រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានជំទាស់ទៅនឹងប្រទេសរុស្ស៊ី និងចិនកាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីប្រទេសទាំងពីរប្រើសិទ្ធិវេតូប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងមិនឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ឆ្លងព្រំដែនចូលទៅកាន់ប្រទេសស៊ីរី។
លោក Pompoe បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា៖ «ការណ៍ដែលប្រទេសរុស្ស៊ី និងចិនប្រើសិទ្ធិវេតូប្រឆាំងនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលអនុញ្ញាតឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រជាពលរដ្ឋស៊ីរីរាប់លាននាក់ គឺជារឿងដ៏គួរឲ្យអាម៉ាស់»។
លោក Pompeo បានអះអាងថា៖ «សម្រាប់ប្រទេសរុស្ស៊ី និងចិនដែលបានប្រឆាំងនឹងសេចក្ដីសម្រេចនេះ គឺពួកអ្នកមានបាតដៃប្រឡាក់ឈាម»។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលរុស្ស៊ី និងចិនរារាំងនេះ មានគោលបំណងបន្ថែមពេលមួយឆ្នាំទៀតឲ្យមានការបញ្ជូនជំនួយមនុស្សធម៌ឆ្លងព្រំដែនពីប្រទេសតួកគី និងអ៊ីរ៉ាក់ចូលទៅប្រទេសស៊ីរី ដើម្បីជួយជនស៊ីវិលស៊ីរី ៤ លាននាក់ ដែលបានរងគ្រោះដោយសារជម្លោះនៅក្នុងប្រទេសនេះដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១១ មក៕