សហរដ្ឋអាមេរិក និងប្រទេសកាណាដារៀបចំកិច្ចប្រជុំមួយនៅថ្ងៃអង្គារនេះនៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា ដោយផ្ដោតលើការដាក់សម្ពាធឲ្យប្រទេសកូរ៉េខាងជើងលះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និងរដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland នឹងដឹកនាំកិច្ចប្រជុំនេះដែលមានមន្ត្រីមកពីប្រទេសប្រហែល ២០ ប្រទេសចូលរួម ដើម្បីពិនិត្យមើលថាតើត្រូវអនុវត្តឲ្យបានប្រសើរជាងនេះនូវការដាក់ទណ្ឌកម្ម និងការរារាំងប្រទេសកូរ៉េខាងជើងមិនឲ្យគេចវេះពីទណ្ឌកម្មដែលមានស្រាប់របស់អង្គការសហប្រជាជាតិ។
លោក Brian Hook នាយករៀបចំគម្រោងគោលនយោបាយនៃក្រសួងការបរទេសអាមេរិក បាននិយាយនៅមុនកិច្ចប្រជុំនេះចាប់ផ្ដើមថា មេដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំនេះចង់បង្ហាញថា មានដំណោះស្រាយបែបការទូតសម្រាប់ដោះស្រាយស្ថានការណ៍នេះ។ ចំណែកឯ មន្ត្រីម្នាក់ទៀតបាននិយាយថា កិច្ចប្រជុំនេះនឹងមិនពិភាក្សាអំពីជម្រើសយោធានោះទេ។
កូរ៉េខាងជើងបានប្រឆាំងនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ ដែលចង់ឲ្យប្រទេសនេះឈប់សាកល្បងនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីល។
កិច្ចប្រជុំនៅថ្ងៃអង្គារនេះ ត្រូវបានស្នើឡើងក្រោយពីកូរ៉េខាងជើងបានសាកល្បងគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបមួយកាលពីខែវិច្ឆិកា ឆ្នាំមុន ដែលបង្កឲ្យមានភាពតានតឹង និងជំរុញឲ្យមានសង្គ្រាមពាក្យសម្ដីរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់លោក Trump តាមទូរស័ព្ទថា ត្រូវតែមានកិច្ចប្រឹងប្រែងដើម្បីរក្សាកម្លាំងជំរុញវិវឌ្ឍទៅមុខនេះឲ្យនៅដដែល។
ប្រទេសចិន និងរុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំនេះទេ។ ប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំនេះមានរួមបញ្ចូលបណ្ដាប្រទេសដែលគាំទ្រប្រទេសកូរ៉េខាងត្បូងនៅក្នុងសង្គ្រាមកូរ៉េរវាងឆ្នាំ ១៩៥០ និងឆ្នាំ ១៩៥៣ ក៏ដូចជាប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ៕