អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានជំរុញឲ្យសហរដ្ឋអាមេរិកចាប់ផ្ដើមស្វែងរកវិធីមួយដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ។
បន្ទាប់ពីលោក Sergei Ryabkov បានជួបជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Thomas Shannon នៅក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់រួចមក ក្រសួងការបរទេសរុស្ស៊ីបានចេញនូវសេចក្ដីប្រកាសមួយដែលបញ្ជាក់ថា៖ «រុស្ស៊ីអំពាវនាវឲ្យបញ្ចប់នូវការបំផ្លិចបំផ្លាញទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក និងចាប់ផ្ដើមស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលកំពុងតែកើនឡើង ដែលមិនមែនបណ្ដាលមកពីកំហុសរបស់រុស្ស៊ី»។
លោក Thomas Shannon បានធ្វើដំណើរទៅដល់ប្រទេសហ្វាំងឡង់កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ ដើម្បី ចូលរួមនៅក្នុងជំនួបដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងមូស្គូ ដែលបានកើនឡើងអស់រយៈពេលជាច្រើនខែមកហើយ។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំងជាពិសេសចាប់តាំងពីមានការលេចឡើងនូវការចោទប្រកាន់ដែលថា រុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន៕