ប្រទេសនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិកចំនួន ១៥ នៅថ្ងៃអាទិត្យនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ាន។
កិច្ចព្រមព្រៀង RCEP ដែលគាំទ្រដោយប្រទេសចិននេះ ត្រូវបានគេមើលឃើញថាជាវិធានការដ៏ជោគជ័យមួយសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅទូទាំងតំបន់ និងកំណត់ឲ្យឃើញអំពីឥទ្ធិពលគ្របដណ្ដប់របស់ខ្លួននៅលើពាណិជ្ជកម្មអាស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
តើកិច្ចព្រមព្រៀង RCEP ជាអ្វី?
កិច្ចព្រមព្រៀង RCEP ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសអាស៊ានទាំង ១០ រួមជាមួយនឹងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់។ ប្រទេសឥណ្ឌាបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំមុន។
កិច្ចព្រមព្រៀងនេះរួមបញ្ចូលប្រជាពលរដ្ឋប្រហែល ២ ពាន់ ១ រយលាននាក់ ដោយប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងនេះមានផលិតផលក្នុងស្រុកសរុប GDP ស្មើនឹងប្រហែល ៣០% នៃ GDP សរុបនៅលើពិភពលោក។
គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺបន្ទាបពន្ធគយ បើកឲ្យមានការធ្វើពាណិជ្ជកម្មលើផ្នែកសេវាកម្ម និងលើកកម្ពស់ការវិនិយោគដើម្បីជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ឲ្យតាមទាន់ប្រទេសដទៃទៀតនៅលើពិភពលោក។
ពិសេសជាងនេះទៀត កិច្ចព្រមព្រៀង RCEP នេះ ត្រូវគេរំពឹងថានឹងជួយកាត់បន្ថយការចំណាយនិងពេលវេលាសម្រាប់ក្រុមហ៊ុននានា ដោយអនុញ្ញាតឲ្យពួកគេនាំចេញផលិតផលទៅកាន់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះបាន ដោយមិនចាំបាច់បំពេញតាមតម្រូវការដាច់ដោយឡែកសម្រាប់ប្រទេសនីមួយៗ។
កិច្ចព្រមព្រៀងនេះក៏ផ្ដោតលើកម្មសិទ្ធិបញ្ញាផងដែរ ប៉ុន្តែនឹងមិនផ្ដោតលើការការពារបរិស្ថាន និងសិទ្ធិការងារនោះទេ។
គេនៅមិនទាន់ច្បាស់ទេថាតើកិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុម័តនៅពេលណា ប៉ុន្តែវាអាចនឹងចូលជាធរមាននៅឆ្នាំក្រោយ។
ហេតុអ្វីបានជាកិច្ចព្រមព្រៀង RCEP នេះសំខាន់?
កិច្ចព្រមព្រៀង RCEP នេះសំខាន់ ដោយសារតែវាបង្កើតបទបញ្ញត្តិពាណិជ្ជកម្មថ្មីសម្រាប់តំបន់ ហើយមានការគាំទ្រពីប្រទេសចិន ប៉ុន្តែមិនមានការចូលរួមពីសហរដ្ឋអាមេរិកទេ។
អ្នកតាមដានស្ថានការណ៍បាននិយាយថា កិច្ចព្រមព្រៀងនេះពង្រឹងមហិច្ឆតាភូមិសាស្ត្រនយោបាយទូលំទូលាយរបស់ប្រទេសចិននៅក្នុងតំបន់ ដែលប្រទេសនេះមានការប្រជែងតិចតួចពីសហរដ្ឋអាមេរិក ដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។
នៅពេលនោះ កិច្ចព្រមព្រៀង TPP នេះកំពុងឈានទៅការក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំជាងគេបំផុតនៅលើពិភពលោក រហូតទាល់តែដល់ពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញ ដោយអះអាងថា កិច្ចព្រមព្រៀងនេះធ្វើឲ្យបាត់បង់ការងារនៅក្នុងសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ អ្នកតាមដានស្ថានការណ៍នានាបាននិយាយថា កិច្ចព្រមព្រៀង RCEP នេះ មិនមានលក្ខណៈទូលំទូលាយដូចកិច្ចព្រមព្រៀង TPP ឬដូចកិច្ចព្រមព្រៀងទូលំទូលាយនិងវិវឌ្ឍទៅមុខនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) នោះទេ។
លោក Alexander Capri អ្នកជំនាញផ្នែកពាណិជ្ជកម្មនៃមហាវិទ្យាល័យពាណិជ្ជកម្មនៅសាកលវិទ្យាល័យ National University of Singapore បាននិយាយថា កិច្ចព្រមព្រៀងនេះ «មិនមែនជាកិច្ចព្រមព្រៀងពេញលេញសមហេតុផលទាំងស្រុង» នោះទេ។
លោកបានបន្ថែមថា៖ «បញ្ហានៃកិច្ចព្រមព្រៀង RCEP នេះ គឺថា មានប្រទេស ១៥ ដែលមានលក្ខណៈខុសគ្នាខ្លាំងនៃដំណាក់កាលអភិវឌ្ឍន៍ និងអាទិភាពក្នុងប្រទេស»។
ហេតុអ្វីឥណ្ឌាមិនចូលរួម?
ប្រទេសឥណ្ឌាបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំមុន ដោយមានការព្រួយបារម្ភអំពីទំនិញចិនដែលមានតម្លៃថោកហូរចូលក្នុងប្រទេសរបស់ខ្លួន ទោះបីជាខ្លួនអាចចូលរួមនៅពេលក្រោយក៏ដោយ។
ឥណ្ឌាបានបង្ហាញការព្រួយបារម្ភអំពីបញ្ហាលទ្ធភាពចូលទៅកាន់ទីផ្សារ ដោយខ្លាចថា ក្រុមហ៊ុនឬរោងចក្រផលិតកម្មរបស់ខ្លួនអាចរងផលប៉ះពាល់ខ្លាំង ប្រសិនបើមានទំនិញចិនដែលមានតម្លៃថោកច្រើនហូរហៀរនៅក្នុងប្រទេស។
ឧស្សាហកម្មវាយនភណ្ឌ ទឹកដោះគោ និងកសិកម្ម ត្រូវបានចាត់ទុកថាជាឧស្សាហកម្ម ៣ ដែលងាយរងគ្រោះ។
តើកិច្ចព្រមព្រៀងនេះមានន័យបែបណាសម្រាប់សហរដ្ឋអាមេរិក?
អ្នកវិភាគនានានិយាយថា វាទំនងជាអាចទៅរួចដែលថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Joe Biden ដែលត្រូវគេព្យាករណ៍ថាជាប់ឆ្នោត នឹងផ្ដោតបន្ថែមលើតំបន់អាស៊ីអាគ្នេយ៍ ទោះបីជាគេនៅមិនទាន់ច្បាស់នៅឡើយថាតើលោក Biden នឹងចូលរួមឡើងវិញនៅក្នុងកិច្ចព្រមព្រៀង CPTPP ក៏ដោយ។
ប្រធានបទនេះនៅតែជាបញ្ហារសើបផ្នែកនយោបាយនៅក្នុងសហរដ្ឋអាមេរិក៕