កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មដែលត្រូវសម្រេចរវាងស.រ.អា និងសមាជិក១១ ប្រទេសនៅតាមឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានគេចាប់ផ្តើមចរចាតាំងពីឆ្នាំ២០០៨ ហើយបើកិច្ចព្រមព្រៀងនេះត្រូវបានផ្ដល់សច្ចាប័នដោយរដ្ឋាភិបាលប្រទេសទាំងនោះ វានឹងបញ្ចូលគ្នានូវ៤០%នៃសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ TPP នេះក៏មានភាពចម្រូងចម្រាសជាពិសេសក្នុងសហរដ្ឋអាមេរិក ដែលអ្នកប្រឆាំងបានព្រមានថា វានឹងធ្វើឲ្យបាត់បង់ការងារ និងផលវិបាកអាក្រក់ផ្សេងទៀត។
ការតវ៉ានៅរដ្ឋ Texas នេះជាឧទាហរណ៍នៃការប្រឆាំងទៅនឹង TPP។
សហជីពកម្មករហៅវាថាបញ្ជូនការងារចេញ។ ពួកគេជឿថាវាមិនគ្រាន់តែមិនបង្កើតការងារទេ វានឹងបញ្ឈប់ការងារបន្ថែមទៀត។
ប៉ុន្តែនៅមានការប្រឆាំងច្រើនទៀត។
ក្នុងខែមិថុនា សភាផ្ដល់ការអនុញ្ញាតឲ្យមានការពន្លឿនដំណើរការអនុម័តដែលគេហៅថា «Fast-Track»។ នេះមានន័យថា អ្នកតាក់តែងច្បាប់អាមេរិកមិនអាចកែប្រែ TPP បានទេ។ សភាគ្រាន់តែអាចបោះឆ្នោតយល់ព្រមឬបដិសេធប៉ុណ្ណោះ។ ហើយជម្លោះរវាងប្រទេសក្នុងកិច្ចព្រមព្រៀងនេះនឹងត្រូវសម្រេចដោយក្រុមប្រឹក្សាមានសមាជិក៣រូប។
អតីតមន្ត្រីក្រុមហ៊ុន IBM និងបច្ចុប្បន្នជាសាស្ត្រាចារ្យសាលាពាណិជ្ជកម្ម សកលវិទ្យាល័យញូវយ៉ក លោក Ralph Gomory ថា៖
«យើងមានកិច្ចព្រមព្រៀងដូចគ្នានេះបីទសវត្សមកហើយ។ កិច្ចព្រមព្រៀង នីមួយៗកាន់តែធំ និងកាន់តែអាក្រក់ទៅ។ យើងមិនចាំបាច់សួរពីផលប៉ះពាល់ចំពោះអាមេរិកនោះទេ ប៉ុន្តែយើងគ្រាន់តែមើលប្រវត្តិវាទៅ។ ប្រទេសយើងដែលពឹងផ្អែកលើរោងចក្រឧស្សាហកម្ម ហើយត្រូវបានបាត់បង់អស់ហើយ ដោយសារការងារនិងបច្ចេកវិទ្យានិងរោងចក្រទាំងនោះបាននាំចេញទៅឯនាយសមុទ្រ» ។
ប៉ុន្តែសម្រាប់ក្រុមហ៊ុនអាជីវកម្មពហុជាតិធំៗវិញ មានរឿងផ្ទុយគ្នាទាំងស្រុង។ TPP ជាឱកាសបង្កើតទីផ្សារថ្មីនិងបង្កើនការលក់ផលិតផលដែលនឹងបង្កើតប្រាក់ចំណេញនិងធ្វើឱ្យប្រសើរឡើងនូវតម្លៃភាគហ៊ុន។
លោក Peter Cardillo ប្រធានអ្នកវិភាគទីផ្សារ Rockwell Global បាននិយាយថា វានឹងជួយដល់កម្មករក្នុងស្រុកនិងជួយឲ្យមានកំណើនសេដ្ឋកិច្ច។
«កិច្ចព្រមព្រៀងនីមួយៗ មានរឿងល្អនិងអាក្រក់ និងមានភាពវិជ្ជមាននិងអវិជ្ជមាន។ ហើយនឹងមានអ្នកដែលព្យាយាមប្រឆាំងនឹងវា ព្រោះពួកគេនឹងគិតថា ការងារនឹងចេញទៅនៅបរទេស ហើយមានអ្នកដែលគិតថា វាជារឿងល្អសម្រាប់សេដ្ឋកិច្ច។ ខ្ញុំនៅកណ្ដាលអ្នកទាំងពីរនោះ។
ប៉ុន្ដែលោក Peter Costa ប្រធានក្រុមហ៊ុន Empire Executions នៅផ្សារហ៊ុន Wall Street ថា អាមេរិកជាថ្មីម្ដងទៀត ទទួលបានប្រយោជន៍តិចតួចពីកិច្ចព្រមព្រៀងបែបនេះ។
«ខ្ញុំគិតថា វាមានផ្តល់អំណោយផលចំពោះប្រទេសដៃគូពាណិជ្ជកម្មតូចៗជាងយើង ហើយខ្ញុំគិតថា ដូចពីមុនៗដែរ ដែលអាមេរិកទទួលបានប្រយោជន៍តិចតួចបែបនេះ។ ខ្ញុំគិតថា ប្រហែលជាមានការលំបាកសម្រាប់អាមេរិកក្នុងការផ្ដល់សច្ចាប័ន ប៉ុន្តែវាទំនងជានឹងទទួលត្រូវអនុម័ត»។
អត្ថបទពេញលេញនៃកិច្ចព្រមព្រៀង TPP ត្រូវបានរំពឹងថានឹងចេញផ្សាយនៅសប្តាហ៍ខាងមុខ។ តាមកាលវិភាគដែលដាក់ចេញដោយសភាសហរដ្ឋអាមេរិក លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា អាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ៦០ ថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានដាក់ជាសាធារណៈ៕
ប្រែសម្រួលដោយ មាន ឥស្សរាយស