ទីភា្នក់ងារសារព័ត៌មានបារាំង Agence France-Presse បានរាយការណ៍ពីក្រុងតូក្យូថា កីឡាការិនីអាមេរិកាំង Sunisa Lee បានក្លាយជាកីឡារិនីអូឡាំពិកជើងឯកកាលពីថ្ងៃព្រហស្បតិ៍ ទី ២៩ ខែកក្កដា ដោយបានរក្សាមេដាយមាសសម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីនាង Simone Biles បានឈប់ពីការប្រកួតដោយសាររបួស។
ការទទទួលមេដាយមាសរបស់នាង Sunisa Lee បានកើតឡើងនៅថ្ងៃចុងក្រោយនៃការប្រកួតរយៈពេលបីថ្ងៃ ដែលគេបានឃើញកីឡាការិនីខាងកាយសម្ព័ន្ធដ៏ល្បីឈ្មោះ គឺនាង Simone Biles បានសម្រេចចិត្តចាកចេញពីការប្រកួត។
ការចាកចេញរបស់នាង Biles បង្កនាំឱ្យមានការទន្ទឹងចាំមើលថា តើការប្រកួតដណ្តើមយកជើងឯកដោយក្រុមកីឡាការិនីកាយសម្ព័ន្ធរបស់អាមេរិក នឹងទទួលបានលទ្ធផលយ៉ាងណា ហើយថាតើកីឡាការិនីអាមេរិកាំងអាចនឹងបានមេដាយមាសដែលពួកគេធ្លាប់បានទទួលពីការប្រកួតមុនៗ ដែលដណ្តើមបានដោយកីឡាការិនី ដូចជានាង Carly នាង Nastia នាង Gabby និង Simone ចាប់តាំងពីឆ្នាំ២០០៤ បានដែរឬយ៉ាងណា។
នៅពេលនេះនាង Sunisa ដែលមានអាយុ ១៨ ឆ្នាំ បានធ្វើឲ្យសហរដ្ឋអាមេរិកបានមេដាយមាស ក្នុងការប្រកួតកីឡាអូឡាំពិកដ៏ប្រវត្តិសាស្ត្រ ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ នេះ។ នាង Sunisa Lee មកពីទីក្រុង Little Canada រដ្ឋ Minnesota ជាពលរដ្ឋអាមេរិកាំងដើមកំណើត Hmong ទី ១ ដែលបានជ្រើសរើសឲ្យចូលក្នុងក្រុមកីឡាករអូឡាំពិកពីសហរដ្ឋអាមេរិក ខាងកាយសម្ព័ន្ធ។
កាលពីឆ្នាំ ២០១៩ នាង Sunisa បានខិតខំប្រឹងប្រែងហាត់និងប្រកួត រហូតបានក្លាយទៅជាកីឡាការិនីដ៏ឆ្នើមលំដាប់ថ្នាក់ទី ២ ខាងកាយសម្ព័ន្ធនៅសហរដ្ឋអាមេរិក បន្ទាប់ពីនាង Biles។ នៅពេលមានការពន្យារពេលការប្រកួតអូឡាំពិក គេមិនដឹងថាតើ Sunisa មានសង្ឃឹមឈ្នះបានមេដាយពីការប្រកួតអូឡាំពិកនៅទីក្រុងតូក្យូនេះ ឬយ៉ាងណានោះទេ។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ នាង Sunisa បានតស៊ូប្រកួត រហូតដល់ឈ្នះបានមេដាយមាសនៅលើវេទិកាអន្តរជាតិអូឡាពិកនេះ។
ក្នុងការប្រកួតកីឡាអូឡាំពិកវិញ្ញាសាកាយសម្ព័ន្ធនេះ នាង Rebecca Andrade មកពីប្រទេសប្រេស៊ីលបានទទួលមេដាយប្រាក់ ដែលជាលំដាប់ទី ២។ នាង Angelina Melnikova មកពីរុស្ស៊ីបានទទួលមេដាយសំរិទ្ធ ដែលជាលំដាប់ទី ៣។
គេបានរំពឹងថា ការប្រកួតកីឡាអូឡាំពិកក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ នឹងមានលទ្ធផលដែលមិនអាចគិតស្មានទុកជាមុន សូម្បីតែ Sunisa Lee ខ្លួនឯងក៏មិនរំពឹងថា នាងអាចឈ្នះបានជើងឯកស្ត្រីខាងកីឡាកាយសម្ព័ន្ធនេះក៏ដោយ។
នាង Sunisa Lee បាននិយាយថា៖ «នៅពេលមកប្រកួតនេះ ខ្ញុំមិនដែលបានគិតថា ខ្ញុំអាចប្រកួតបានមេដាយមាសទេ។ ខ្ញុំមកប្រកួតនេះ ដោយគិតថា ខ្ញុំអាចយកបានត្រឹមតែមេដាយប្រាក់ប៉ុណ្ណោះ»។
កីឡាករនិងកីឡាការិនីគ្រប់រូបមិនដឹងថាដៃគូប្រកួតរបស់ខ្លួនមានសមត្ថភាពនិងទេពកោសល្យដល់កម្រិតណានោះទេ នៅពេលចូលរូមក្នុងការប្រកួតកីឡាអន្តរជាតិអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលត្រូវបានពន្យារពេលចាប់ចាប់តាំងពីខែតុលា ឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ ២០២១នេះ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក។ កីឡាករនិងកីឡាការិនីខ្លះបានបង្ហាញទេពកោសល្យថ្មីៗរបស់ខ្លួន រីឯអ្នកខ្លះទៀតបានខិតខំហាត់សមរយៈពេលជាង ៤ ឆ្នាំ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡាអូឡាំពិកដែលត្រូវបានពន្យារ តាមលទ្ធភាពហ្វឹកហ្វឺនដែលខ្លួនអាចធ្វើទៅបាន។
នាង Sunisa Lee បានជួបប្រទះកត្តាប្រឈមនៃភាពស្រពិចស្រពិលជាច្រើន ហើយនាងក៏មានរបួសជើងកាលពីខែមិថុនា ឆ្នាំ ២០២០ ផងដែរ។ នាងមិនបានគិតថា នាងមានឱកាសទៅប្រកួតអឡាំពិកទេ ហើយនាងស្ទើរតែចង់បោះបង់ការប្រកួតនេះចោល។ ប៉ុន្តែនាងនៅតែបន្តខិតខំប្រឹងប្រែងត្រៀមខ្លួនចូលប្រកួតបន្តិចម្តងៗ។
កាលពីចុងខែមិថុនា កីឡាការិនីអាមេរិកាំងដើមកំណើត Hmong វ័យក្មេងរូបនេះ បានឆ្លងកាត់ការប្រកួតចំនួន ៤ វិញ្ញាសារ ដើម្បីកំណត់ថានាងមានសមត្ថភាពគ្រប់គ្រាន់ចូលរួមក្រុមកីឡាការិនីកាយសម្ព័ន្ធអាមេរិកនៅក្នុងការប្រកួតកីឡាអូឡាំពិក។ ជាលទ្ធផល នាងបានជាប់លំដាប់ថ្នាក់ទី ២ បន្ទាប់ពីនាង Biles ហើយក៏បានចូលរួមប្រកួតនៅទីក្រុងតូក្យូ រហូតដល់ឈ្នះបានមេដាយមាស។
ហើយនៅតូក្យូ កីឡាការិនីវ័យក្មេងរូបនេះបានក្លាយជាកីឡាការិនីអាមេរិកាំងម្នាក់ ក្នុងចំណោមកីឡាការិនីបួននាក់ដែលត្រូវបានជ្រើសរើសឲ្យតំណាងក្រុមកាយសម្ព័ន្ធនារីអាមេរិកាំង ដើម្បីប្រកួតយកឱ្យបានមេដាយប្រាក់ បន្ទាប់ពីនាង Biles ដែលគេរំពឹងថានឹងអាចឈ្នះមេដាយមាសឲ្យសហរដ្ឋអាមេរិក បានដកថយខ្លួនចេញពីការប្រកួតដោយសាររបួសនិងសម្ពាធផ្លូវចិត្ត។
ក្រុមកីឡាកាយសម្ព័ន្ធអាមេរិកាំងបាននិយាយថា មានការតម្រូវឱ្យនាង Sunisa Lee ប្រកួតក្នុងវិញ្ញាសារលំហាត់ប្រាណលើក្តារក្រាល ដែលនាងមិនត្រូវបានកំណត់ពីមុនឱ្យចូលរួមប្រកួតនោះទេ ហើយនាងគ្រាន់តែបានហ្វឹកហាត់សមកម្តៅរាងកាយធម្មតានៅថ្ងៃនោះតែប៉ុណ្ណោះ។
នៅពេលប្រកួតផ្តាច់ព្រាត់គ្រប់វិញ្ញាសារ នាង Sunisa Lee ជ្រួលច្រាលក្នុងចិត្ត ដោយគិតច្រើនព្រោះនាងជាកីឡាការិនីដែលបើកការប្រកួត និងដោយសារសម្ពាធ ដោយនាងមានយល់ថា នាងត្រូវតែឈ្នះដើម្បីសហរដ្ឋអាមេរិក។ នាង Biles ដែលជាសមាជិកក្រុមកីឡាកាយសម្ព័ន្ធនារីអាមេរិកហើយឳពុកម្តាយរបស់នាង Sunisa Lee បានជួយសម្រួលចិត្តនាង Lee ដើម្បីឱ្យនាងចេញប្រកួត និងធ្វើឲ្យនាងបានហ្វឹកហ្វឺនបានល្អ ដោយមិនគិតច្រើនអំពីបញ្ហានិងសម្ពាធនានា។
នាង Sunisa Lee បានប្រកួតយ៉ាងល្អប្រសើរ។ នាងបានរត់លោតបង្វិលខ្លួនពីរដងបែប Yurchenko នៅពេលបើកការប្រកួត។ នាងបានទទួលពិន្ទុ ៦,៨ ដែលជាពិន្ទុខ្ពស់បំផុតរបស់នាង នៅក្នុងវិញ្ញាសារលោតតោងបំពង់លោហធាតុ ដើម្បីបង្វិលខ្លួនឡើងចុះដោយដឹងថា នាងបានបង្វិលខ្លួនគ្រប់គ្រាន់ដោយបង្ហាញនូវចលនាលែងដៃទាំងអស់របស់នាងបាន៕