សមាជិករដ្ឋសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យលោក Adam Schiff បាននិយាយថា ការជំទាស់របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅតែបន្តកើនឡើង បន្ទាប់ពីសមាជិកជាន់ខ្ពស់ និងមេធាវីផ្ទាល់ខ្លួនរបស់លោក Trump គឺលោក Rudy Giuliani ប្រឆាំងទៅនឹងដីកាកោះហៅរបស់រដ្ឋសភាទាក់ទិននឹងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែង។
ការិយាល័យរបស់លោកអនុប្រធានាធិបតី Mike Pence បានហៅការស៊ើបអង្កេតរបស់រដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យនេះថាជា «ការអះអាងដោយខ្លួនឯង» ហើយដីកាកោះហៅនោះមានលក្ខណៈ «ទូលំទូលាយពេក»។
ក្រសួងការពារប្រទេសក៏បានបញ្ជាក់ផងដែរថា ខ្លួន «មិនអាចគោរពតាម» ដីកាកោះហៅនៅពេលនេះបានទេ ដោយសារមូលហេតុផ្លូវច្បាប់។
ការិយាល័យថវិការបស់សេតវិមានក៏បានច្រានចោលសំណើរបស់រដ្ឋសភាផងដែរ ហើយលោក Rudy Giuliani ដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោក Trump ក៏បានបដិសេធផងដែរចំពោះដីកាកោះហៅស្នើសុំឯកសារពាក់ព័ន្ធនឹងការប្រឹងប្រែងរបស់លោកនៅក្នុងការដាក់សម្ពាធលើប្រទេសអ៊ុយក្រែនឲ្យស៊ើបអង្កេតលើលោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យ។
លោក Jon Sale មេធាវីរបស់លោក Giuliani បានបញ្ជាក់នៅក្នុងលិខិតមួយច្បាប់ដែលផ្ញើទៅកាន់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភាថា៖ «ការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះគឺផ្ទុយពីរដ្ឋធម្មនុញ្ញ គ្មានមូលដ្ឋានច្បាស់លាស់ និងខុសច្បាប់។ ដីកាកោះហៅគឺទូលំទូលាយពេក ដាក់បន្ទុកស្មុគស្មាញហួសហេតុ និងស្វែងរកឯកសារដែលហួសពីទំហំនៃការស៊ើបអង្កេតដោយស្របច្បាប់»។ លោក Sale បានបន្ថែមថា ព័ត៌មានដែលគណបក្សប្រជាធិបតេយ្យចង់បានគឺត្រូវបានការពារដោយអភ័យឯកសិទ្ធិរវាងមេធាវីនិងកូនក្ដី ដែលការពារមិនឲ្យមានការបង្ហាញជាសាធារណៈនូវសារទំនាក់ទំនងរវាងមេធាវីនិងកូនក្ដីរបស់ខ្លួន៕