ខណៈប្រជាពលរដ្ឋខ្មែរជាច្រើនត្រៀមធ្វើដំណើរទៅបណ្តាខេត្តដើម្បីជួបជុំគ្រួសារ និងចូលរួមពិធីបុណ្យចូលឆ្នាំថ្មី អគ្គស្នងការនគរបាលជាតិបានណែនាំឲ្យមន្រ្តីពាក់ព័ន្ធទូទាំងប្រទេសទប់ស្កាត់ និងចាត់វិធានការលើការបើកបរល្មើសច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមសេចក្តីណែនាំដែលចេញដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ក្នុងសេចក្តីណែនាំដែលមានប្រាំចំណុច ចេញនៅថ្ងៃទី១១ ខែមេសា ស្តីពីការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានណែនាំស្នងការនគរបាលរាជធានីខេត្ត ថាត្រូវចាត់វិធានការទប់ស្កាត់រាល់បទល្មើសដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំ។
សេចក្តីណែនាំចេញដោយលោក នេត សាវឿន បញ្ជាក់តាមន័យដើមក្នុងចំណុចទី១ថា៖ «ទប់ស្កាត់ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនពាក់មួកសុវត្ថិភាព និងករណីល្មើសច្បាប់ផ្សេងទៀត ដែលបង្កឲ្យមានគ្រោះថ្នាក់ ដោយធ្វើការឃាត់យានយន្តល្មើស ចេញបណ្ណពិន័យ ហើយណែនាំឲ្យបង់ប្រាក់ពិន័យនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។ ចំពោះករណីបើកបរក្នុងស្ថានភាពស្រវឹង ក្រៅពីអនុវត្តការពិន័យតាមច្បាប់ ត្រូវឃាត់អ្នកបើកបរនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក រហូតដល់ពិនិត្យឃើញថា គ្មានជាតិអាល់កុលពីក្នុងរាងកាយ ទើបអនុញ្ញាតឲ្យបន្តការបើកបរ»។
ក្នុងសេចក្តីណែនាំដដែលនោះ លោក នេត សាវឿន ក៏បានណែនាំឲ្យសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់ចំពោះការចតយានយន្ត ការលក់ដូរ ឬសកម្មភាពផ្សេងៗ នៅតាមគោលដៅដែលបានហាមឃាត់ ដូចជាតាមដងផ្លូវទីប្រជុំជន វត្តអារាម រមណីយដ្ឋាន តំបន់ទេសចរណ៍ និងទីតាំងកម្សាន្ដសប្បាយ។ លោកបន្ថែមថា សមត្ថកិច្ចក៏ត្រូវផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងឲ្យសាធារណជនបានយល់ដឹងអំពីរបៀបផ្តល់ព័ត៌មានឲ្យបានរហ័សទៅដល់នគរបាលចរាចរណ៍ផ្លូវគោក អំពីគ្រោះថ្នាក់ចរាចរណ៍។ លោកក៏បានណែនាំសមត្ថកិច្ចឲ្យត្រៀមមន្ត្រីជំនាញ និងមធ្យោបាយសម្រាប់ជួយសង្គ្រោះជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទាន់ពេល។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទេ រហូតដល់ល្ងាចថ្ងៃសុក្រនេះ។
សេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ ធ្វើឡើងខណៈដែលគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាគួរឲ្យបារម្ភនៅកម្ពុជា។
បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនជាង៣ពាន់លើកដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួនជិត ១៨០០ នាក់ ដោយរាប់តែអ្នកស្លាប់នៅលើដងផ្លូវ មិនរាប់តាមមន្ទីរពេទ្យ។
ចំណែករយៈពេលបីខែដើមឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១០៧៦លើក បណ្តាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ៥១៣នាក់ និងរបួសចំនួន ១៥៩២នាក់។ បើតាមតួលេខនេះបង្ហាញថា ជាមធ្យមក្នុងមួយថ្ងៃមានមនុស្សចំនួន ៦នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោក គង់ រតនៈ ប្រធានស្តីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ប្រាប់ VOAថា ការណែនាំរបស់អគ្គស្នងការនគរបាលជាតិ គឺជាចំណុចល្អ ប៉ុន្តែលោកថា សមត្ថកិច្ចគួរតែពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់គ្រប់ពេលនិងស្មើភាពគ្នា។ លោកបន្ថែមថា នៅកម្ពុជា គ្រឿងស្រវឹងគឺជាមូលហេតុចម្បងដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ស្របពេលដែលការអប់រំអំពីបញ្ហាចរាចរណ៍នៅមានការខ្វះខាត។
លោកបញ្ជាក់ថា៖«យើងត្រូវប្រាកដថាចំណាត់ការរបស់គាត់ហ្នឹងត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយ មិនត្រឹមតែសមត្ថកិច្ចទេ សូម្បីប្រជាពលរដ្ឋហ្នឹងក៏ត្រូវដឹងដែរ ពីព្រោះយើងមិនត្រូវការដាក់កម្លាំងពួនស្ទាក់ចាប់ទេ។ គឺយើងប្រាប់គាត់មុនថា ថ្ងៃចូលឆ្នាំហ្នឹងគឺមន្រ្តីសមត្ថកិច្ចចរាចរណ៍គឺគាត់ដាក់ពង្រាយដើម្បីត្រួតពិនិត្យការបើកបរអីសព្វយ៉ាងហ្នឹង»។
បើតាមមន្រ្តីជំនាញបង្ហាញថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីការបើកបរហួសល្បឿនកំណត់ ការមិនគោរពសិទ្ធិនៅពេលបើកបរ ការមិនប្រកាន់ស្តាំ ការវ៉ាជែង ការបត់ដោយមិនប្រើភ្លើងសញ្ញា ការបើកបរដោយស្រវឹង កត្តាយានយន្ត និងការបើកបរដោយងងុយដេកជាដើម៕