់សហរដ្ឋអាមេរិក នៅឯប្រលានយន្តហោះ Vancouver កាលពីជិត ២ សប្ដាហ៍មុន ក្រោមបទចោទប្រកាន់ថាបានរំលោភលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់។
ចៅក្រមបានដោះលែងអ្នកស្រីឲ្យនៅក្រៅឃុំកាលពីយប់ថ្ងៃអង្គារម្សិលមិញ ស្របពេលដែលអ្នកស្រីកំពុងរង់ចាំសវនាការស្ដីពីការធ្វើបត្យាប័នបញ្ជូនអ្នកស្រីទៅកាន់សហរដ្ឋអាមេរិក។
មន្ត្រីអាមេរិកថា អ្នកស្រី Meng Wanzhou កុហកធនាគារអំពីការគ្រប់គ្រងរបស់ក្រុមហ៊ុន Huawei លើក្រុមហ៊ុន Skycom នៅទីក្រុងហុងកុង។ ក្រុមហ៊ុន Skycom គឺជាក្រុមហ៊ុនមួយដែលត្រូវគេចោទប្រកាន់ថាបានលក់ទំនិញរបស់សហរដ្ឋអាមេរិកទៅឲ្យប្រទេសអ៊ីរ៉ង់ ដែលជាការរំលោភលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរដ្ឋាភិបាលអ៊ីរ៉ង់៕