កីឡាករ Tom Brady ដែលជាអ្នកដឹកនាំក្រុមកីឡាករបាល់ឱបអាមេរិកអស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្រ្តកីឡាបាល់ឱបអាមេរិក (National Football League ហៅកាត់ថា NFL) បានចូលនិវត្តន៍ បន្ទាប់ពីបានឈ្នះពានរង្វាន់ក្នុងការប្រកួតបាល់ឱបអាមេរិកវគ្គផ្តាច់ព្រ័ត្រ ហៅថា Super Bowl ចំនួន៧ និងបង្កើតកំណត់ត្រាថ្មីមួយចំនួនទៀតក្នុងការបោះបាល់ នៅក្នុងអាជីពកីឡា២២ឆ្នាំរបស់លោក។
លោក Brady បានសរសេរសារបង្ហោះដ៏វែងមួយនៅលើបណ្តាញសង្គម Instagram ថា៖ «រឿងនេះគឺ លំបាកសម្រាប់ខ្ញុំសរសេររៀបរាប់ ប៉ុន្តែខ្ញុំលែងចូលរួមប្រកួតទៀតហើយ។ ខ្ញុំស្រឡាញ់អាជីពបាល់ឱប NFL របស់ខ្ញុំ ហើយឥឡូវនេះ ជាពេលដែលខ្ញុំត្រូវផ្តោតពេលវេលា និងកម្លាំងកាយចិត្តទៅលើរឿងផ្សេងទៀតដែលត្រូវការការយកចិត្តទុកដាក់ពីខ្ញុំ»។
លោក Brady ធ្លាប់បាននិយាយជាយូរមកហើយថា លោកចង់ចំណាយពេលច្រើនជាងមុនជាមួយភរិយារបស់លោកដែលជាតារាម៉ូដែល និងកូនទាំងបី ទោះជាលោកនៅលេងកីឡាបានយ៉ាងខ្លាំង ពូកែនៅឡើយក៏ដោយ។
កីឡាករបាល់ឱបអាមេរិក Tom Brady អាយុ ៤៤ឆ្នាំ បានចូលនិវត្តន៍ បន្ទាប់ពីដឹកនាំក្រុម Buccaneers នៃទីក្រុងTampa Bay ឲ្យឈ្នះពានរង្វាន់ Super Bowl កាលពីឆ្នាំមុន និងពានរង្វាន់ NFC South Championship នៅរដូវកាលនេះ។
ព័ត៌មានពីការប្រុងចូលនិវត្តន៍របស់លោក Brady បានបែកធ្លាយកាលពីថ្ងៃចុងខែមករា។ ប៉ុន្តែគ្រួសាររបស់លោក និងក្រុមកីឡា Buccaneers បានបដិសេធថា លោកមិនទាន់បានធ្វើសេចក្តីសម្រេចចុងក្រោយនៅឡើយទេ ហើយលោក Brady បាននិយាយកាលពីយប់ថ្ងៃចន្ទ ទី២១ ខែមករា នៅលើកម្មវិធីផតខាស្តថ៍ឈ្មោះថា Sirius XM ថា លោកមិនទាន់សម្រេចជាចុងក្រោយអំពីផែនការរបស់លោកនៅឡើយទេ។
ព័ត៌មានបញ្ជាក់ពិតប្រាកដពីការចូលនិវត្តន៍លោក Brady បានលេចចេញនៅព្រឹកថ្ងៃអង្គារ ទី១ ខែកុម្ភៈ។
លោក Brady បាននិយាយនៅក្នុងសារបង្ហោះថា៖ «ខ្ញុំបានគិតជ្រៅជ្រះកាលពីសប្តាហ៍មុន និងបានសួរខ្លួនឯងនូវសំណួរពិបាកៗ។ ហើយខ្ញុំមានមោទនភាពចំពោះអ្វីដែលយើងសម្រេចបាន។ មិត្តរួមក្រុម គ្រូបង្វឹក កីឡាករពីក្រុមដទៃទៀត និងអ្នកគាំទ្រ ត្រូវតែទទួលបាន ១០០ភាគរយពីខ្ញុំ ប៉ុន្តែឥឡូវនេះ ជារឿងល្អបំផុតដែលខ្ញុំទុកទីលានឲ្យកីឡាករជំនាន់ក្រោយ ដែលមានការប្តេជ្ញាចិត្ត។
តើ Tom Brady ក្លាយជាកីឡាករល្អបំផុតបានយ៉ាងដូចម្តេច?
អ្នកដែលធ្លាប់បានលេងបាល់ ឬធ្វើការជាមួយលោក Brady តែងតែប្រើពាក្យថា «ងប់ងល់» នៅពេលនិយាយអំពីលោក។ កីឡាកររូបនេះងប់ងល់នឹងការរៀបចំ ងប់ងល់នឹងការធ្វើរឿងលម្អិតតូចៗឲ្យបានត្រឹមត្រូវ ហើយទាំងអស់នេះគឺដោយសារតែលោកងប់ងល់នឹងការឈ្នះ។
លោក Brady ល្បីឈ្មោះជាអ្នកដឹកនាំក្រុមកីឡាករបាល់ឱបពូកែជាងគេក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែលោកមិនមែនជាកីឡាករដែលទទួលបានប្រាក់ខែច្រើនជាងគេបំផុតទេ។ កិច្ចសន្យាដែលលោកបានចុះហត្ថលេខាជាមួយក្រុម New England Patriots អស់រយៈពេលជាច្រើនឆ្នាំមកនេះគឺ ទាបជាងអត្រាទីផ្សារ ប៉ុន្តែការណ៍នេះបានធ្វើឲ្យគ្រូបង្វឹកយូរអង្វែងលោក Bill Belichick អាចចាត់ចែងកម្រិតប្រាក់ខែក្នុងចំណោមកីឡាករ និងរក្សាបានភាពប្រកួតប្រជែងនៅក្នុងជួរក្រុម។
បន្ទាប់ពីលោក Brady បានចំណាយពេលមួយឆ្នាំលើកៅអីបម្រុង របួសរបស់អ្នកដឹកនាំក្រុមកីឡាករ Drew Bledsoe របស់ក្រុម Patriots បានផ្តល់ឱកាសដល់រូបលោកនៅឆ្នាំ ២០០១ ហើយលោកBrady បានបញ្ចេញសមត្ថភាពយ៉ាងអស់ពីខ្លួន។ លោកតែងតែចាត់ទុកជ័យជម្នះ និងមិត្តរួមក្រុមជាអាទិភាពចម្បងធំជាងការទទួលបានប្រាក់ច្រើនជាងមុន និងស្ថិតិផ្ទាល់ខ្លួនរបស់លោក ហើយជារឿយៗ តែងតែប្រឹងជម្នះខ្លួនឯងដើម្បីសម្រេចឲ្យបានជ័យជម្នះ។
លោក Brady តែងតែជាកីឡាករលេចធ្លោជាងគេមួយ ដោយបង្ហាញខ្លួនចំនួន ១០ លើកនៅក្នុងការប្រកួតពានរង្វាន់ Super Bowl ចំនួន ២០ ចុងក្រោយ និងឈ្នះពានរង្វាន់កីឡាករពូកែបំផុតចំនួនប្រាំលើកនៅក្នុងចំណោមជ័យជម្នះទាំងប្រាំពីររបស់លោក។
រឿងអាស្រូវ «Deflategate» និងការតាមពីក្រោយយកឈ្នះវិញ
លោក Brady ទទួលបានជ័យលាភីជាច្រើនសម្រាប់ខ្លួនឯង និងបានជួបប្រទះរឿងរ៉ាវជាច្រើនផងដែរក្នុងរយៈពេល ២២ឆ្នាំនៅក្នុងវិស័យកីឡាបាល់ឱប ប៉ុន្តែនៅរដូវកាលឆ្នាំ ២០១៦-១៧ មានរឿងគួរឲ្យកត់សម្គាល់មួយគឺ ល្បីរន្ទឺជាងរដូវកាលឆ្នាំ ២០០៨ ដែល Brady ធ្វើបានល្អបំផុតទៅទៀត។
ក្នុងឆ្នាំ២០១៥ លោក Brady បានជួបប្រទះស្ថានភាពដ៏ខ្មៅងងឹតមួយនៅក្នុងអាជីពរបស់លោក ដែលអាក្រក់ជាងការខកខានមិនអាចលេងពេញមួយរដូវកាលដោយសាររបួសទៅទៀត។ ពេលនោះលោកត្រូវបានពិន័យមិនឲ្យចូលរួមក្នុងការប្រកួតចំនួន ៤លើកដោយសារការពាក់ព័ន្ធរបស់លោកនៅក្នុងរឿងអាស្រូវ «Deflategate» ដែលនៅពេលនោះ មានការចោទប្រកាន់ថា ក្រុម Patriots បានបន្ធូរខ្យល់បាល់នៅក្នុងការឈ្នះក្រុម Indianapolis Colts ក្នុងការប្រកួត AFC Championship ឆ្នាំ ២០១៥ ដោយការបន្ធូរនេះជួយឲ្យចាប់បាល់បានជាប់ជាងក្នុងស្ថានភាពសើម។
ជ័យជម្នះនេះជួយឲ្យលោក Brady និងក្រុម Patriots ឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Super Bowl ដែលពួកគេបានឈ្នះកាលពីពេលនោះ ហើយទោះជាលោកទទួលបានការអនុញ្ញាតឲ្យលេងបាល់ពេញមួយរដូវកាលឆ្នាំ ២០១៥ និង២០១៦ ក៏ដោយ ការពិន័យនេះត្រូវបានអនុវត្តនៅឆ្នាំ ២០១៦ ដូច្នេះលោកមិនបានលេងបាល់នៅក្នុងការប្រកួតដំបូងចំនួន ៤ នៅដើមឆ្នាំ២០១៦។
រឿងអាស្រូវនេះធ្វើឲ្យលោក Brady ជាប់ឈ្មោះមិនល្អមកទល់ពេលសព្វថ្ងៃនៅក្នុងក្រសែភ្នែកអ្នករិះគន់មួយចំនួន ប៉ុន្តែទោះជារដូវកាលឆ្នាំ ២០១៦ ចាប់ផ្តើមដោយមិនសូវមានភាពរំភើបក៏ដោយ ក៏រដូវកាលនេះបញ្ចប់ដោយភាពរំភើបយ៉ាងខ្លាំងមួយ ដោយសារលោក Brady មិនត្រឹមតែដឹកនាំក្រុម Patriot ទៅកាន់ជ័យជម្នះពានរង្វាន់ Super Bowl ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកឈ្នះវិញយ៉ាងធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តកីឡាបាល់ឱបអាមេរិក។
ក្រុម Patriot ទទួលបានជ័យជម្នះ ក្រោយពីបានចាញ់ពិន្ទុ ២៨ ទល់ ៣ ដើម្បីយកឈ្នះក្រុម Atlanta Falcons នៅម៉ោងបន្ថែម នៅក្នុងរដូវកាលមួយដែលបានបង្ហាញយ៉ាងច្បាស់អំពីលក្ខណៈសម្បត្តិរបស់លោក Brady។ បើទោះបីមានអ្នកខ្លះស្រឡាញ់លោក និងអ្នកខ្លះស្អប់លោកក៏ដោយ ក៏គ្មានអ្នកណាអាចប្រកែកថាលោកមិនពូកែទេ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
អត្ថបទប្រែសម្រួលនេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP និង ពី BBC។
ក្រុង Tampa រដ្ឋ Florida —