មន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកនឹងមិនជូនដំណឹងដោយផ្ទាល់មាត់ដល់សមាជិកសភាអំពីការគំរាមកំហែងចំពោះការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះទេ ដោយបានបញ្ជាក់ប្រាប់សមាជិកសភាថា ការជូនដំណឹងដោយផ្ទាល់មាត់នៅក្នុងសភាដូចនេះបានបណ្ដាលឲ្យលេចធ្លាយ «ព័ត៌មានសម្ងាត់» និងការយកព័ត៌មានទាំងនោះទៅធ្វើនយោបាយ។
មន្ត្រីការិយាល័យរបស់នាយកស៊ើបការណ៍សម្ងាត់ជាតិបានជូនដំណឹងដោយផ្ទាល់មាត់ដល់សមាជិកសភា និងគណៈកម្មាធិការសភាសំខាន់ៗអំពីការផ្លាស់ប្ដូរនេះកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយបាននិយាយថា ព័ត៌មានសម្ងាត់អំពីការគំរាមកំហែងចំពោះការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខនេះ នឹងនៅតែផ្ដល់ជូនដដែល ប៉ុន្តែក្នុងទម្រង់ផ្សេង។
មន្ត្រីម្នាក់នៃការិយាល័យរបស់នាយកស៊ើបការណ៍សម្ងាត់ជាតិបានប្រាប់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «យើងប្ដេជ្ញាបំពេញកាតព្វកិច្ចរបស់យើងតាមច្បាប់ និងជូនដំណឹងដល់សភាឲ្យបានពេញលេញ និងទាន់សភាពការណ៍»។
មន្ត្រីរូបនេះបានបញ្ជាក់បន្តថា៖ «ដើម្បីភាពច្បាស់លាស់ និងការការពារព័ត៌មានសម្ងាត់មិនឲ្យលេចធ្លាយដោយគ្មានការអនុញ្ញាត យើងនឹងជូនដំណឹងដល់សភាជាចម្បងតាមរយៈទម្រង់ជាលាយលក្ខណ៍អក្សរ»។
មន្ត្រីរូបនេះបានបន្ថែមថា៖ «យើងមានការព្រួយបារម្ភអំពីការបញ្ចេញព័ត៌មានសម្ងាត់ដោយគ្មានការអនុញ្ញាត បន្ទាប់ពីយើងបានជូនដំណឹងដោយផ្ទាល់មាត់អំពីព័ត៌មានសម្ងាត់នានាដល់សភាកាលពីពេលថ្មីៗនេះ»។
លិខិតដែលមានបញ្ជាក់អំពីហេតុផលបន្ថែមសម្រាប់ការផ្លាស់ប្ដូរនេះក៏ត្រូវបាននាយកការិយាល័យស៊ើបការណ៍សម្ងាត់ជាតិលោក John Ratcliffe ផ្ញើជូនសមាជិកសភាកាលពីថ្ងៃសៅរ៍ម្សិលមិញផងដែរ។
ការផ្លាស់ប្ដូរដែលបានធ្វើឡើងមុនការបោះឆ្នោតចូលមកដល់នៅក្នុងពេលតែជាងពីរខែទៀតនេះ បានបង្កឲ្យមានការខឹងសម្បារភ្លាមៗពីសមាជិកសភាកំពូលៗខាងគណបក្សប្រជាធិបតេយ្យ ដែលបានចោទប្រកាន់ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិថាបានក្បត់កាតព្វកិច្ចរបស់ខ្លួនចំពោះសមាជិកសភា និងសាធារណជនទូទៅ។
លោក Adam Schiff ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភា និងអ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភា បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «នេះគឺជាការបោះបង់ចោលដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនូវកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនក្នុងការជូនដំណឹងទាន់សភាពការណ៍ដល់សភា និងជាការក្បត់សិទ្ធិរបស់សាធារណជននៅក្នុងការដឹងអំពីវិធីដែលមហាអំណាចបរទេសព្យាយាមបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក»៕