សហរដ្ឋអាមេរិកបានបញ្ជាឲ្យប្រទេសរុស្ស៊ីបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង San Francisco ហើយនឹងស្ថានកុងស៊ុលឧបសម្ព័ន្ធ២ផ្សេងទៀតនៅចុងសប្តាហ៍នេះ នេះតាមការបញ្ជាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។
ចំណាត់ការនេះជាការឆ្លើយតបទៅនឹងការទាមទាររបស់រដ្ឋាភិបាលក្រុងមូស្គូឲ្យ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកាត់បន្ថយបុគ្គលិកការទូតរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា «ដោយមានការអង្វរសុំពីពលរដ្ឋរុស្ស៊ី យើងតម្រូវឲ្យរដ្ឋាភិបាលរុស្ស៊ីបិទអគ្គកុងស៊ុលរបស់ខ្លួនក្នុងទីក្រុង San Francisco ដែលជាឧបសម្ព័ន្ធស្ថានកុងស៊ុលក្នុងរដ្ឋធានីវ៉ាស៊ីនតោននិងឧបសម្ព័ន្ធស្ថានកុងស៊ុលក្រុងញូវយ៉ក»។ លោកស្រីបាននិយាយទៀតថា កាលបរិច្ឆេទនៃការបិទស្ថានកុងស៊ុលនោះគឺនៅថ្ងៃទី២ ខែកញ្ញា។
លោក Sergei Lavrovរដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានសម្តែងនូវការសោកស្តាយ អំពីការបិទស្ថានកុងស៊ុលនេះភ្លាមៗបន្ទាប់ពីការប្រកាសនេះបានធ្វើឡើង។
ការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ បានកត់សម្គាល់ពីព្រឹត្តិការណ៍ថ្មីៗនៃជម្លោះខាងការទូតដ៏ធំមួយដែលបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេសរុស្ស៊ីដែលបានចូលជាធរមានកាលពីខែមុន៕