ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​កំពូល​សុខាភិបាល​អាមេរិក​ថា នឹង​មាន​ការ​ប្រយុទ្ធ​ដ៏​​​​លំបាក​នៅ​ពេល​ខាង​មុខ​​ប្រឆាំង​នឹង​​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង


រូបឯកសារ៖​ អ្នក​ថ្មើរជើងតំរង់​ជួរ​ចាំ​ធ្វើតេស្ត​កូវីដ១៩ នៅ​ក្បែរ​បរិវេណ​សាកលវិទ្យាល័យ New York ក្នុង​ទីក្រុង New York ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១។ (AP)
រូបឯកសារ៖​ អ្នក​ថ្មើរជើងតំរង់​ជួរ​ចាំ​ធ្វើតេស្ត​កូវីដ១៩ នៅ​ក្បែរ​បរិវេណ​សាកលវិទ្យាល័យ New York ក្នុង​ទីក្រុង New York ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១។ (AP)

ក្រុម​មន្ត្រី​កំពូល​សុខាភិបាល​សហរដ្ឋ​អាមេរិក​ពីរ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋ​អាមេរិក​នឹង​ប្រឈម «បី​បួន​សប្តាហ៍​ដ៏​លំបាក»​ នៅ​ពេល​ខាង​មុខ​ក្នុង​ការទប់ស្កាត់​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​អូមីក្រុង (Omicron) ខណៈវីរុស​នេះ​ក៏​កំពុង​នាំឱ្យ​មានការកើន​ឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​នៅ​ទូទាំង​ពិភពលោក។

លោក​វេជ្ជបណ្ឌិត Francis Collins នាយក​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​ដែល​នឹង​ចូល​និវត្តន៍​បាន​ប្រាប់​កម្មវិធី​ «Fox News Sunday»​ ថា «យើង​កំពុង​ស្ថិត​នៅ​ក្នុងស្ថានភាពមាន​បញ្ហា​ធ្ងន់ធ្ងរនៅ​ក្នុង​រយៈ​ពេល​បីបួន​សប្តាហ៍​ខាង​មុខ​ទៀត​នេះ។ វីរុស​នោះ​បានបង្ក​បញ្ហា​ដែល​យើង​មិន​បានរំពឹង​ទុក​មុន»។

លោក​បាន​និយាយ​ទៀត​ថា ពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន​ ៥០​លាន​នាក់ នៅតែ​មិន​ទាន់​ចាក់​វ៉ាក់សាំង​ដែលនេះ​លោក​វេជ្ជបណ្ឌិត Collins បាន​ពណ៌នា​ថា​ជា «បញ្ហា​ដែល​ខ្ញុំ​មាន​ការ​រកាំចិត្ត​យ៉ាង​ខ្លាំង»។

បន្ថែម​ពីនោះ​ទៀត ពលរដ្ឋ​រាប់លាន​នាក់​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី១​រួច​ក៏​នៅ​តែមិន​ទាន់​ទទួលបាន​ការ​ចាក់​ដូស​ជំរុញ​នៅឡើយ​ដែលអ្នក​ជំនាញ​សុខាភិបាល និយាយ​ថា ដូស​ជំរុញ​នេះចាំបាច់​សម្រាប់​បង្កើន​ការ​ការពារទប់ទល់​នឹង​វីរុស​អូមីក្រុង។

លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​កំពូល​និង​ជា​ទីប្រឹក្សា​ខាង​វេជ្ជសាស្ត្រ​កំពូល​របស់​លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​នៅ​ក្នុង​កម្មវិធី «State of the Union» របស់ទូរទស្សន៍ CNN ថា៖ «ប្រសិន​បើ​លោក​អ្នក​ចង់​បាន​ការ​ការពារ​ខ្លាំង លោកអ្នក​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ»។

លោក​ប្រធានាធិបតី Biden គ្រោង​ថ្លែង​សន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ដើម្បី​ប្រកាស​ថា​តើ​រដ្ឋាភិបាល​អាមេរិក​មាន​ផែនការ​យ៉ាង​ណាដើម្បីឆ្លើយតបនឹងការ​កើនឡើង​នូវ​ករណី​ឆ្លងដែល​បណ្តាល​មកពី​វីរុស​បំប្លែង​ខ្លួន​អូមីក្រុង៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ដក​ស្រង់​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន AFP, AP, និង Reuters។

XS
SM
MD
LG