ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin និង​លោក Xi បញ្ជាក់​ឡើង​វិញ​ពី​ចំណងទាក់ទង​រឹងមាំ និង​ច្រានចោល ​«ការជ្រៀតជ្រែក​របស់​សហរដ្ឋ​អាមេរិក»


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ជួបគ្នា​អំឡុង​ពិធីស្វាគមន៍​វេទិកា​គម្រោងខ្សែក្រវ៉ាត់ពាណិជ្ជកម្មចិនកាលពីថ្ងៃទី​១៧ តុលា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ជួបគ្នា​អំឡុង​ពិធីស្វាគមន៍​វេទិកា​គម្រោងខ្សែក្រវ៉ាត់ពាណិជ្ជកម្មចិនកាលពីថ្ងៃទី​១៧ តុលា ឆ្នាំ២០២៣។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​គ្នា​តាមទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​អ្នកទាំងពីរ​បាន​បញ្ជាក់​ឡើងវិញ​ពី​ចំណង​ទាក់ទង​ការទូត​ដ៏​រឹងមាំ​របស់​ប្រទេស​ទាំងពីរ ខណៈដែល​ពួកគេច្រានចោល​អ្វី​ដែល​មេដឹកនាំ​ទាំងពីរ បាន​ហៅ​ថា«ការជ្រៀតជ្រែក​របស់​សហរដ្ឋ​អា មេរិក»នៅ​ក្នុង​កិច្ចការ​របស់​ប្រទេស​ផ្សេង​ទៀត។ នេះ​បើ​តាមសម្តីរបស់​រដ្ឋាភិបាល​រុស្ស៊ី។

មេដឹកនាំ​ទាំងពីរក៏​បាន​ពិភាក្សា​អំពី​ការបង្កើត«សណ្តាប់ធ្នាប់​ពិភពលោក ដែលមាន​ប្រទេស​ជាមហា​អំណាច​ច្រើន​និង​កាន់តែ​យុត្តិធម៌​ឡើង» និងអំពីវិធីបន្ត​រក្សា«ទាក់ទង​ឱ្យ​ជិតស្និទ្ធ»នៅ​ថ្ងៃ​អនាគត។ នេះ​បើ​តាមសម្តី​លោក Yury Ushakov អ្នក​ជំនួយការ​រដ្ឋាភិបាល​រុស្ស៊ីក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

រុស្ស៊ី​និង​ចិន​បាន​ប្រកាស «ភាព​ជា​ដៃគូ​គ្មាន​ព្រំដែន» កាលពីពីរឆ្នាំ​មុន​ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក Putin ទៅកាន់​ទីក្រុង​ប៉េកាំង។ ទស្សនកិច្ច​នោះ​បាន​កើតមាន​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​រុស្ស៊ី​ចាប់ផ្តើម​វាយ​ប្រហារ​លើ​ប្រទេស​អ៊ុយ ក្រែន។ លោក Ushakov បាន​និយាយ​ថា​គ្មានផែនការ​នៅ​ពេល​ឥឡូវ​នេះ​សម្រាប់​ទស្សនកិច្ច​នៅពេល​ខាង​មុខ​ទេ។ មេដឹកនាំ​ទាំងពីរក៏​បាន​ធ្វើ​ការចរចា​ដោយផ្ទាល់​ ២ លើក​កាលពី​ឆ្នាំ​ទៅដែរ។

ការសន្ទនា​តាម​ទូរស័ព្ទ​កើត​មាន​ឡើង​ នៅពេល​ដែល​ប្រទេស​ទាំងពីរបាន​ប្រឈម​ការ ដាក់​ទណ្ឌកម្ម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ។ សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ការជាប់ទាក់ទិន​ការរំលោភ​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច Uyghur កាន់​សាសនា​អ៊ីស្លាម​នៅ​ក្នុង​ខេត្ត Xinjiang នៃ​ប្រទេស​ចិន។ រុស្ស៊ី​បាន​រងការដាក់​ទណ្ឌកម្ម​ចំពោះ​ការឈ្លានពាន​របស់​ខ្លួន​កាលពី​ខែ​កុម្ភៈ ឆ្នាំ២០២២ លើ​ប្រទេស​អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​បាន​បញ្ជាក់​ថា ​មេដឹកនាំ​ទាំងពីរបាន​និយាយ​អំពី​ចំណង​ទាក់ទង​សេដ្ឋកិច្ច​ដែល​កំពុង​រីកដុះដាល​របស់​ខ្លួន​ដោយ​ទំនាក់​ទំនង​រវាង​ចិន​និង​រុស្ស៊ី​ដែល​បាន «ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន»។

ទិន្ន័យ​គយ​ចិន​បង្ហាញ​ថាពាណិជ្ជកម្ម​រវាង​ចិន​និង​រុស្ស៊ី​បាន​ឡើង​ដល់ ២១៨,២ ពាន់​លាន​ដុល្លារ​រវាង​ខែ​មករា​ និង​វិច្ឆិកា​នៃ​ឆ្នាំ ២០២៣ ដែល​បាន​សម្រេច​គោលដៅ​ដែល​បាន​កំណត់​កាលពី​មុន​សម្រាប់​ឆ្នាំ ២០២៤ នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បន្ថែម​ពី​នេះ កាលពី​ឆ្នាំ​ទៅ​រុស្ស៊ីបាន​នាំមុខ​ប្រទេស​អារ៉ាប់ប៊​សាអូឌីត​ជា​អ្នក​ផ្គត់ផ្គង់​ប្រេង​ឆៅ​ទៅ​ឱ្យ​ប្រទេស​ចិន ដោយ​បាន​សង្កត់​ពី​ចំណង​ទាក់ទង​ថាមពល​កើនឡើង​របស់​ប្រទេស​ទាំងពីរ នៅពេល​ដែល​ប្រទេស​នានា​នៅ​អឺរ៉ុប​ស្វែងរក​ថាមពល​ពី​ប្រភពផ្សេង​នៅពេល​មាន​ការដាក់​ទណ្ឌកម្ម។

លោក Ushakov បាន​ថ្លែងនៅ​ក្នុង​សន្និសីទ​កាសែត​ថា​ចិន​និង​រុស្ស៊ី​កំពុង​របៀបចំ​ផែនការ​ដើម្បី​បន្ត​គម្រោង​ថាមពល​រួម​គ្នា​នៅ​ឆ្នាំ​នេះ។ លោក​បាន​បន្ថែម​ទៀត​ថា ​លោក Putin និង​លោក Xi បាន​និយាយ​អំពី «ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដែល​ធ្វើ​ឱ្យ​ប្រាកដ​ពី​ការ​ទូទាត់​ប្រាក់​ដែល​អាច​ទុកចិត្តបាន»។ ប្រទេស​ទាំងពីរបាន​បង្កើន​ពាណិជ្ជកម្ម​ដោយ​ប្រើ​ប្រាក់​រូប​រុស្ស៊ី​និង​ប្រាក់​យាន់​របស់​ចិន។

ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សាអំពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​និង​ការកើនឡើង​នៃ​ជម្លោះ​នៅ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា។

លោក Ushakov បាន​និយាយ​ថា រុស្ស៊ី​ក៏​គាំទ្រ​គោលនយោបាយរបស់​ប្រទេស​ចិន​ចំពោះតៃវ៉ាន់ដែរ។

បណ្តាញ​ផ្សាយព័ត៌មាន​រដ្ឋ​ចិន​បាន​ចេញ​អត្ថាធិប្បាយ​ប្រហាក់​ប្រហែល​គ្នា​ដោយ​បាន​រាយការណ៍​ថា​លោក Xi បាន​ប្រាប់​លោក Putin ថា ​ប្រទេស​ទាំងពីរត្រូវ​បន្ត​ទាក់ទង​យុទ្ធសាស្ត្រ​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​សន្តិសុខ​ ហើយ​នឹង​ប្រឆាំង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ទាំងពីរមកពីខាងក្រៅ។

បណ្តាញ​ផ្សាយព័ត៌មាន​រដ្ឋ​ចិន​ក៏​បាន​ដកស្រង់​សម្តី​លោក Xi មក​ចុះផ្សាយ​ថា​ ចិន​និង​រុស្ស៊ី​បាន«ឆ្លង​កាត់​ព្យុះ​ជា​ច្រើន​ជាមួយ​គ្នា»៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង AFP។

ប្រែសម្រួលដោយលោក ជឹង ប៉ូជីន

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG