សហរដ្ឋអាមេរិកបានផ្អាកដំណើរការផ្តល់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍នៅឯស្ថានកុងស៊ុលរបស់ខ្លួនក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីពួកអាជ្ញាធររុស្ស៊ីបានបញ្ជាឲ្យកាត់បន្ថយបុគ្គលិកការទូតសហរដ្ឋអាមេរិកជាងពាក់កណ្តាលនៅក្នុងការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី លើការចោទប្រកាន់ថា រុស្ស៊ីបានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័ររៀបចំការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំទៅ។
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូនឹងពិចារណា ថាតើនឹងឆ្លើយតបទៅនឹងការសម្រេចនោះយ៉ាងដូចម្តេច នៅក្នុងចំណាត់ការឆ្លើយតបទៅវិញទៅមកនៅក្នុងទំនាក់ទំនងការទូត។
សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ការដាក់កំហិតរបស់រុស្ស៊ីទៅលើបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិកគឺជាមូលហេតុដែលឈានដល់ការផ្អាកដំណើរការទិដ្ឋាការនេះ។
ការផ្តល់ទិដ្ឋាការឡើងវិញធ្វើឡើងនៅថ្ងៃទី១ខែកញ្ញា ក៏ប៉ុន្តែ នៅតែស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងមូស្គូ ប៉ុណ្ណោះ។
ស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅក្នុងទីក្រុង St. Petersburg ទីក្រុង Vladivostok និងទីក្រុង Yekaterinburg នឹងនៅតែបន្តឈប់ផ្តល់ទិដ្ឋាការដដែល។ លោក Stepan ជាអ្នកនិយាយវិទ្យុបាននិយាយថា៖ «ខ្ញុំមិនពេញចិត្តអំពីការផ្អាកនេះទាល់តែសោះ។ ជាអកុសល្យ មិត្តភ័ក្រ្តរបស់ខ្ញុំម្នាក់ត្រូវសម្ភាសន៍នៅថ្ងៃទី២៤ ខែសីហា នៅក្រុង Yekaterinburg ហើយនាងប្រហែលជាមិនទទួលបានទិដ្ឋាការនោះទេ»។
ពលរដ្ឋរុស្ស៊ីបានសម្តែងនូវការរកាំចិត្តពីផលប៉ះពាល់ដល់ពួកអ្នកធ្វើដំណើរទៅ កាន់សហរដ្ឋអាមេរិកដើម្បីធ្វើទេសចរណ៍ ពាណិជ្ជកម្មនិងការសិក្សាអប់រំ។ លោកស្រី Inna ជាវេជ្ជបណ្ឌិតបាននិយាយថា៖ «វាជាការឆោតល្ងង់។ ខ្ញុំគិតថា វាជាការឆោតល្ងង់។ ហេតុអ្វីបានជាពលរដ្ឋត្រូវទទួលរង្គ្រោះពីព្រោះតែបញ្ហាកើតឡើងរវាងប្រទេសយើងទាំង២នោះ?»។
លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានប្រកាសថា ការផ្អាកដំណើរការទិដ្ឋាការនេះប៉ុនប៉ងធ្វើឲ្យមានការទោមនស្សក្នុងចំណោមពលរដ្ឋរុស្ស៊ីអំពីសកម្មភាពរបស់អាជ្ញាធររុស្ស៊ី។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិយាយថា៖ «ចំពោះការឆ្លើយតបរបស់យើង ដូចជាខ្ញុំបាននិយាយរួចហើយថា វាជាការចាំបាច់ដើម្បីសិក្សាឲ្យបានល្អិតល្អន់អំពីការសម្រេចចិត្តដែលបានប្រកាសដោយភាគីអាមេរិកនៅថ្ងៃនេះ។ យើងនឹងឃើញហើយខ្ញុំអាចនិយាយថា យើងនឹងមិនធ្វើបាបពលរដ្ឋអាមេរិកាំងទេ»។
កាលពីខែកក្កដា រុស្ស៊ីបានធ្វើការសងសឹកប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដោយបណ្តេញបុគ្គលិកស្ថានទូតអាមេរិកចេញពីបរិវេណការទូតហើយទាមទារឲ្យកាត់បន្ថយចំនួនបុគ្គលិកការទូតអាមេរិកជាង៧០០នាក់។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋរុស្ស៊ីរាប់រយនាក់ដែលបានបម្រើការនៅឯស្ថាន ទូតសហរដ្ឋអាមេរិកត្រូវគេរំពឹងថា ភាគច្រើននឹងបាត់បង់ការងារ៕
ប្រែសម្រួលដោយជឹង ប៉ូជីន