ក្រុមអ្នកវិភាគបាននិយាយថា រដ្ឋបាលលោក Biden ឥឡូវនេះ កំពុងផ្តោតលើការអនុវត្តគោលដៅ របស់ខ្លួនសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក នៅពេលអ្នករៀបចំយុទ្ធសាស្រ្តសេតវិមានដែលបានផ្តួចផ្តើមគោលនយោបាយសម្រាប់តំបន់នេះ ផ្លាស់ទៅក្រសួងការបរទេស។
លោក Kurt Campbell ដែលបានបម្រើការជាអ្នកសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់ ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានផ្តួចផ្តើមយុទ្ធសាស្រ្តដែលជំរុញសម្ពន្ធមិត្តនិងដៃគូឱ្យសហការលើបញ្ហាប្រឈមនានានៅក្នុងតំបន់ រួមមានការទប់ទល់នឹងការកើនឡើងអតុល្យភាពរបស់ប្រទេសចិន និងផលប៉ះពាល់ពីការគំរាមកំហែងរបស់កូរ៉េខាងជើង។ លោកចូលកាន់តំណែងថ្មីនៅក្រសួងការបរទេស។
លោកចូលកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលនៅទំនេរតាំងពីខែកក្កដា នៅពេលដែល អ្នកស្រី Wendy Sherman ចូលនិវត្តន៍។ ព្រឹទ្ធសភាបានបោះឆ្នោតជ្រើសតាំងលោក Campbell នៅថ្ងៃទី ៦ ខែកុម្ភៈ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានតែងតាំងលោកឱ្យកាន់តំណែងនេះកាលពីខែវិច្ឆិកា។
តំណែងរបស់លោក Campbell ជាអ្នកសម្របសម្រួលកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នឹងត្រូវទុកចោល នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Financial Times នៅថ្ងៃទី ៦ ខែកុម្ភៈ។
អ្នកជំនាញបាននិយាយថា បើសិនរដ្ឋបាលលោក Biden មិនបំពេញតំណែងមន្ត្រីកិច្ចការឥណ្ឌូប៉ាស៊ីហ្វិកទេ នោះវាបង្ហាញសញ្ញាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឥឡូវនេះកំពុងផ្តោតលើការអនុវត្តយុទ្ធសាស្ត្រដែលលោកបានកំណត់រួចហើយ។
លោក Daniel Russel ដែលបានបម្រើការជាឧបការីរដ្ឋមន្ត្រីការបរទេសសម្រាប់កិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងអំឡុងរដ្ឋបាលលោក អូបាម៉ា បាននិយាយថា៖ «គំនិតផ្តួចផ្តើមសំខាន់ៗដូចជាយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក និងកិច្ចប្រជុំកំពូល Camp David ជាលទ្ធផលនៃការសម្រេចចិត្តរបស់រដ្ឋបាល Biden ដើម្បីបង្កើតតំណែងថ្មីសម្រាប់អ្នកសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក»។
«ក្រោយពីគំនិតផ្តួចផ្តើមទាំងនោះ និងគំនិតផ្តួចផ្តើមផ្សេងទៀតត្រូវបានចាប់ផ្តើម ហើយការសម្របសម្រួលអន្តរទីភ្នាក់ងារស្តីពីគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិកបានពេញលក្ខណៈរួចរាល់អស់ហើយ កិច្ចប្រឹងប្រែងរបស់រដ្ឋបាលក្នុងការអនុវត្ត ហើយនឹងសេចក្តីត្រូវការតំណែង «អ្នកសម្របសម្រួល» នៅក្នុងសេតវិមាន បានថមថយវិញ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Russel តាមសារអ៊ីមែលនៅថ្ងៃទី ១៣ ខែកុម្ភៈ។ លោកជាអនុប្រធានផ្នែកសន្តិសុខអន្តរជាតិ និងការទូតនៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី។
លោក Biden បានតែងតាំងលោក Campbell ជាអ្នកសម្របសម្រួលសេតវិមានឥណ្ឌូប៉ាស៊ីហ្វិកកាលពីខែមករា ឆ្នាំ ២០២១។ ការបង្កើតមុខតំណែងថ្មីបានកើតឡើងចំពេលដែលភាពគគ្លើនរបស់ចិនកាន់តែកើនឡើងនៅក្នុងតំបន់។
លោក Campbell បានដើរតួនាទីយ៉ាងសំខាន់ក្នុងជំនួបរវាងមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន នៅក្នុងកិច្ចប្រជុំកំពូលជាមួយសហរដ្ឋអាមេរិកនៅ Camp David ក្នុងខែសីហា។ ប្រទេសទាំងពីរបានយកគំនុំជាប្រវត្តិសាស្ត្ររបស់ពួកគេ ទុកមួយឡែក ហើយបានយល់ព្រមធ្វើការរួមគ្នាប្រឆាំងនឹងភាពគគ្លើនក្នុងតំបន់របស់ប្រទេសចិន និងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។
លោក Campbell បានដឹកនាំការបើកកិច្ចប្រជុំក្រុមប្រឹក្សានុយក្លេអ៊ែរដែលបានធ្វើឡើងនៅក្នុងខែកក្កដាក្នុងទីក្រុងសេអ៊ូល ដើម្បីពង្រឹងសម្ពន្ធភាពទ្វេភាគី និងធានាឡើងវិញចំពោះកូរ៉េខាងត្បូងអំពីការទប់ទល់របស់សហរដ្ឋអាមេរិកចំពោះការគំរាមនុយក្លេអ៊ែរនៅក្នុងតំបន់។
លោកក៏បានកែប្រែកិច្ចព្រមព្រៀងអន្តរតំបន់ក្រៅផ្លូវការដែលហៅថា QUAD ក្នុងចំណោមប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិកក្នុងខែមីនា ឆ្នាំ២០២១ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពជាដៃគូសន្តិសុខត្រីភាគីក្នុងចំណោមប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងសហរដ្ឋអាមេរិក ឬ AUKUS កាលពីខែកញ្ញា ឆ្នាំ ២០២១។ ចិនចាត់ទុកសម្ពន្ធមិត្តទាំងពីរថាជាសម្ពន្ធភាពសន្តិសុខដែលគំរាមកំហែងដល់កំណើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់។
លោក Patrick Cronin ប្រធានសន្តិសុខអាស៊ីប៉ាស៊ីហ្វិកនៅវិទ្យាស្ថាន Hudson បាននិយាយតាមរយៈអ៊ីមែលកាលពីថ្ងៃអង្គារថា៖ «តួនាទីស្នូលរបស់លោក Campbell ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះក្នុងការកំណត់យុទ្ធសាស្រ្តដើម្បីប្រកួតប្រជែង ដើម្បីសហប្រតិបត្តិការ និងការប្រឈមមុខជាមួយប្រទេសចិន នាំឱ្យមានមាគ៌ាច្បាស់លាស់មួយសម្រាប់ ចូលរួមជាមួយសម្ពន្ធមិត្ត និងដៃគូ ក្នុងការដោះស្រាយជាមួយចិន និងជួយសហរដ្ឋអាមេរិកចរចាដោយមានទម្ងន់»។
លោក Cronin បានបន្តទៀតថា៖ «អវត្តមានរបស់លោកជាអ្នកសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វិកនឹងត្រូវបានកាត់បន្ថយយ៉ាងខ្លាំងដោយសារវត្តមានរបស់លោកនៅក្រសួងការបរទេស និងក្រុមឆ្នើមដែលលោកបានបន្សល់ទុកនៅសេតវិមានដើម្បីជួយអនុវត្តចក្ខុវិស័យដែលលោកបានជួយបង្កើតឡើងនោះ»។
ប៉ុន្តែក្តីបារម្ភនៅតែមានចំពោះមុខតំណែងទំនេរសម្រាប់តំបន់ដែលពោរពេញទៅដោយការគំរាមកំហែងដែលកាន់តែកើនឡើងពីកូរ៉េខាងជើង និងទង្វើគាបសង្កត់ដោយប្រទេសចិន។ នេះបើយោងតាមអ្នកវិភាគមួយចំនួន។
លោក Dennis Wilder នាយកជាន់ខ្ពស់សម្រាប់អាស៊ីបូព៌ានៅក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមានក្នុងអំឡុងរដ្ឋបាលលោក George W. Bush បាននិយាយតាមរយៈអ៊ីមែលថា៖ «រដ្ឋបាលលោក Biden គួរតែពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនដើម្បីមិនទុកតំណែងនេះ នៅពេលមានភាពមិនច្បាស់លាស់ច្រើនអំពីចេតនារបស់កូរ៉េខាងជើងនិងចិន»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បាននិយាយកាលពីថ្ងៃទី ១៥ ខែកុម្ភៈថា ប្រទេសនេះបានសាកល្បងកាំជ្រួចថ្មីបាញ់ពីដីទៅសមុទ្រ ក្រោមការគ្រប់គ្រងរបស់មេដឹកនាំ Kim Jong Un កាលពីមួយថ្ងៃមុន។ នេះជាការបាញ់សាកល្បងកាំជ្រួចចេញពីនាវាលើកទីប្រាំរបស់របបនេះនៅឆ្នាំនេះ ខណៈដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងគំរាមចាត់វិធានការយ៉ាងខ្លាំងក្លាប្រឆាំងនឹងកូរ៉េខាងត្បូង។
ប្រទេសចិនបន្តរករឿងប្រទេសជិតខាងរបស់ខ្លួននៅសមុទ្រចិនខាងត្បូងដោយធ្វើសមយុទ្ធដែនសមុទ្រដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើដែនសមុទ្រដែលមានជម្លោះ។
ក្រៅពីបញ្ហាសន្តិសុខ លោក Wilder ដែលបច្ចុប្បន្នជាអ្នកស្រាវជ្រាវជាន់ខ្ពស់សម្រាប់គំនិតផ្តួចផ្តើមសម្រាប់កិច្ចសន្ទនាអាមេរិក-ចិនលើបញ្ហាសកលនៅសាកលវិទ្យាល័យ Georgetown បាននិយាយថា៖ «អាទិភាពចម្បងដែលមិនត្រូវបានបំពេញនៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់លោកBiden គឺគោលនយោបាយពាណិជ្ជកម្ម»។
លោក Wilder បាននិយាយតាមអ៊ីមែលកាលពីថ្ងៃទី ១៤ ខែកុម្ភៈថា៖ «ការប៉ុនប៉ងរបស់ក្របខណ្ឌ ឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដើម្បីដោះស្រាយបញ្ហានេះត្រូវបានជាប់គាំងដោយការប្រឆាំងពីសភា ដែលបារម្ភអំពីគោលនយោបាយការងារ សិទ្ធិមនុស្ស និងការប្រែប្រួលអាកាសធាតុរបស់ប្រទេសជាដៃគូ។ រដ្ឋបាលនេះត្រូវតែរកវិធីដើម្បីធ្វើឱ្យមានតុល្យភាពនៃសម្ពន្ធភាពសន្តិសុខដ៏រឹងមាំ និងភាពជាដៃគូជាមួយនឹងសំណុំនៃគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយប្រសិទ្ធភាពផងដែរ»។
ក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក (IPEF) មានសសរស្តម្ភបួន៖ ពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត ការកាត់បន្ថយឧស្ម័នកាបូនិកនិងហេដ្ឋារចនាសម្ពន្ធ និងពន្ធដារ និងការប្រឆាំងអំពើពុករលួយ។ លោក Biden បានបើកដំណើរការ IPEF នៅទីក្រុងតូក្យូក្នុងខែឧសភា ឆ្នាំ ២០២២ ដើម្បីកំណត់ស្តង់ដាររួមប្រកបដោយនិរន្តរភាពក្នុងចំណោមប្រទេសក្នុងតំបន់។ ដៃគូ IPEF ដែលរួមមានកូរ៉េខាងត្បូង និងជប៉ុន មានទំហំសេដ្ឋកិច្ចពិភពលោកដល់ទៅ ៤០ ភាគរយ។
ប្រទេសចិនដែលមិនមែនជាសមាជិក IPEF ចាត់ទុក IPEF ថាជាកិច្ចប្រឹងប្រែងគ្មានប្រសិទ្ធភាពដើម្បីកាត់បន្ថយឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន។ លោក He Weiwen អ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់កិច្ចការប្រទេសចិន និងសកលភាវូបនីយកម្ម បានប្រាប់ Global Times ក្នុងឆ្នាំ២០២៣ ថា៖ «IPEF មិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬសហគមន៍សេដ្ឋកិច្ចទេ។ វាគ្រាន់តែជាក្របខណ្ឌមួយ មានន័យថាវានឹងគ្មានប្រសិទ្ធភាពពិតប្រាកដទេ»៕
វេទិកាបញ្ចេញមតិ