ក្រសួងការបរទេសស៊ីរីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា វត្តមានរបស់យោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីគឺជាទង្វើឈ្លានពាន និងជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី។
ការលើកឡើងដូចនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានបង្ហាញនូវផែនការមួយចំនួននៅក្នុងការថ្លែងសុន្ទរកថារបស់លោកកាលពីថ្ងៃពុធម្សិលមិញ សម្រាប់ឲ្យសហរដ្ឋអាមេរិករក្សាការផ្សារភ្ជាប់របស់ខ្លួនទាំងផ្នែកការទូត និងផ្នែកយោធានៅក្នុងប្រទេសស៊ីរីក្នុងរយៈពេលយូរបន្ថែមទៀត បន្ទាប់ពីក្រុមជ្រុលនិយមរដ្ឋឥស្លាមបានទទួលបរាជ័យនៅក្នុងប្រទេសស៊ីរីរួចមក។
សហរដ្ឋអាមេរិកបានដឹកនាំក្រុមសម្ព័ន្ធមិត្តធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់តាំងពីឆ្នាំ ២០១៤ មក ហើយក្រសួងការពារជាតិអាមេរិកបានបញ្ជាក់កាលពីខែមុនថា មានទាហានអាមេរិកាំងប្រហែល ២ ពាន់នាក់ កំពុងឈរជើងនៅក្នុងប្រទេសស៊ីរី។
លោក Tillerson បានពិភាក្សាអំពីដំណោះស្រាយសម្រាប់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីនៅក្នុងពិធីមួយនៅឯវិទ្យាស្ថាន Hoover នៃសាកលវិទ្យាល័យ Stanford ក្នុងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ លោកបានបង្ហាញនូវមូលហេតុមួយចំនួនអំពីសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិកក្នុងការរក្សាវត្តមានរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ដែលក្នុងនោះមានទាំងការការពារមិនឲ្យក្រុមភេរវកម្មជ្រុលនិយមរដ្ឋឥស្លាម និងក្រុមភេរវកម្មអាល់កៃដាលេចឡើងជាថ្មីផងដែរ។
លោក Tillerson បាននិយាយថា គោលបំណងចម្បងនៃកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងការរក្សាស្ថិរភាពនៅក្នុងប្រទេសស៊ីរី គឺដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ឲ្យជនភៀសខ្លួនស៊ីរីត្រឡប់ចូលក្នុងប្រទេសវិញ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងតំបន់ និងដើម្បីត្រួសត្រាយផ្លូវឲ្យមានការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិក្នុងគោលបំណងដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មីសម្រាប់ប្រទេសស៊ីរី៕