ក្រុមមន្ត្រីនៅរាជធានីតូក្យូរបស់ជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីចំនួន១០៧ករណី ដែលជាចំនួនករណីឆ្លងថ្មីក្នុងមួយថ្ងៃច្រើនបំផុតក្នុងរយៈពេល២ខែ។
អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike បានថ្លែងប្រាប់អ្នកកាសែតថា ការឆ្លងថ្មីជាច្រើនមានចំពោះមនុស្សអាយុជាង២០ឆ្នាំនិង៣០ឆ្នាំដែលបានទៅកម្សាន្តនៅតាមកន្លែងកម្សាន្តពេលរាត្រី។
អភិបាលក្រុងរូបនេះបានទទូចឲ្យអ្នកធ្វើការក្នុងវិស័យកម្សាន្តទៅធ្វើតេស្តនិងឲ្យពលរដ្ឋតូក្យូផ្អាកការទៅកម្សាន្តនៅតាមក្លឹមកម្សាន្តពេលរាត្រីដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា។
មន្ត្រីជប៉ុននិយាយថា កន្លងមកចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅតូក្យូមានចំនួនទាបរហូតមកដល់សប្តាហ៍មុននៅពេលដែលចំនួនឆ្លងប្រចាំថ្ងៃចាប់ផ្តើមកើនលើស៥០ករណីថ្មីក្នុងមួយថ្ងៃ។
នៅជុំវិញពិភពលោក គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វីរុសកូរ៉ូណាបានឆ្លងដល់មនុស្សជាង១០លាន៧សែននាក់ហើយ ដោយមានមនុស្សជាង៥១៧.០០០នាក់បានស្លាប់ពីជំងឺកូវីដ១៩៕