ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump សរសើរ​បុគ្គលិក​សុខាភិបាល និង​រិះគន់​គូប្រជែង​ក្នុង​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​អនុប្រធានាធិបតី Mike Pence ឈរ​នៅ​លើ​ឆាក​ក្នុង​ថ្ងៃទី១​នៃ​សន្និបាត​ថ្នាក់​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ កាលពី​ថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​អនុប្រធានាធិបតី Mike Pence ឈរ​នៅ​លើ​ឆាក​ក្នុង​ថ្ងៃទី១​នៃ​សន្និបាត​ថ្នាក់​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ កាលពី​ថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២០។

កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានបញ្ចូលព័ត៌មានថ្មី។

នៅ​ក្នុង​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​កាលពី​យប់​ថ្ងៃ​ចន្ទ​ ទី​២៤ ខែ​សីហា លោក​ប្រធានាធិបតី Donald Trump បាន​បង្ហាញ​សញ្ញា​ឱ្យ​ឃើញ​ថា ការ​ការពារ​វិធី​របស់​លោក​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ គឺ​ពិតជា​សំខាន់​នៅ​ក្នុង​ការ​ឈ្នះ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​ពីរ។

នៅ​យប់​ទី​មួយ​នៃ​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ ដែល​ផ្សាយ​តាម​ទូរទស្សន៍​ទូទាំង​ប្រទេស​នេះ គេ​ឃើញ​លោក Trump ស្វាគមន៍​បុគ្គលិក​សុខាភិបាល​នៅ​សេតវិមាន ដែល​អ្នក​ទាំង​នោះ​ បាន​កោត​សរសើរ​វិធានការ​របស់​លោក​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។ ការ​សរសើរ​របស់បុគ្គលិក​ពេទ្យ​ទាំង​នេះ​ ​គឺមិន​ស្រប​នឹង​ទស្សនៈរបស់​ពលរដ្ឋ​អាមេរិក​ជា​ច្រើននាក់​នោះ​ទេ។

ថែ្លង​ទៅ​កាន់​ក្រុមបុគ្គកលិក​សុខាភិបាលទាំង​នោះ លោក​ Trump បាន​លើក​ឡើង​ថា​ «យើង​ត្រូវ​កម្ចាត់​នូវ​វីរុស​ចិន​នេះ» ដែល​ហាក់​ដូច​ជា​ទទួល​ស្គាល់ថា​ ការ​រាតត្បាត​នៃជំងឺ​កូវីដ១៩ ​អាច​ជា​ការ​គំរាមកំហែង​ដល់​ការ​ជាប់ឆ្នោត​ជា​ថ្មី​ក្នុង​អាណត្តិ​ទី២​របស់​លោក។ ​ក្នុង​ពេល​នោះ​ មិន​មាន​បុគ្គលិក​ពេទ្យ​ណា​ម្នាក់​ ​បានពាក់​ម៉ាស់​ការពារ​ និង​មិន​បាន​ឈរ​នៅឆ្ងាយ​ពី​គ្នា​ តាមការ​ផ្តល់​យោបល់​ពី​អ្នក​ជំនាញ​សុខភាព​នោះ​ទេ។

លោក Trump ក៏​យក​ឱកាស​នេះ​ វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រជាធិបតេយ្យ​ផង​ដែរ។ លោក​បាន​លើក​ឡើង​ថា ផ្លូវ​តែមួយ​គត់ ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​អាច​យក​ឈ្នះ​លើ​រូប​លោក​បាន​ គឺ​តាម​រយៈ​ការ​បោះឆ្នោត​ដែល​មាន​ការ​លួច​បន្លំ តាមរយៈ​ការ​ប្រើ​សន្លឹកឆ្នោត​ដែល​ផ្ញើ​ទៅ​កាន់​អ្នក​បោះឆ្នោត។ លោក Trump បាន​និយាយ​ដោយ​គ្មាន​ភស្តុតាង​ថា៖ «ពួកគេ​ព្យាយាម​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ»។

លោក​ក៏​បាន​រិះ​គន់​ផងដែរ​ថា៖ «គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​សន្និបាត​ដ៏​ងងឹត​ងងុល ពោរពេញ​ដោយ​កំហឹង និង​អួរអាប់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក»។ លោក​បាន​ចោទប្រកាន់​គណបក្ស​ប្រជាធិបតេយ្យ​ថា​ បាន «រិះគន់​សហរដ្ឋអាមេរិក​ថា ​ជា​ប្រទេស​ដ៏​អាក្រក់​ដែល​រើសអើង​ជាតិ​សាសន៍ ដែល​ត្រូវតែ​ជួយ​សង្គ្រោះ»។

ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សន្និបាត​គណបក្ស​សាធារណរដ្ឋ​នេះ​ផងដែរ ក្រុម​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ផ្សាយ​វីដេអូ​ដែល​មាន​សារ​ឌឺដង​ ដូច​ដែល​ក្រុម​សាធារណរដ្ឋ​បាន​ឌឺដង​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​សប្តាហ៍​មុន​ដែរ។

សារ​វីដេអូ​ក្រុម​ប្រជាធិបតេយ្យ​នោះថា សន្និបាត​គណបក្ស​សាធារណរដ្ឋជា «ចលាចល» ដោយ​សារ​លោក​ Trump មិន​មាន​សមត្ថភាពទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដោយ​ធ្វើ​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​ជាតិ​ ​ហើយ​សិស្សានុសិស្ស​និង​គ្រូ​បង្រៀន​ត្រូវ​រក​ដំណោះស្រាយ​ដោយ​ខ្លួន​ឯង។​

នៅ​ក្នុង​ការធ្វើ​សន្និបាត​គណបក្ស​សាធារណរដ្ឋ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​ជួប​ក្រុម​បុគ្គលិក​ពេទ្យមក ​នៅ​សាល​ការទូត​ក្នុង​សេតវិមាន លោក​ត្រាំ​ ក៏បាន​ស្វាគមន៍​ពលរដ្ឋ​អាមេរិកមួយ​ចំនួន ដែល​ត្រូវ​បាន​ដោះ​លែងពី​ពន្ធនាគារ​នៅ​ក្រៅ​ប្រទេស​ដោយ​សារ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ការទូត​ ក្នុង​អំឡុង​ពេល​នៃ​ការ​ដឹកនាំ​របស់​លោក​ក្នុង​អាណត្តិទី១​នេះ៕

ព័ត៌មានថ្មី៖ វីអូអេ ទើបតែបញ្ចូលព័ត៌មានថ្មី នៅកថាខណ្ឌទី២ ទី៣ ទី៦ ទី៧ និងទី៨។

XS
SM
MD
LG