កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកនេះ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ត្រូវបានកោតសរសើរដោយរដ្ឋាភិបាលជាសមាជិករាប់សិបរបស់ខ្លួន ថាបានបង្រួបបង្រួមទីផ្សារ ការរួមបញ្ចូល ៤០ ភាគរយនៃសេដ្ឋកិច្ចសកល ព្រមទាំងទិន្នផលសរុប៣០ទ្រីលានដុល្លារ ($30 trillion ស្មើ ៣០ ពាន់ពាន់លាន)។ ប៉ុន្តែការអនុវត្តកិច្ចព្រមព្រៀងនេះមិនត្រូវបានធានាទេ។
បន្ទាប់ពីការរក្សាការសម្ងាត់ក្នុងដំណើរការចរចានេះ អ្នកនយោបាយ ក្រុមអ្នកមានប្រយោជន៍ពាក់ព័ន្ធពិសេស និងសាធារណជន នៅក្នុងប្រទេសដែលចុះកិច្ចព្រមព្រៀង TPP ទាំង១២ នឹងមានពេលវិភាគលម្អិតលើឯកសារទាំងមូលនៅពេលដែលវាចេញផ្សាយឆាប់ៗនេះ។
អ្នកខ្លះនឹងឃើញអ្វីដែលពួកគេមិនចូលចិត្ត។ ហើយវានឹងបង្កើនសម្ពាធលើសមាជិកសភាដែលគិតគូរ ថាតើត្រូវគាំទ្រវាឬទេ។ ប្រសិនបើប្រទេសទាំងអស់ដែលបានចូលរួម មិនផ្ដល់សច្ចាប័នក្នុងរយៈពេលពីរឆ្នាំទេ ប្រទេសហត្ថលេខីដើមទាំងប្រាំមួយប្រទេស ដែលមានសេដ្ឋកិច្ចស្មើនឹងផលិតផលក្នុងស្រុកសរុប៨៥ភាគរយដែលប្រទេស TPP ទាំងអស់ ត្រូវតែផ្ដល់សច្ចាប័នដល់វា។ តួលេខនេះមានន័យថា ការអនុម័តដោយសហរដ្ឋអាមេរិកគឺជាការចាំបាច់ រួមជាមួយទាំងប្រទេសកាណាដា ឬ ប្រទេសជប៉ុនផងដែរ។
ការតម្រូវឱ្យមានការអនុម័តពីសហរដ្ឋអាមេរិក
មានការប្រឆាំងជំទាស់យ៉ាងសន្ធឹកសន្ធាប់រួចទៅហើយពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយចំនួនដែលមានឥទ្ធិពល រួមទាំងអ្នកដែលមកពីគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតីអូបាម៉ាផងដែរ។ ក្នុងនោះមានអតីតរដ្ឋមន្ត្រីក្រសួងការបរទេស ដែលឥឡូវនេះ ជាបេក្ខជនប្រធានាធិបតីគឺលោកស្រី Hillary Clinton ស្ថិតក្នុងចំណោមអ្នកដែលប្រឆាំងនឹងកិច្ចព្រមព្រៀង TPP នេះ។
អ្នកអង្កេតការណ៍មួយចំនួនបានព្យាករណ៍ថា ការអនុម័តនេះ ប្រសិនបើវាកើតឡើង គឺទំនងជាអាចធ្វើបានឆាប់បំផុត គឺក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកាឆ្នាំក្រោយនេះត្រូវបានបញ្ចប់។
អ្នកស្រី Deborah Elms ដែលជាអ្នកគាំទ្រកិច្ចព្រមព្រៀង TPP ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី Asia Trade Center ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំអាចគិតបានថា ប្រសិនបើសហរដ្ឋអាមេរិកមិនចង់ឬមិនអាចអនុវត្តកិច្ចព្រមព្រៀងមួយនេះ ប្រទេសដទៃទៀតអាចសម្រេចចិត្ត បន្តទៅមុខ ដោយកែកិច្ចព្រមព្រៀងសារជាថ្មីដោយគ្មានសហរដ្ឋអាមេរិក»។
ជោគវាសនារបស់កិច្ចព្រមព្រៀងនេះនៅក្នុងប្រទេសកាណាដាវិញ អាចអាស្រ័យលើលទ្ធផលនៃការបោះឆ្នោតសហព័ន្ធនៅថ្ងៃទី ១៩ ខែតុលា។
មានការប្រឆាំងជំទាស់យ៉ាងខ្លាំងទៅនឹងកិច្ចព្រមព្រៀង TPP នេះ នៅក្នុងប្រទេសអូស្រ្តាលីនិងនូវែលហ្សេឡង់ផងដែរ ទោះបីជាវាទំនងជាទទួលបាននូវការអនុម័តច្បាប់ នៅក្នុងប្រទេសទាំងពីរនេះ បើយោងតាមអ្នកស្រី Elms នៃមជ្ឈមណ្ឌលពាណិជ្ជកម្មតំបន់អាស៊ី ។
«ពួកគេជឿជាក់ថា ភាគីអាមេរិកទទួលបានអ្វីដែលពួកគេចង់បាន ច្រើនជាងភាគីអូស្ត្រាលី នឹងនូវែលហ្សេឡង់ចង់បាន»។
គណបក្សការងាររបស់នូវែលហ្សេឡង់ នាពេលបច្ចុប្បន្នមិនមែនជាផ្នែកមួយនៃរដ្ឋាភិបាលនោះទេហើយមានការខកចិត្តជាមួយនឹងមាត្រារបស់កិច្ចព្រមព្រៀង TPP ដែលហាមឃាត់ការវិនិយោគបរទេសក្នុងវិស័យដីធ្លីនិងលំនៅដ្ឋាន។
ប្រទេសឈីលីជាប្រទេសមួយផ្សេងទៀត អាចជាកន្លែងដែលមានការប្រឆាំងជំទាស់ពីសភាយ៉ាងខ្លាំងដោយសារតែមានក្តីបារម្ភអំពីការទទួលបានថ្នាំសង្កូវក្នុងតម្លៃសមរម្យ។
ការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងប្រទេសជប៉ុន និងវៀតណាម
ប្រទេសជប៉ុនត្រូវបានគេមើលឃើញថា ស្ទើរតែប្រាកដជាកើតមាន នៅការផ្ដល់សច្ចាប័នចប់ចុងចប់ដើម។
វានឹងត្រូវបានពិនិត្យដោយសភាទាំងពីររបស់ប្រទេសជប៉ុន ហើយរដ្ឋាភិបាលកំពុងពិចារណាលើការបន្ថែមការប្រជុំរហូតដល់ដើមឆ្នាំក្រោយ ទោះបីជាវាមិនច្បាស់លាស់ថា នៅពេលណាទើបការពិភាក្សាលើកិច្ចព្រមព្រៀង TPP នេះនឹងត្រូវបានបញ្ចប់ ។ការធ្វើសម្បទានមួយចំនួនរបស់ប្រទេសជប៉ុនលើវិស័យកសិកម្មនឹងទំនងធ្វើឲ្យកសិករមួយចំនួនប្រឆាំងនឹងការអនុម័តនេះ។
នៅក្នុងប្រទេសម៉ាឡេស៊ី តំណាងរាស្ត្រគណបក្សប្រឆាំងលោក Charles Santiago បានរិះគន់កិច្ចព្រមព្រៀង TPP នេះថាជា «កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានគ្រោះថ្នាក់បំផុតមួយនៅពេលនិយាយដល់ការទទួលបានថ្នាំសង្កូវក្នុងតម្លៃសមរម្យ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍ»។ លោកបានប្រាប់ VOA ថា រដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ី បានសន្យាថា នឹងធ្វើតាមការមូលមតិគ្នារបស់សភា។ ប៉ុន្តែ រដ្ឋាភិបាលមានអំណាចដើម្បីអនុម័តលើកិច្ចព្រមព្រៀងនេះ បើទោះបីជាភាគច្រើននៃសមាជិកសភាប្រឆាំងនឹងវាក៏ដោយ។
«ពួកគេអាចធ្វើបាន ដោយសារតែបច្ចេកទេសរដ្ឋធម្មនុញ្ញ អនុញ្ញាតឱ្យគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយដែលពួកគេបានធ្វើ។ ប៉ុន្តែដោយសារតែមានសម្ពាធពីក្រុមសង្គមស៊ីវិល ពីសហជីព និងពីក្រុមមានជំនាញវិជ្ជាជីវៈ រួមទាំងវិស័យឧស្សាហកម្មខ្នាតតូចនិងមធ្យម ខ្ញុំគិតថារដ្ឋាភិបាលនឹងនិយាយថា "យើងនឹងចាំមើលសិន ប្រសិនបើរដ្ឋសភាមិនគាំទ្រគំនិតក្នុងកិច្ចព្រមព្រៀងនេះ បន្ទាប់មកយើងនឹងមិនគាំទ្រវាដែរ”»។
ប្រទេសវៀតណាម ដែលជាអ្នកទទួលផលច្រើនពីកិច្ចព្រមព្រៀងតំបន់ប៉ាស៊ីហ្វិកនេះ ហើយកិច្ចព្រមព្រៀង TPP នេះ ត្រូវបានគេរំពឹងទុកថា នឹងទទួលបានការអនុម័តបានយ៉ាងងាយស្រួល នេះបើយោងតាមលោក Dinh Xuan Thao ជាប្រធានវិទ្យាស្ថានស្រាវជ្រាវអង្គនីតិប្បញ្ញត្តិ។
លោក Dinh បាននិយាយថា សមាជិកសភាទទួលបានព័ត៌មានអំពីកិច្ចព្រមព្រៀងនេះ ក្នុងអំឡុងពេលដំណើរការចរចា ហើយពួកគេបានឯកភាពគ្នាក្នុងរឿងនោះ ដូច្នេះវាគួរតែមានគ្មានឧបសគ្គក្នុងការអនុម័តវាទេ ប៉ុន្តែមានការព្រួយបារម្ភអំពីសិទ្ធិរបស់សហជីពកម្មករដែលគាំទ្រដោយរដ្ឋ។
ការចូលរួមរបស់ប្រទេសចិន?
លោក Nguyen Minh Thuyet អតីតសមាជិកសភាវៀតណាមបានមើលឃើញកិច្ចព្រមព្រៀង TPP នេះថា បានជួយប្រទេសវៀតណាមពង្រីកដៃគូពាណិជ្ជកម្មរបស់ខ្លួននិងកាត់បន្ថយ ការពឹងផ្អែកលើប្រទេសជិតខាងភាគជើងខាងរបស់ខ្លួនដ៏ធំ គឺប្រទេសចិន។
ការចូលរួមជាមួយ TPP ជាបំណងប្រាថ្នារបស់ប្រជាជនវៀតណាមភាគច្រើន ប៉ុន្តែលោកបាននិយាយថា វានឹងតម្រូវឱ្យមានការប្តេជ្ញាចិត្តនិងគោលនយោបាយសេដ្ឋកិច្ចដែលមានប្រសិទ្ធភាព។
ប្រទេសអូស្ត្រាលី ព្រុយណេ ម៉ិកស៊ិក ប៉េរូ និងសិង្ហបុរី ជាប្រទេសសមាជិករបស់ TPP នេះផងដែរ។ ហើយជាទូទៅ ប្រទេសទាំងនេះមានសមាជិកសភានិងរដ្ឋាភិបាល ដែលគេមើលឃើញថា មានការគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកនេះច្រើន ហើយកិច្ចព្រមព្រៀង ភាពជាដៃគូនេះត្រូវបានគេរំពឹងថា នឹងត្រូវផ្ដល់សច្ចាប័ន។
ជុំបន្ទាប់មកទៀត ត្រូវបានគេរំពឹងទុកថា នឹងឃើញមានប្រទេសផ្សេងទៀត តម្រង់ជួរដើម្បីចូលរួមកិច្ចព្រមព្រៀងTPP ដែលអាចមានប្រទេសចិន និងប្រទេសថៃ ប៉ុន្តែដែលទំនងជាងនេះ គឺប្រទេសកូឡុំប៊ី កូស្តារីកា ហុងកុង ប៉ាណាម៉ា ហ្វីលីពីន កូរ៉េខាងត្បូង និងតៃវ៉ាន់ ៕
ប្រែសម្រួលដោយ មាន ឥស្សរាយស