កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ TPP (Trans Pacific Partnership) ដែលចុះហត្ថលេខាដោយប្រទេសជាប់មហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃចន្ទនេះ ត្រូវគេរំពឹងថានឹងទទួលបានការអនុម័តយ៉ាងងាយស្រួលពីសំណាក់សភាវៀតណាម ទោះជាកិច្ចព្រមព្រៀងដដែលនេះ ប្រឈមនឹងការប្រឆាំងពីសំណាក់អ្នកនៅមានការមន្ទិលសង្ស័យក្នុងសភាស.រ.អា.ក៏ដោយ។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលបំណងកាត់បន្ថយទំនិញក្នុងតារាងពន្ធគយ ព្រមទាំងដាក់ឲ្យមានស្ថង់ដាទូទៅក្នុងការធ្វើពាណិជ្ជកម្មសម្រាប់ប្រទេសពាក់ព័ន្ធ រួមមានប្រទេសវៀតណាម និងស.រ.អា.។
ពេលនេះ កិច្ចព្រមព្រៀងនេះត្រូវការការផ្តល់សច្ចានុម័តពីសំណាក់សភាក្នុងប្រទេសនីមួយៗ។ នៅក្នុងប្រទេសវៀតណាម ក្រុមមន្ត្រីនិងបណ្តាញផ្សព្វផ្សាយព័ត៌មានទទួលស្វាគមន៍យ៉ាងខ្លាំង នោះ ទំនងជានឹងទទួលបានការផ្តល់សច្ចានុម័តយ៉ាងងាយស្រួល។
លោក Dinh Suan Thao ប្រធានវិទ្យាស្ថានស្រាវជ្រាវនៃសភាបានថ្លែងថា លោករំពឹងថាវៀតណាមបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីទទួលយកកិច្ចព្រមព្រៀង TPP។ លោកថាវៀតណាមទទួលការលំបាកសម្រាប់រយៈពេលខ្លី ដើម្បីយកផលប្រយោជន៍យ៉ាងច្រើនសម្រាប់រយៈពេលវែងឆ្ងាយ។
លោកថ្លែងថា នៅមានការខ្វែងគំនិតគ្នាស្តីពីរឿងសិទ្ធិរបស់សហជីពកម្មករដែលរដ្ឋាភិបាលអនុញ្ញាតឲ្យមាន ដែលជាបញ្ហារកាំរកូសមួយ ដែលលោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ាបានលើកឡើងក្នុងអំឡុងយុទ្ធនាការរបស់លោក ដើម្បីជម្រុញឲ្យមានការធ្វើពាណិជ្ជកម្មដោយសេរីនោះ៕