បាតុកររាប់រយនាក់ បានប្រជុំគ្នាតវ៉ានៅជុំវិញសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីយប់ថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងស្រែកបំពងសំឡេង និងរាំច្រៀងឲ្យឮខ្លាំងជាងសុន្ទរកថាទទួលការតែងតាំងជាផ្លូវការរបស់លោកប្រធានាធិបតី Donald Trump ជាបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ ដែលបានប្រព្រឹត្តធ្វើនៅក្នុងសេតវិមាននៅពេលនោះ។
មេដឹកនាំម្នាក់នៃក្រុមតន្ត្រី TOB របស់រដ្ឋធានីវ៉ាស៊ីនតោន បានស្រែកនៅជិតពិធីក្នុងសេតវិមានថា «ខ្ញុំសង្ឃឹមថា លោកឮសំឡេងពួកយើង លោក Trump»។ ក្រុមបាតុករក៏បានចាក់ភ្លេង Go-Go ដែលជាភ្លេងប្រភេទ Funk ខណៈដែលពួកគេហែក្បួនទៅកាន់សេតវិមាន ដែលនៅទីនោះ លោកប្រធានាធិបតី Trump ថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមប្រមាណ១.៥០០ ដែលអង្គុយជិតគ្នានៅយប់ចុងក្រោយនៃសន្និបាតជាតិគណបក្សសាធារណរដ្ឋ ពេលលោកទទួលការតែងតាំង។
ដោយទទួលស្គាល់ថា ពេលនេះកំពុងមានការរាតត្បាតនៃជំងឺកូវីដ១៩ ក្រុមបាតុករបានពាក់ម៉ាស់ ប៉ុន្តែគេមិនបានរក្សាគម្លាតពីគ្នាទេ។
បាតុករម្នាក់ បានកាន់ស្លាកដែលសរសេរថា«សុបិនអាក្រក់នៅបណ្តោយមហាវិថី Pennsylvania» ដែលសំដៅទៅលើផ្លូវដែលសេតវិមានស្ថិតនៅ។
គេមិនដឹងថាតើលោកប្រធានាធិបតី Trump បានឮសំឡេងរបស់ក្រុមបាតុករដែរឬទេ ប៉ុន្តែមានពេលខ្លះគេឃើញអ្នកចូលរួមក្នុងពិធីនៅសេតវិមានបានងាកចុះឡើងដើម្បីរកមើលប្រភពនៃសំឡេងខ្លាំងៗ៕