នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានចេញបញ្ជាឲ្យក្រុមមន្ត្រីយុត្តិធម៌ដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិដែលលោកអះអាងថា បានចាញ់បោកលោក សម រង្ស៊ីអតីតមេដឹកនាំគណបក្សជំទាស់ ដែលបានអំពាវនាវឲ្យសាធារណៈជន នគរបាល និងកងទ័ពងើបបះបោរ និងផ្តួលរំលំរដ្ឋាភិបាលរបស់លោក កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង នៅឯខេត្តកំពតនាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែនបង្គាប់ឲ្យក្រុមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីតុលាការទាំងអស់សហការគ្នា ចាត់ចែងឲ្យសកម្មជនបក្សប្រឆាំងប្រមាណជា៧០នាក់បានស្ថិតនៅក្រៅឃុំ ក្នុងសំណុំរឿងដែលលោកហ៊ុន សែនថា ជាការធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីលោកនោះ។
«ហ្អែងចង់ផ្តួលហ៊ុន សែន! ហ៊ុន សែនត្រូវមានវិធានការ គ្រប់យ៉ាងទាំងអស់ គ្រប់យ៉ាងទាំងអស់។ អា នេះប្រមូលមនុស្សប៉ុន្មាន? អីប៉ុន្មាន? ត្រៀមរៀបចំ សុទ្ធតែដាក់ផែនការប្រមូលមនុស្ស អ៊ីចឹងទេ គេចាប់អាហ្នឹង គេចាប់អាហ្នឹង ប៉ុន្តែឥឡូវនេះ ដូចជា៧០ប៉ុន្មាននាក់ទេ ម៉ាទូទាំងប្រទេស សុំឲ្យធ្វើការប្រញាប់ប្រញាល់ ដើម្បីឲ្យបងប្អូននៅក្រៅឃុំ»។
ក្នុងចេតនាបង្ហាញពីឥទ្ធិពលរបស់លោកថា នឹងមានការដោះលែងមនុស្សបន្ទាប់ពីការអធិប្បាយរបស់លោកនោះ មេដឹកនាំកម្ពុជារូបនេះ អំពាវនាវឲ្យមានការដោះលែងសកម្មជនគណបក្សប្រឆាំងចំនួនពីរនាក់ជាបន្ទាន់នៅក្នុងខេត្តកំពត។
«កំពតអាចខិតខំ ដោះស្រាយមុនគេ តាមខ្ញុំចាំដូចជាមានត្រឹមតែពីរអីប៉ុណ្ណឹងទេ បាទ តែពីរនាក់ទេ។ ពីរនាក់ហ្នឹងបើធ្វើទាន់ ឲ្យចេញក្រៅឃុំថ្ងៃហ្នឹងទៅ ដើម្បីឲ្យឃើញប្រសិទ្ធិភាព នៃសម្តីរបស់ហ៊ុន សែន»។
យ៉ាងណាក៏ដោយ លោកហ៊ុន សែនអះអាងថា លោកមានសិទ្ធិត្រឹមតែស្នើឲ្យអ្នករងការចោទប្រកាន់ទាំងនោះ បានស្ថិតនៅក្រៅឃុំតែប៉ុណ្ណោះ ចំណែកឯការណ៍ដែលពួកគេត្រូវបានរួចពីបទចោទឬយ៉ាងណានោះ គឺអាស្រ័យលើសេចក្តីសម្រេចរបស់តុលាការ។ ប្រធានគណបក្សកាន់អំណាចរូបនេះបានបញ្ជាក់ថា ការអនុញ្ញាតឲ្យបាននៅក្រៅឃុំនឹងធ្វើឡើងតែទៅលើបុគ្គលជាប់ចោទពីបទ«ញុះញង់ បង្កឲ្យមានហិង្សា»តែប៉ុណ្ណោះ។
លោកហ៊ុន សែនបានព្រមានកូនចៅក្រោមបង្គាប់រដ្ឋាភិបាលរបស់លោក កុំធ្វើបាបលើសកម្មជនគណបក្សជំទាស់ដែលសុខចិត្តវិលពីការគេចខ្លួនទៅក្រៅប្រទេស ឬក៏សម្ងំលាក់ខ្លួនក្នុងស្រុកមកលំនៅដ្ឋានរបស់ពួកគេវិញ។
ក្រុមសកម្មជន សមាជិក និងអ្នកគាំទ្រគណបក្សជំទាស់ដែលត្រូវរំលាយចោលកាលពីឆ្នាំ២០១៧ បានរងការបង្រ្កាបយ៉ាងដំណំ ពីអាជ្ញាធររបស់រដ្ឋាភិបាលលោកហ៊ុន សែន បន្ទាប់ពីលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសមាតុភូមិនិវត្តន៍របស់លោកមកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
លោកសម រង្ស៊ី ដែលបានរស់នៅដោយនិរទេសខ្លួនឯងឯក្រៅប្រទេសអស់រយៈពេល៤ឆ្នាំ បានប្រកាសថា ការវិលត្រឡប់របស់លោកមកប្រទេសកម្ពុជា គឺដើម្បីសា្តរលទ្ធិប្រជាធិបតេយ្យ និងរៀបចំប្រទេសជាតិឡើងវិញ។
អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ ក៏បានអំពាវនាវឲ្យមហាជន និងកងកម្លាំងប្រដាប់អាវុធចូលរួមជាមួយលោកដើម្បីក្រោកឈរ ផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន ដែលលោកចោទជារដ្ឋាភិបាលខុសច្បាប់។
ប៉ុន្តែការប៉ុនប៉ងវិលចូលមកប្រទេសកម្ពុជារបស់លោកសម រង្ស៊ី និងក្រុមសហការីរបស់លោកត្រូវបានរារាំងដោយប្រទេសសមាជិកមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះមានប្រទេសថៃ ដែលរដ្ឋាភិបាលប្រទេសនេះ បានប្រកាសមិនស្វាគមន៍សកម្មភាពនយោបាយរបស់លោកសម រង្ស៊ីនៅលើទឹកដីខ្លួនឡើយ។ ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលលោកហ៊ុន សែនបានដាក់ពង្រាយកង កម្លាំងសន្តិសុខប្រដាប់ដោយអាវុធ និងទាហានរាំងខ្ទប់ច្រកព្រំដែនកម្ពុជាថៃ និងអាកាសយានដ្ឋាននៅប្រទេសកម្ពុជា។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា យល់ថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីមកលើស្ថាប័នយុត្តិធម៌ បង្ហាញថា លោកកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ស្ថាប័នតុលាការ ដែលគួរតែជាស្ថាប័នមួយមិនអាចមាននរណាមកដាក់គំនាបបានទេ។
«ជាឧទាហរណ៍មួយថែមទៀត ជាសក្ខីភាពមួយទៀត បាទមួយបែបទៀត ដែលបញ្ជាក់ថា លោក សម្តេចតេជោនាយករដ្ឋមន្ត្រីរបស់យើងហ្នឹងគឺ មានឥទ្ធិពលទៅលើអំណាចតុលាការ ដូច្នេះ អំណាច អំណាចតុលាការយើងអត់ឯករាជ្យទេ ជាក់ស្តែងឃើញហើយ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីមិនបានជ្រៀតជ្រែកកិច្ចការងាររបស់ស្ថាប័នតុលាការនោះទេ។ លោកអះអាងថា សេចក្តីអធិប្បាយនានារបស់ប្រមុខរដ្ឋាភិបាល ជុំវិញការដាក់ឲ្យសកម្មជនបក្សជំទាស់បានស្ថិតនៅក្រៅឃុំនោះ គ្រាន់តែជា «ការសំណូមពរក្នុងនាមលោកជាប្រមុខនីតិប្រតិបត្តិ» «ក៏ប៉ុន្តែការសម្រេចគឺនៅលើតុលាការ»។
បទបញ្ជារបស់លោក ហ៊ុន សែន ដែលស្នើឲ្យមានការដោះលែងសកម្មជនគណបក្សប្រឆាំងឲ្យបានស្ថិតនៅក្រៅឃុំនោះ កើតមានឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហភាពអឺរ៉ុប បានចេញរបាយការណ៍បឋមលើកទីពីរស្តីពីការវាយតម្លៃលើស្ថានភាពកម្ពុជា ក្រោមក្របខ័ណ្ឌប្រព័ន្ធឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA។ របាយការណ៍នេះ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់អាជ្ញាធរកម្ពុជា ដើម្បីឲ្យរដ្ឋាភិបាលប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ធ្វើការឆ្លើយតប «ក្នុងរយៈពេលមួយខែ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា ការឆ្លើយតបរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំងនោះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយត្រូវបើកលំហនយោបាយថែមទៀត ហើយក្រុមអង្គការសង្គមស៊ីវិលត្រូវតែទទួលសិទ្ធិបំពេញការងារដោយមិនស្ថិតក្រោមគំនាបរបស់រដ្ឋាភិបាល៕