បទពិសោធន៍របស់លោក Rex Tillerson ស្តីពីការចរចាកិច្ចព្រមព្រៀងប្រេងដែលមានតម្លៃរាប់ពាន់លានដុល្លាសម្រាប់ក្រុមហ៊ុនប្រេង Exxon Mobile នៅលើពិភពលោកបានធ្វើឲ្យអគ្គនាយកក្រុមហ៊ុនប្រេងនេះទទួលបានការចាប់អារម្មណ៍ពីប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានតែងតាំងលោកកាលពីថ្ងៃអង្គារជារដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។
ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បាននិយាយថា៖ «លោក Tillerson បានស្គាល់ពីរបៀបចាត់ចែងសហគ្រាសសាកលលោកដែលមានសារៈសំខាន់ដើម្បីដឹកនាំក្រសួងការបរទេសសហរដ្ឋអាមេរិកឲ្យបានទទួលជោគជ័យ»។
ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បាននិយាយនៅលើប្រព័ន្ធសារTwitter ថា៖ «ចំណុចដែលខ្ញុំចូលចិត្តលោក Rex Tillerson បំផុតគឺថា លោកមានបទពិសោធន៍យ៉ាងច្រើនបំផុតដើម្បីទាក់ទងជាមួយរដ្ឋាភិបាលបរទេសគ្រប់ប្រភេទឲ្យបានទទួលជោគជ័យ»។
ភ្លាមៗនោះ លោក Reince Priebus នាយកខុទ្ទកាល័យសេតវិមាន បានប្រាប់បណ្តាញទូរទស្សន៍ MSNBC ថា លោកTillerson ជាអ្នកការទូតដែលអាចធ្វើឲ្យក្រសួងការបរទេសបានទទួលជោគជ័យ»។
លោក Priebus បាននិយាយបន្តទៀតថា លោក Tillerson អាយុ៦៤ឆ្នាំ បានរក្សាទំនាក់ទំនងដ៏ល្អនៅទីកន្លែងជាច្រើនទូទាំងពិភពលោកដែលមិនមែនជាទីកន្លែងងាយស្រួលនៅក្នុងការធ្វើទំនាក់ទំនងក្នុងអំឡុងពេលដ៏លំបាករបស់រដ្ឋបាលនានា។
កិច្ចព្រមព្រៀងប្រេងដ៏ធំរបស់លោក Tillerson ជាមួយប្រទេសរុស្ស៊ី អាចធ្វើឲ្យមានភាពស្មុគ្រស្មាញពីការទទួលបានការតែងតាំងរបស់លោកនៅក្នុងព្រឹទ្ធសភាដែលនៅទីនោះសមាជិកព្រឹទ្ធសភាសំខាន់ៗជាច្រើនបាននិយាយរួចទៅហើយថា ពួកគេមានការរកាំចិត្តពីចំណងទាក់ទងដ៏ជិតស្និទ្ធរបស់លោកជាមួយលោក Vladimir Putin ប្រធានាធិបតីនៃប្រទេសរុស្ស៊ីដែលកាលពីឆ្នាំ២០១៣បានផ្តល់រង្វាន់មិត្តភាពដល់លោក Tillerson និងជនបរទេសជាច្រើនទៀត៕