លោក ប៊ឺនដ៍ ឆេហ្វឺ (Bernd Schaefer) អ្នកស្រាវជ្រាវគោលនយោបាយជាន់ខ្ពស់ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្តីពីគម្រោងប្រវត្តិសាស្ត្រសង្គ្រាមត្រជាក់អន្តរជាតិនៃអង្គការតាក់តែងគោលនយោបាយមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន Woodrow Wilson International Center ជឿថា កម្ពុជាអាចរលាស់ខ្លួនពីចិន និងវៀតណាម បាន ប្រសិនបើកម្ពុជាពិភាក្សាល្អជាមួយស.រ.អា ក្នុងការចូលរួមជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ហៅកាត់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មTPP។ លោកថ្លែងយ៉ាងដូច្នេះ ប្រាប់ VOA កាលពីដើមខែ គឺមុនពេលដែលលោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា អញ្ចើញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកចូលរួមក្នុងកិច្ចប្រជុំកំពូលស.រ.អា អាស៊ាននៅថ្ងៃទី១៥ និង ១៦ ខែកុម្ភៈ នេះ។
ឆ្លើយនឹងសំណួរដែលសួរថា តើលោកមើលឃើញយ៉ាងម៉េចទៅចំពោះទំនាក់ទំនងរវាង កម្ពុជានិងស.រ.អា សព្វថ្ងៃនេះ? និងថាតើបញ្ហាធ្ងន់ធ្ងរនោះ កើតឡើងនៅពេលណា ហើយហេតុអ្វីបានកើតឡើង?
លោក ប៊ឺនដ៍ ឆេហ្វឺ បានឆ្លើយថា៖
«សព្វថ្ងៃនេះទំនាក់ទំនងរវាងស.រ.អានិងកម្ពុជាពិតជាមានគម្លាតឆ្ងាយនិងមិនសូវមានការទាក់ទាញ តែទំនាក់ទំនងទូទៅមិនមានវិវាទស្ទើតែគ្រប់បញ្ហា។ សម្រាប់ ស.រ.អា លែងមានផលប្រយោជន៍ដើម្បីការការពារ ឬទម្លាក់រដ្ឋាភិបាលកម្ពុជា ដែលកំពុងកាន់អំណាចទៀតហើយ។ វាជារឿងខុសគ្នាធៀបនឹងអតីតកាល គឺថានៅពេលស.រ.អាយល់ព្រមទម្លាក់សម្តេចព្រះនរោត្តម សីហនុ ក្នុងឆ្នាំ១៩៧០ ស.រ.អា បានគាំទ្រភាគីចាញ់សង្គ្រាមក្នុងប្រទេសកម្ពុជាដឹកនាំដោយលោកសេនាប្រមុខ លន់ ណុល និងទ្រង់សិរីមតៈ។ ជាលទ្ធផលរឿងនេះ បានរុញច្រានស.រ.អា ចេញពីកម្ពុជាកាលពីខែមេសាឆ្នាំ១៩៧៥។ ទំនាក់ទំនងដែលចុះដល់កម្រិតទាប គឺក្នុងឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៩ នៅពេលដែលស.រ.អា គាំទ្រសម្ព័ន្ធមិត្តនិរទេសខ្លួនដ៏ចម្លែករវាងសម្តេចព្រះនរោត្តម សីហនុ ប៉ុល ពត និងលោក សឺន សាន ដែលវាយប្រយុទ្ធនឹងរដ្ឋាភិបាលកាន់អំណាចរបស់លោក ហ៊ុន សែន ដែលគាំទ្រដោយវៀតណាម។ ទំនាក់ទំនងដែលឈានដល់កម្រិតខ្ពស់គឺក្នុងឆ្នាំ១៩៩០ និង១៩៩១ នៅពេលដែលកម្ពុជាស្ថិតនៅលើផ្លូវឆ្ពោះទៅបើកទ្វារឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិអ៊ុនតាក់ (ក្នុងប្រទេសកម្ពុជា)»។
ហើយចំពោះសំណួរដែលVOA សួរថា តើកម្ពុជាគួរធ្វើឲ្យមានការរីកចម្រើនលើវិស័យអ្វីខ្លះ ដើម្បីធ្វើឲ្យមានទំនាក់ទំនងជាមួយនឹងស.រ.អា មានលក្ខណៈប្រសើរឡើង?
លោក ប៊ឺនដ៍ ឆេហ្វឺ បានឆ្លើយថា៖
«ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោះស្រាយបញ្ហា ជម្លោះដីធ្លីប្រកបដោយយុត្តិធម៌ និងគ្មានអំពើហិង្សា គោរពសិទ្ធិនៃក្រុមប្រឆាំងនយោបាយក្នុងប្រទេស។ បញ្ហាទាំងអស់នេះអាចនឹងបង្កើនកេរ្តិ៍ឈ្មោះកម្ពុជាក្នុងប្រទេសអាមេរិក។ ម្យ៉ាងទៀតប្រវត្តិរបស់វៀតណាម មានលក្ខណៈអាក្រក់ខ្លាំងជាងកម្ពុជាទៀតលើ ចំណុចទាំងឡាយដែលបានរៀបរាប់នោះ តែស.រ.អា មើលឃើញវៀតណាមជាដៃគូយុទ្ធសាស្ត្រកាន់តែសំខាន់ក្នុងការធ្វើឲ្យមានតុល្យភាព ជាមួយចិន ដូច្នេះហើយទំនាក់ទំនងនេះមានលក្ខណៈល្អប្រសើរ។
ដំណើរការរបស់កម្ពុជាដ៏ក្លាហានក្នុងការធ្វើឲ្យប្រសើរចំពោះទំនាក់ទំនងនិងមុខមាត់របស់ខ្លួនជាមួយស.រ.អា នឹងពង្រីកឥទ្ធិពលខ្លួនទៅវិញទៅមកចំពោះប្រទេសទាំងពីរគឺចិននិងវៀតណាម? កម្ពុជាត្រូវចាប់ផ្តើមពិភាក្សាស៊ីជម្រៅប្រកបដោយការស្ថាបនាអំពីការចូលរួមក្នុងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រ TPP ជាការពិត ប្រទេសទាំងពីរ (ចិន និងវៀតណាម) នឹងមិនចូលចិត្តទេ។ វៀតណាម និងចិនតែងតែមានឥទ្ធិពលក្នុងប្រទេសកម្ពុជា ហើយព្យាយាមរុញឲ្យកម្ពុជាដើរតាមទិសដៅរបស់ខ្លួន តែកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រ TPP អាចជួយឲ្យកម្ពុជារលាស់ខ្លួនដើម្បីទទួលបានផលចំណេញកេរ្តិ៍ឈ្មោះហើយបន្ថែមលើនេះ ប្រសិនបើការចរចា ប្រព្រឹត្តទៅល្អ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រ TPP អាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង»៕