លោក Rex Tillerson រដ្ឋមន្ត្រីការបរទេស ស.រ.អា.នឹងទៅធ្វើទស្សនកិច្ចប្រទេសកាណាដា ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ដើម្បីសហការជាមួយលោកស្រី Chrystia Freeland រដ្ឋមន្ត្រីការបរទេសកាណាដាដែលជាសមភាគីរបស់លោក ក្នុងការរៀបចំទទួលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុង Vancouver ប្រទេសកាណាដា។
កិច្ចប្រជុំនេះនឹងពិភាក្សាសន្តិសុខនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.ដែលចេញកាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីថ្លែងការណ៍នេះបន្តថា កិច្ចប្រជុំនេះនឹងមានរដ្ឋមន្ត្រី និងអ្នកតំណាងប្រទេសនានាមកពីជុំវិញពិភពលោកដើម្បីបង្ហាញសាមគ្គីភាពជាអន្តរជាតិប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចផ្លោងរបស់កូរ៉េខាងជើង ដែលខុសច្បាប់ និងដ៏គ្រោះថ្នាក់បំផុត។ ការពិភាក្សានេះនឹងផ្តោតលើការពន្លឿនកិច្ចប្រឹងប្រែងពង្រឹងកិច្ចការទូតដើម្បីធ្វើឲ្យឧបទ្វីបកូរ៉េមានសន្តិសុខ សម្បូររុងរឿងនិងគ្មានអាវុធនុយក្លេអ៊ែរ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនេះក៏បានឲ្យដឹងដែរថា លោក James N. Mattis រដ្ឋមន្ត្រីការពារជាតិស.រ.អា.ក៏នឹងចូលរួមក្នុងការស្វាគមន៍ភ្ញៀវនៅពិធីទទួលទានអាហារពេលល្ងាចផងដែរ៕