ជំងឺកូវីដ១៩ បានបន្តរាលដាលទូទាំសាកលលោក ដោយបានចម្លងមនុស្សជាងមួយលាននាក់។ សហរដ្ឋអាមេរិក មានមនុស្សជាង២សែន៤ម៉ឺន៥ពាន់នាក់បានឆ្លងជំងឺនោះដែលមានច្រើនជាងប្រទេសណាៗទាំងអស់។
សេតវិមាន ត្រូវគេរំពឹងនឹងផ្តល់អនុសាសន៍នៅថ្ងៃនេះឲ្យពលរដ្ឋពាក់ម៉ាសដើម្បីការពារការរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីពេលមុននិយាយថា ម៉ាសមិនមែនជាការចាំបាច់ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះទេ។
លោក Bill de Blasio អភិបាលក្រុងញូវយ៉ក ក៏បានផ្តល់អនុសាសន៍ដល់អ្នកក្រុងញូវយ៉កឲ្យពាក់ស្បៃ កន្សែងដៃធំៗឬម៉ាសធ្វើដោយខ្លួនឯងដើម្បីគ្របពីលើមាត់និងច្រមុះរបស់ខ្លួន ក៏ប៉ុន្តែ មិនមែនម៉ាសសម្រាប់វះកាត់ទេ លោក បាននិយាយថា ម៉ាសសម្រាប់វះកាត់ទាំងនោះ ត្រូវតែរក្សាទុកសម្រាប់ពួកគ្រូពេទ្យតែប៉ុណ្ណោះ។
លោក Eric Garcetti អភិបាលក្រុង Los Angeles ក៏បានសុំឲ្យប្រជាពលរដ្ឋគ្របមាត់របស់ខ្លួននៅកន្លែសាធារណៈ។
លោកវេជ្ជបណ្ឌិត Anthony Fauci ជាអ្នកជំនាញកំពូលខាងជំងឺឆ្លងដែលផ្តល់យោបល់ដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់បណ្តាញទូរទស្សន៍ខ្សែកាប CNN កាលពីយប់ថ្ងៃព្រហស្បតិ៍ថា លោកមិនយល់ថា តើហេតុអ្វីបានជារដ្ឋខ្លះ មិនបានចេញបទបញ្ជាឲ្យមនុស្សស្ថិតនៅផ្ទះនៅពេលដែលប្រទេសប្រយុទ្ធប្រឆាំនឹងមេរោគកូរ៉ូណានោះ។
លោកប្រធានាធិបតី ត្រាំ មានការស្ទាក់ស្ទើរចេញបទបញ្ជាឲ្យមនុស្សស្ថិតនៅផ្ទះទូទាំងប្រទេស ដោយទុកការសម្រេចនេះឲ្យរដ្ឋនីមួយៗ សូម្បីនៅក្នុងការប្រឈមការកើនឡើងនូវចំនួនមនុស្សស្លាប់ដែលបណ្តាលមកពីវីរុសនេះក៏ដោយ។
ក្រសួងការបរទេសអាមេរិក បានប្រាប់នៅលើគេហទំពួររបស់ខ្លួនថា «ដោយសារវិធានការសុខភាពសាធារណៈដើម្បីកម្រិតការរាលដាលនៃជំងឺកូវដ១៩ ក្រសួងចេញលិខិតឆ្លងដែនដល់ពលរដ្ឋដែលមានបញ្ហាស្លាប់រស់តែប៉ុណ្ណោះ។អ្នកដែលមានបញ្ហាបន្ទាន់ រួមមានជំងឺ របួសធ្ងន់ធ្ងរឬការស្លាប់របស់សាច់ញាតិជិតដែលតម្រូវឲ្យបុគ្គលនោះធ្វើដំណើរទៅក្រៅសហរដ្ឋអាមេរិកក្នុងពេល៧២ម៉ោង»៕