អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទំនងជាធ្លាក់ចុះប្រសិទ្ធិភាពបន្តិចនៅក្នុងការបង្ការការឈឺធ្ងន់ធ្ងរនិងការស្លាប់ ប៉ុន្តែនៅតែមាន«កម្រិតការការពារខ្ពស់»។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា វីរុសបំប្លែងខ្លួនអូមីក្រុង ដែលត្រូវបានគេរកឃើញមុនដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងទីក្រុងហុងកុងនោះ ឥឡូវនេះ បានត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន៧៧ ហើយប្រហែលមានវត្តមាននៅផ្នែកភាគច្រើននៅទូទាំងពិភពលោក ហើយមិនគួរត្រូវបានគេចាត់ទុកថា បង្កជំងឺ«ស្រាល»នោះទេ។
លោក Tedros បានប្រាប់សន្និសីទកាសែតតាមអនឡាញថា៖ «អូមីក្រុង កំពុងរាលដាលក្នុងអត្រាដ៏លឿនបំផុតដែលយើងមិនធ្លាប់ឃើញក្នុងវីរុសបំប្លែងខ្លួនពីមុនៗ។ ទោះបីវីរុសអូមីក្រុងបណ្តាលឲ្យមានជំងឺស្រាលៗក៏ដោយ ក៏ចំនួនអ្នកឆ្លងដ៏ច្រើនសន្ធឹកសន្ធាប់ នឹងធ្វើឱ្យហួសសមត្ថភាពរបស់ប្រព័ន្ធសុខាភិបាលជាថ្មី»។
បើតាមការសិក្សាមួយពីស្ថានភាពជាក់ស្តែងដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបង្ហាញថា ចាប់តាំងពីវីរុសបំប្លែងខ្លួនអូមីក្រុង បានលេចឡើងកាលពីខែមុនមក វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech មានប្រសិទ្ធិភាពតិចជាងមុននៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ក្នុងការបង្ការការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ៕