បន្ថែមពីលើទស្សនកិច្ចនាពេលថ្មីៗរបស់លោកអនុប្រធានាធិបតីអាមេរិក Mike Pence ទៅកាន់ទីក្រុងគែរ លោករដ្ឋមន្ត្រីការបរទេស Rex Tillerson មានផែនការនឹងពង្រឹងការប្តេជ្ញារួមគ្នារវាងសហរដ្ឋអាមេរិកនិងអេហ្ស៊ីបដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ លោក Tillerson កំពុងតែស្ថិតនៅក្នុងទីក្រុងគែរ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅមជ្ឈិមបូព៌ាចំនួន៥។ លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេស ហ្ស៊កដានី តួកគី លីបង់ និងកូវ៉ែតពីថ្ងៃទី១១ដល់ថ្ងៃទី១៦ខែកុម្ភៈនេះ។
មន្ត្រីការទូតកំពូលរបស់អាមេរិករូបនេះនឹងជួបប្រជុំជាមួយនឹងលោកប្រធានាធិបតី Abdel Fattah al-Sisi នៃប្រទេសអេហ្ស៊ីប និងលោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខក្នុងតំបន់ផ្សេងទៀត ដូចជាបញ្ហានៅប្រទេសលីប៊ី ស៊ីរី ក៏ដូចជាបញ្ហារវាងអ៊ីស្រាអែលនិងប៉ាគីស្ថានផងដែរ។
ប្រទេស អេហ្ស៊ីប បានចាប់ផ្តើមប្រតិបត្តិការយោធាដ៏ធំមួយប្រឆាំងនឹងពួកឧទ្ទាមនៅជ្រោយស៊ីណៃ ដែលត្រូវបានគេនិយាយថា គឺជាប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដ៏ធំមួយ។
នៅក្នុងក្រុងអង់ការ៉ា លោក Tillerson នឹងជំរុញឲ្យតួកគីដោះលែងពលរដ្ឋអាមេរិកាំង ដែលត្រូវបានចាប់ឃុំខ្លួនដោយរដ្ឋាភិបាលក្រុងអង់ការ៉ា និងជំរុញឲ្យសម្ព័ន្ធមិត្តអង្គការអូតង់បង្ហាញការអត់ធ្មត់នៅក្នុងប្រតិបត្តិការយោធានៅប៉ែកខាងជើងប្រទេសស៊ីរីផងដែរ។ នេះបើយោងតាមក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក៕