ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ បានប្រកាសថា ការស៊ើបអង្កេតលើករណីលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ត្រូវបានបញ្ចប់។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
សេចក្ដីជូនព័ត៌មានចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលផ្ញើជូនមេធាវីលោក កឹម សុខា ហើយ VOA ទទួលបាន បញ្ជាក់ថា៖
យើងបានសម្រេចបិទការស៊ើបសួរ ចាប់ពីពេលនេះតទៅ»។
ការបិទការស៊ើបអង្កេតនេះ ធ្វើឡើងមិនដល់មួយសប្ដាហ៍ផង បន្ទាប់ពីលោក កឹម សុខា ត្រូវបានតុលាការសម្រេចដកបម្រាមពីការឃុំឃាំងក្នុងផ្ទះ។ ប៉ុន្តែលោកត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចចំនួន៣ គឺមិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
លោក អ៊ី រិន អ្នកនាំពាក្យនៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ VOA ថា ចៅក្រមស៊ើបសួរនឹងសម្រេចនៅពេលខាងមុខថាតើនឹងបញ្ជូនលោក កឹម សុខា ទៅកាន់ការជំនុំជម្រះ ឬក៏លើកលែងការចោទប្រកាន់។
VOAបានព្យាយាមទាក់ទងលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ តែមិនអាចសុំការឆ្លើយតបបានទេ។
មេធាវីរបស់លោក កឹម សុខា គឺលោក ផេង ហេង បានថ្លែងប្រាប់ VOA ថាប្រសិនបើករណីលោក កឹម សុខា ត្រូវបញ្ជូនជំនុំជម្រះ នោះនីតិវិធីអាចត្រូវការពេលជាច្រើនខែ ឬរហូតដល់ឆ្នាំផងដែរ។
លោកមានប្រសាសន៍ថា៖
«ធម្មតាក្នុងអំឡុង ជនត្រូវចោទស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ នៅក្រៅឃុំអញ្ចេះ ព្រះរាជអាជ្ញាមានសិទ្ធិដល់ទៅពីរសប្ដាហ៍ ប៉ុន្តែការសន្និដ្ឋានរបស់គាត់ថ្ងៃណាក៏បាន មួយថ្ងៃពីរថ្ងៃក៏បាន»។
លោកបន្ថែមថា៖
«នីតិវិធីដែលបញ្ជូនទៅជំនុំជម្រះវាទៅតាមពេលវេលាសមរម្យរបស់ចៅក្រមកាន់សំណុំរឿងជំនុំជម្រះបើកសវនាការ។ អត់បានដាក់ថា កំណត់ពេលជាក់លាក់ទេ។ រឿងខ្លះ រឿងធម្មតាៗ អាចរាប់ខែ រាប់ឆ្នាំអញ្ចឹងដែរ»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយត្រូវចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ លោក កឹម សុខា និងសហរដ្ឋអាមេរិក បានច្រានចោលការចោទប្រកាន់នេះជាបន្តបន្ទាប់។
អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកបានបដិសេធអត្ថាធិប្បាយលើចំណាត់ការថ្មីៗរបស់តុលាការលើករណីលោក កឹម សុខា។ ប៉ុន្តែសហរដ្ឋអាមេរិកបានទាមទារជាបន្តបន្ទាប់ឲ្យទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងលើលោក កឹម សុខា។
កូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិកថា រដ្ឋាភិបាលកម្ពុជានៅតែបន្តធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំងនៅក្នុងប្រទេស។ កញ្ញាបន្តថាដោយសារការដាក់គំនាបលើប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ទើបករណីរបស់លោក កឹម សុខា បានធូរស្រាល។
កាលពីថ្ងៃអង្គារ សហភាពអឺរ៉ុបបានផ្ញើរបាយការណ៍បឋមលើកទីពីររបស់ខ្លួនស្តីពីស្ថានភាពប្រទេសកម្ពុជា ក្រោមក្របខ័ណ្ឌប្រព័ន្ធឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA ទៅរដ្ឋាភិបាលកម្ពុជា។ សហភាពអឺរ៉ុបបានទុកពេលឲ្យរដ្ឋាភិបាលប្រទេសកម្ពុជា មួយខែក្នុងការឆ្លើយតបទៅនឹងរបាយការណ៍នេះ មុនពេលដែលគណៈកម្មការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងពាណិជ្ជកម្មធ្វើសេចក្ដីសម្រេចចិត្តចុងក្រោយនៅខែកុម្ភៈឆ្នាំ២០២០ថា សហភាពអឺរ៉ុបនឹងបន្តទុកឲ្យប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ពីឋានៈអនុគ្រោះពន្ធ EBA ឬក៏ត្រូវព្យួរ។
កញ្ញា កឹម មនោវិទ្យា បានបញ្ជាក់ថា បើសិនមានការទម្លាក់ចោលការចោទប្រកាន់ នោះកម្ពុជាអាចបង្ហាញពីការផ្សះផ្សាជាតិ។ ប៉ុន្តែ កញ្ញាបញ្ជាក់ថា បើមានការកាត់ទោសលោក កឹម សុខា សហរដ្ឋអាមេរិក មិនអាចទទួលយកបាននោះទេ ហើយអាចមានការឆ្លើយតបអវិជ្ជមានណាមួយពីសហរដ្ឋអាមេរិក។
គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមអំណាចសាលដីការបស់តុលាការកំពូល ទាក់ទងនឹងការចោទប្រកាន់ថា គណបក្សប្រឆាំងនេះ មានបំណងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ក្រោយគណបក្សត្រូវបានរំលាយ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្នុងនោះមានលោក កឹម សុខា ផងដែរ។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា រដ្ឋាភិបាលត្រូវធានាថាលោក កឹម សុខា អាចធ្វើនយោបាយបាន ដោយទម្លាក់ចោលការចោទប្រកាន់និងអនុញ្ញាតឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិទាំងអស់ អាចធ្វើនយោបាយបានឡើងវិញ។
លោកស្រីបានថ្លែងប្រាប់VOAថា៖
«ទម្លាក់ការចោទប្រកាន់គ្រប់ករណីទាំងអស់ ដើម្បីលោកប្រធានកឹម សុខា អាចចូលមកដឹកនាំគណបក្សសង្គ្រោះជាតិក្នុងតួនាទីប្រធានគណបក្សសង្រ្គោះជាតិ ទាំងអស់នេះ ទើបអាចផ្ដល់យុត្តិធម៌ជូនលោកប្រធាន កឹម សុខា»។
អ្នកនាំពាក្យរបស់សមាគមអាដហុក លោក ស៊ឹង សែនករុណា បានបញ្ជាក់ថា ការបន្ធូរបន្ថយស្ថានការណ៍នយោបាយនេះ គឺដោយសារគំនាបរបស់សហភាពអឺរ៉ុបលើប្រព័ន្ធអនុគ្រោះពន្ធ។
លោកបញ្ជាក់ថា៖
«អញ្ចឹងសបញ្ជាក់ថា ការណ៍ដែលឆ្លើយតបនេះ គឺជាការឆ្លើយតបទៅនឹងសម្ពាធរបស់សហភាពអឺរ៉ុបដែលពាក់ព័ន្ធទៅនឹងការដកប្រព័ន្ធអនុគ្រោះពន្ធនេះហើយ។ ប៉ុន្តែសម្រាប់យើង យើងមិនចង់ថាសម្ពាធទាំងអស់នេះ មិនមែនជារឿងមួយដែលអាចដោះស្រាយរយៈពេលយូរអង្វែងទេ ប៉ុន្តែអ្វីដែលយើងចង់ឃើញបំផុត អ្នកនយោបាយនៅប្រទេសកម្ពុជាយើងមូលមាត់គ្នារកដំណោះស្រាយដោយសន្តិវិធី»៕