ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​អាមេរិក​ថា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ សហរដ្ឋ​អាមេរិក​នឹង​មាន​អ្នក​ស្លាប់​ជា​ច្រើន​ដោយសារ​ជំងឺ COVID-19


លោក​ Jerome Adams ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ខ្លីៗ​ស្តីពី​មេរោគ​កូរ៉ូណា នៅ​សេតវិមាន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
លោក​ Jerome Adams ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ខ្លីៗ​ស្តីពី​មេរោគ​កូរ៉ូណា នៅ​សេតវិមាន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា នៅ​សប្ដាហ៍​ខាង​មុខ​នេះ សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ COVID-19 ដោយសារតែ​ប្រទេស​ជាតិ​ត្រូវ​ដោះស្រាយ​ជាមួយ​នឹង​ករណី​ឆ្លង និង​ស្លាប់​ជា​ច្រើន​ដោយសារ​ជំងឺ​នេះ។

ប្រធាន​ផ្នែក​សុខាភិបាល​សហរដ្ឋ​អាមេរិក​លោក Jerome Adams បាន​បញ្ជាក់​ក្នុង​កម្មវិធី «Fox News Sunday» ថា៖ «សប្ដាហ៍​នេះ​នឹង​ក្លាយជា​សប្ដាហ៍​ដ៏​លំបាក និង​សោកសៅ​បំផុត​សម្រាប់​ជីវិត​របស់​ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន។ ស្ថានការណ៍​នេះ​នឹង​ក្លាយ​ដូចជា​ព្រឹត្តិការណ៍ Pearl Harbor កាល​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី ២ ឬ​ក៏​ព្រឹត្តិការណ៍​ថ្ងៃ ១១ កញ្ញា ឆ្នាំ ២០០១ នៅ​ទីក្រុង New York គ្រាន់តែ​ស្ថានការណ៍​លើក​នេះ​នឹង​កើត​ឡើង​នៅ​ទូទាំង​ប្រទេស»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រាប់​អ្នក​កាសែត ដោយ​បង្ហាញ​សុទិដ្ឋិនិយម​មួយ​ចំនួន​ថា នឹង​មាន «ពន្លឺ​នៅ​ខាង​ចុង​នៃ​រូង​ផ្លូវ» ជា​មិន​ខាន ស្រប​ពេល​ដែល​លោក​កត់​សម្គាល់​អំពី​ស្ថានការណ៍​លំបាក​ដែល​នឹង​ចូល​មក​ដល់។

លោក Trump និយាយ​ដូច្នេះ​ថា៖ «នៅ​មួយ​សប្ដាហ៍​កន្លះ ឬ​ក៏​ពីរ​សប្ដាហ៍​ខាង​មុខ ខ្ញុំ​គិត​ថា​ស្ថានការណ៍​នឹង​យ៉ាប់យ៉ឺន​ខ្លាំង​បំផុត។ ...សង្ឃឹម​ថា ពួក​យើង​នឹង​អាច​ឆ្លង​ផុត​ស្ថានការណ៍​នេះ»។

លោក​វេជ្ជបណ្ឌិត Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​ផ្នែក​អាឡែកហ្ស៊ី និង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា បទ​បញ្ជា​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​ក្នុង​ផ្ទះ និង​រក្សា​គម្លាត​ពី​គ្នា​ត្រូវការ​ពេល​វេលា​ដើម្បី​ឃើញ​លទ្ធផល។

កន្លង​មក សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​នាំ​មុខ​គេ​លើ​ពិភពលោក ដោយ​មាន​ករណី​ឆ្លង​ជំងឺ COVID-19 ចំនួន​ជាង ៣ សែន ៣ ម៉ឺន ៧ ពាន់​នាក់ និង​អ្នក​ស្លាប់​ជាង ៩ ពាន់ ៦ រយ​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins នៅ​ថ្ងៃ​ចន្ទ​នេះ៕

XS
SM
MD
LG