លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry កំពុងផ្សព្វផ្សាយអំពីផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកហៅកាត់ TPP ដែលបានស្នើឡើងដោយប្រទេស១២ជាសមាជិក ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មសាកលប្រមាណជា ៤០ ភាគរយ។
កាលពីសប្តាហ៍មុន គ្រាដែលក្រុមរដ្ឋមន្រ្តីការបរទេសជួបប្រជុំនៅរដ្ឋហាវ៉ៃ ពួកអស់លោក បានបរាជ័យក្នុងការព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP។
«ដូចការចរចាដ៏ស្មុគស្មាញដទៃទៀតដែរ ហើយខ្ញុំបានមើលការចរចានានារាប់ឆ្នាំនៅក្នុងព្រឹទ្ធសភា បានបោះឆ្នោតសម្រេចលើបញ្ហាជាច្រើននោះ ខ្ញុំសូមនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នៅមានបញ្ហាលម្អិតជាច្រើន ត្រូវចរចាគ្នាទៀត»។
នៅសាកលវិទ្យាល័យ Singapore លោករដ្ឋមន្រ្តី Kerry បានមានប្រសាសន៍ថា ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP អាចដំឡើងបទដ្ឋានលើវិស័យផ្សេងៗទៀត។
«នៅក្រោមកិច្ចព្រមព្រៀងនេះ គ្រប់សមាជិកដែលចូលរួមទាំងអស់ ត្រូវតែគោរពទៅតាមបទដ្ឋានបរិដ្ឋាន និងការងារអន្តរជាតិដ៏សំខាន់ គ្រប់សមាជិក ត្រូវតែទប់ស្កាត់មិនឲ្យមានការប្រើកម្មករមិនទាន់គ្រប់អាយុ និងទីកន្លែងធ្វើការដែលគ្មានសុវត្ថិភាព»។
អ្នកវិភាគថ្លែងថា ផលប៉ះពាល់ដោយសារតែផលប្រយោជន៍បន្ថែមនោះ អាចមានកម្រិត។
លោក Greg Poling នៃមជ្ឈមណ្ឌលយុទ្ធសាស្រ្តនិងការសិក្សាអន្តរជាតិថ្លែងថា៖
«លទ្ធភាពរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺដើម្បីឲ្យមានឥទ្ធិពលទៅលើការគោរពសិទ្ធិមនុស្សដែលមានតិចតួច។ វាមិនមែន ជាកិច្ចព្រមព្រៀងផ្នែកសិទ្ធិមនុស្សទេ»។
លោកស្រី Deborah Elms ជាអ្នកវិភាគមួយរូបនៅប្រទេសសិង្ហបុរី បានប្រាប់ VOA តាមប្រព័ន្ធ Skype ថា បើសិនជាត្រូវបានអនុវត្តនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP នឹងមានផលប៉ះពាល់យ៉ាងទូលំទូលាយទៅលើពាណិជ្ជកម្មសាកល ប៉ះពាល់ទៅពាណិជ្ជកម្មចាប់ពីឧស្សាហកម្មស្ក រហូតដល់ឱសថ។ ក៏ប៉ុន្តែ ការធ្វើឲ្យប្រទេសដែលប្រកួតប្រជែងប្រយោជន៍គ្នាព្រមព្រៀងនឹងគ្នា គឺជាបញ្ហាប្រឈមមួយ។
«បញ្ហាប្រឈមពិតប្រាកដគឺ មានប្រទេស១២ជាសមាជិក ដែលគិតអំពីប្រយោជន៍ខុសគ្នាៗ។ ជួនកាល ពួកគេគាំទ្រ ប៉ុន្តែ ជាញឹកញយ ពួកគេមិនគាំទ្រកិច្ចព្រមព្រៀងនេះទេ»។
មុនដំណើរទស្សនកិច្ច មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិក បាននិយាយថា ប្រទេសសិង្ហបុរី ហាក់ដូចជា ជាទីប្រឹក្សានៃតំបន់អាស៊ីអាគ្នេយ៍។ សហរដ្ឋអាមេរិកនិងប្រទេសសិង្ហបុរី ជាដៃគូនឹងគ្នា លើកិច្ចការមួយចំនួន ដែលក្នុងនោះ មានរួមទាំង សន្តិសុខ នឹង ពាណិជ្ជកម្មផងដែរ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់