វេលាម៉ោងប្រមាណ៧ព្រឹក ស្ថិតក្នុងស្ថានីយរាជាយស្ម័យានភ្នំពេញ សំឡេងស៊ីផ្លេចេញពីរថភ្លើងមួយគ្រឿងគឺជាសញ្ញានៃការចេញដំណើរ។ រថភ្លើងដែលមានក្បាលស្រួចនិងមានឆ្នូតលឿងលើផ្ទៃពណ៌ស នៅផ្នែកចំហៀងទាំងសងខាង ត្រូវចេញដំណើរពីកណ្តាលរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ទូនៅក្នុងទូរថភ្លើងដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់៥៦នាក់នេះ គ្មានអ្នកដំណើរអង្គុយសោះឡើយក្រៅពីអ្នកបើកបរចំនួនពីរនាក់ នាពេលចេញដំណើរ។
អ្នកបើកបររថភ្លើងជើងចាស់មួយរូប ដែលកំពុងបញ្ជារថភ្លើងគឺលោកជឹង ចាន់ទី ក្នុងវ័យ៦០ឆ្នាំ មិនលាក់លៀមទេថា រថភ្លើងហាក់ដូចជាមិនទទួលបានការពេញនិយមនោះ។
«វាមិនទៀង! ជាទូទៅ ជួនកាលមួយជើងមាន២ឬ៣នាក់ក៏មាន ៥នាក់ក៏មាន។ ពេលណា ថ្ងៃណាជើងណាចំគេចុះពីយន្ដហោះមក ៤ទៅ១០នាក់អ៊ីចឹងទៅមួយជើងៗ។ វាអត់ទៀងទាត់ទេ»។
នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ លោក ចន ហ្គារីទទួលស្គាល់ថា មិនទាន់មានការនិយមជិះរថភ្លើងពីសំណាក់ប្រជាពលរដ្ឋខ្មែរក្នុងរាជធានីភ្នំពេញនៅឡើយ។ មូលហេតុគឺដោយសារក្រុមហ៊ុនរបស់លោកបានផ្ដោតទៅលើអ្នកដំណើរតាមព្រលានយន្ដហោះច្រើនជាងការផ្តោតលើអ្នកដំណើរទូទៅ។
«ចរាចរណ៍នៅតាមដងមហាវិថីសហព័ន្ធរុស្ស៊ីគឺអាក្រក់មែនទែន។ អ្វីដែលសំខាន់គឺយើងត្រូវចំណាយ១ម៉ោងទៅ២ម៉ោង ពេលជិះទៅព្រលានយន្ដហោះម្ដងៗ ហើយវាប៉ះពាល់ដល់អ្នកជំនួញរកស៊ីជាច្រើន។ អ៊ីចឹងគម្រោងខ្សែរថភ្លើងទៅព្រលានយន្ដហោះគឺយើងផ្ដោតទៅលើអ្នកទាំងនោះ។ ឥឡូវនេះ យើងត្រូវការតែ៣០នាទីប៉ុណ្ណោះសម្រាប់ជិះទៅព្រលានយន្ដហោះភ្នំពេញតាមរថភ្លើង។ ជាមធ្យម ប្រហែល២០ទៅ៥០នាក់ដែលអ្នកធ្វើដំណើរតាមយន្ដហោះប្រើប្រាស់សេវានេះ»។
ម្យ៉ាងវិញទៀត នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បញ្ជាក់ថា ក្រុមហ៊ុនក៏មិនទាន់បានធ្វើទីផ្សារដើម្បីផ្សព្វផ្សាយឲ្យបានល្អអំពីដំណើរការរថភ្លើងទៅកាន់ព្រលានយន្តហោះនោះដែរ។
កាលពីដើមខែមេសាឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់ អ្នកឧកញ៉ា គិត ម៉េងបានសម្ពោធដាក់ឱ្យប្រើប្រាស់សេវាដឹកជញ្ជូនអ្នកដំណើរពីស្ថានីយរថភ្លើងភ្នំពេញ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាផ្លូវការ។ គោលបំណងគឺដើម្បីចូលរួមកាត់បន្ថយការស្ទះចរាចរណ៍និងជួយសម្រួលពេលវេលាដល់អ្នកធ្វើដំណើរតាមយន្តហោះ។ ប៉ុន្តែក្រោយពីដំណើរការអស់រយៈពេលជាងមួយឆ្នាំមកនេះ សេវារថភ្លើងហាក់ដូចជានៅតែមិនទាន់ទទួលបានការគាំទ្រច្រើនពីអ្នកដំណើរនៅឡើយ។
ទោះជាយ៉ាងណា លោក ចន ហ្គារី យល់ថា ការដំណើរតាមរថភ្លើងនឹងចំណេញពេលវេលាច្រើនជាងការធ្វើដំណើរតាមដងផ្លូវ។
រថភ្លើងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដែលផលិតនៅប្រទេសម៉ិកស៊ិក គឺជាប្រភេទរថភ្លើងទំនើបជាងរថភ្លើងបុរាណរបស់កម្ពុជា។ រថភ្លើងនេះមានបន្ទប់ទឹក មានម៉ាស៊ីនត្រជាក់ ទូរទស្សន៍ មានប្រព័ន្ធ Wi- Fi មានកៅអីធំទូលាយ និងមានកាំជណ្តើរស្វ័យប្រវត្តិ។ រថភ្លើងនេះអាចបើកបរក្នុងល្បឿន២៥គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងចម្ងាយផ្លូវប្រមាណដប់គីឡូម៉ែត្រពីកណ្តាលក្រុងភ្នំពេញទៅកាន់ព្រលានយន្តហោះ។
ជាមធ្យម មានអ្នកជិះរថភ្លើងចន្លោះពី២០ទៅ៩០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈដែលរថភ្លើងចាប់ផ្តើមដឹកជញ្ជូនអ្នកដំណើរពីម៉ោង៦និង៣០នាទីព្រឹករហូតដល់ម៉ោង៧យប់។ នេះបើតាមលោក ចន ហ្គារី នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ។ ទោះជាយ៉ាងណា អ្នកទទួលខុសត្រូវរូបនេះព្យាយាមមិនបង្ហាញពីតួលេខនៃថវិកាដែលត្រូវខាតបង់ដោយសារមិនមានអ្នកដំណើរជិះរថភ្លើងនោះទេ។
រថភ្លើងទើបនឹងដាក់អ្នកដំណើរចុះ។
ដៃម្ខាងអូសកាបូបដាក់អីវ៉ាន់ ដៃម្ខាងទៀតកំពុងកាន់ភេសជ្ជៈ លោក រស្មី ជាច័ន្ទតារាទើបនឹងចុះពីលើរថភ្លើងដើរសំដៅទៅរកស្ថានីយចេញដំណើរក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញ។
លោកនឹងត្រូវឡើងយន្តហោះទៅកាន់ប្រទេសឡាវ។ លោក រស្មី ជាច័ន្ទតារាគឺជាអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរ២នាក់ក្នុងរថភ្លើង។
«រទេះភ្លើងវាល្អ វាអត់សូវស្ទះទេ ព្រោះឥឡូវវាស្ទះច្រើន។ ដល់ពេលខ្ញុំចង់សាកមើល វាល្អ»។
អ្នកស្រីសំបូរ រិទ្ធអូនីកា គឺជាអ្នកប្រើប្រាស់សេវាកម្មរថភ្លើងនេះម្នាក់ទៀត។ អង្គុយចាំរថភ្លើងនៅក្នុងស្ថានីយរថភ្លើងភ្នំពេញ អ្នកស្រីទើបនឹងចេញពីធ្វើការនៅក្រុមហ៊ុនមួយមិនឆ្ងាយពីទីនោះ។ អ្នកស្រី សំបូរ រិទ្ធអូនីកាត្រូវធ្វើដំណើរទៅកាន់លំនៅដ្ឋានរបស់អ្នកស្រីនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងការសាកល្បងជិះរថភ្លើងក្នុងក្រុងលើកដំបូង អ្នកស្រីយល់ថា ការជិះរថភ្លើងហាក់ដូចជាមានផាសុខភាព ប៉ុន្តែអ្នកដំណើរត្រូវចាំរហូតដល់កន្លះម៉ោងមុននឹងរថភ្លើងចេញដំណើរម្តងៗ។
«វាល្អម៉្យាងដែរ ព្រោះវាជួយកាត់បន្ថយពេលវេលា ឧទាហរណ៍ពីរ៉ារទេះភ្លើងទៅព្រលានយន្ដហោះ បើសិនជិះមធ្យោបាយខ្លួនឯង ស្ទះផ្លូវអីផង យ៉ាងហោចណាស់មួយម៉ោងបានដល់។ ប៉ុន្ដែបើយើងជិះអានេះ មួយម៉ោងដូចគ្នា ព្រោះអីយើងចាំកន្លះម៉ោង យើងជិះរថភ្លើងកន្លះម៉ោង។ ក៏ប៉ុន្ដែកន្លះម៉ោងនេះគឺយើងអង្គុយលេងអ៊ីចឹងវាធូរអារម្មណ៍ វាអត់ស្មុគស្មាញនៅលើផ្លូវ»។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញាលី ស្រីស្រស់មើលឃើញថា ដោយសារខ្សែរថភ្លើងមានប្រវែងខ្លី រថភ្លើងមានគោលដៅតែមួយគឺរវាងព្រលានយន្តហោះ និងរាជាយស្ម័យាន ដូច្នេះហើយទើបខ្សែរថភ្លើងក្នុងក្រុងមួយនេះមិនទាន់ក្លាយជាតម្រូវការចាំបាច់សម្រាប់អ្នកធ្វើដំណើរទូទៅនៅឡើយ។ មួយវិញទៀត មិនមានប្រជាពលរដ្ឋច្រើនទេដែលធ្វើដំណើរតាមយន្ដហោះក្នុងមួយថ្ងៃៗ។
ដោយឡែក អ្នកវិភាគ និងអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នីយល់ថា ចំណតរថភ្លើងគួរស្ថិតនៅចំណុចប្រសព្វនៃចំណតយានជំនិះផ្សេងទៀត។
«វាត្រូវតែចាប់ផ្ដើមចេញពីទីប្រជុំជនណាដែលឡានក្រុងគ្រប់ខ្សែទាំងអស់ទៅសំចតកន្លែងហ្នឹង ដើម្បីឲ្យងាយស្រួលសម្រាប់ពលរដ្ឋហ្នឹង សំដៅមកពីទិសណាក៏ដោយគឺត្រូវតែចុះនៅមុខស្ថានីយរទេះភ្លើងហ្នឹងទាំងអស់។ វាងាយស្រួលក្នុងការឡើងរថភ្លើងទៅកាន់ព្រលានយន្តហោះ»។
ឆ្លើយតបនឹងចំណោទដែលមិនសូវមានអ្នកដំណើរជិះរថភ្លើងភ្នំពេញព្រលានយន្តហោះនេះ លោក ចន ហ្គារី នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ លើកឡើងថា ក្រុមហ៊ុនមានគម្រោងនឹងចំណាយប្រាក់ប្រមាណជា១០០០០ដុល្លារអាមេរិក ដើម្បីធ្វើទីផ្សារផ្សព្វផ្សាយពីសារៈសំខាន់នៃការជិះរថភ្លើងក្នុងក្រុង។ ហើយក្រុមហ៊ុនអាចនឹងដាក់ឲ្យដំណើរការនូវរថភ្លើងមួយខ្សែទៀត ដើម្បីកាត់បន្ថយការរង់ចាំយូររបស់អតិថិជន។ ជាមួយគ្នានេះ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ សហការជាមួយក្រុមហ៊ុនចិន China Southern Rail កំពុងសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងលើអាកាសតភ្ជាប់ពីព្រលានយន្តហោះទៅកាន់ស្ថានីយរថភ្លើងក្រុងភ្នំពេញ និងពីព្រលានយន្តហោះទៅកាន់កាស៊ីណូ ណាហ្គា។
លោក ចន ហ្គារី រំពឹងថា រថភ្លើងពីភ្នំពេញទៅកាន់ព្រលានយន្តហោះអាចនឹងទទួលបានអ្នកដំណើររហូតដល់១០០០នាក់ក្នុងមួយថ្ងៃ នាពេលអនាគត៕