អាជ្ញាធរកម្ពុជាបានចាប់ខ្លួនមនុស្ស៣នាក់ គិតចាប់តាំងពីថ្ងៃទី១០ ខែមេសា ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គម TikTok រិះគន់វិធានការរដ្ឋាភិបាលប្រឆាំងជំងឺកូវីដ១៩ និងគុណភាពវ៉ាក់សាំងរបស់ចិន។
ពួកគេត្រូវបានចោទប្រកាន់តាមច្បាប់ថ្មីស្តីពីជំងឺកូវីដ១៩ ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែមីនានិងត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្សថាមានការដាក់ទោសទណ្ឌជាប់ពន្ធនាគារធ្ងន់ធ្ងរ។
ការចាប់ខ្លួនបុរសទាំង៣នាក់នោះ ធ្វើឡើងនៅទីតាំងផ្សេងគ្នា គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងកំពង់ស្ពឺ។ នៅរាជធានីភ្នំពេញ បុរសម្នាក់ឈ្មោះ គង់ សម្បត្តិ អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ម្នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែមេសា។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកប្រាប់VOAនៅថ្ងៃពុធនេះថាសំណុំរឿងនេះត្រូវបានបញ្ជូនទៅតុលាការកាលពីថ្ងៃអង្គារ។
លោកបញ្ជាក់ថា៖ «ការចាប់ខ្លួនគឺនៅរសៀលថ្ងៃទី១២ [ខែមេសា] នៅទីតាំងសំណង់មួយកន្លែងនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រនៅខណ្ឌមានជ័យទាក់ទងនឹងការបង្ហោះវីដេអូឃ្លីបនៅលើបណ្តាញសង្គម TikTokទាក់ទងនឹងការញុះញង់រឿងបញ្ហាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩»។
ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចេញដោយលោក សេង ហៀង ដែលជាព្រះរាជអាជ្ញារងនៃតុលាការរាជធានីភ្នំពេញ លោក គង់ សម្បត្តិ ត្រូវបានចោទប្រកាន់ក្នុងសារដែលបង្ហោះមានខ្លឹមសារដើមថា«សូមអំពាវនាវ ហើយសូមបញ្ជាក់ឲ្យបានច្បាស់លាស់ថាគេមិនឈឺ ដេញឲ្យគេទៅចាក់ បញ្ចេះឲ្យទៅចាក់ ពេលគេមិនចាក់ បញ្ឈប់គេ...»។ ការចាប់ខ្លួននេះ ធ្វើឡើងដោយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ចំណែកនៅខេត្តកំពង់ចាម លោក នូវ ខ្លឹង អាយុ៣៤ឆ្នាំ រស់នៅក្នុងឃុំផ្តៅជុំ ស្រុកបាធាយ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមេសា។ នេះបើយោងតាមគេហទំព័ររបស់ស្នងការដ្ឋាននគរបាលជាតិ។ តុលាការខេត្តកំពង់ចាមបានសម្រេចចោទប្រកាន់បុរសម្នាក់នេះពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមក្រមព្រហ្មទណ្ឌនិងបទ«រារាំងដល់ការអនុវត្តវិធានការ»តាមច្បាប់កូវីដថ្មី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃតុលាការខេត្តកំពង់ចាម ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា។
តុលាការខេត្តកំពង់ចាមបានចោទប្រកាន់លោក នូវ ខ្លឹង ចំពោះការបង្ហោះនូវរូបភាព និងវីដេអូជាមួយនឹងការអធិប្បាយបកស្រាយខុសពីការពិតពាក់ព័ន្ធស្ថានភាពសង្គម និងសុខភាពសាធារណៈ ក្រោមរូបភាពបង្កភាពវឹកវរដល់សន្តិសុខសង្គម និងបង្កការញុះញង់។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យតុលាការខេត្តកំពង់ចាម។
ចំណែកនៅខេត្តកំពង់ស្ពឺ លោក ប៉ាន់ សុភី អាយុ២៩ឆ្នាំ រស់នៅឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមេសា។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
វីអូអេមិនអាចទាក់ទងសុំការបំភ្លឺពីលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមនិងលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានទេនៅថ្ងៃពុធនេះ។
បុរសទាំង៣នាក់ខាងលើ ត្រូវបានចោទប្រកាន់តាមមាត្រា១១នៃច្បាប់ស្តីពីកូវីដដែលចែងថាអំពើរារាំងឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការ ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ៣ឆ្នាំ។ ប្រសិនបើត្រូវបានរកឃើញថាមានកំហុស ពួកគេក៏ត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ពី៥០០ទៅ២.៥០០ដុល្លារអាមេរិក។
កាលពីថ្ងៃទី១០ ខែមេសា នៅក្នុងការថ្លែងសារស្តីពីវិធានការបន្ថែមលើជំងឺកូវីដ១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីករណីបុរសម្នាក់ដែលត្រូវបានចាប់ខ្លួននៅខេត្តកំពង់ស្ពឺ។ លោកព្រមានចាប់ខ្លួនបុគ្គលដែលផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩និងការចាក់វ៉ាក់សាំងចិនបង្ការជំងឺនេះ។
លោកថ្លែងថា៖ «បើខ្ញុំធ្វើ ដើម្បីប្រជាពលរដ្ឋខ្មែររាប់លាននាក់រស់ ហើយសុខចិត្តចាប់ពួកអាបំពុលញាត់គុក អ្នកឯងថាផ្តាច់ការ អូខេទទួលបាន។ ខ្ញុំសុខចិត្តមានឈ្មោះជាអ្នកផ្តាច់ការ ក៏ប៉ុន្តែខ្ញុំមានគុណសម្បត្តិការពារជីវិតប្រជាជនខ្ញុំឲ្យរស់រានមានជីវិត»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក បានជំរុញឲ្យមានការផ្សព្វផ្សាយបន្ថែមពីគុណភាពវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកបន្តថាការយកបុគ្គលដែលនិយាយខុសឆ្គងមកអប់រំណែនាំ ជាជាងការចាប់ខ្លួនពួកគេជារឿងប្រសើរជាង ពីព្រោះលោកជឿថាបុគ្គលតែម្នាក់ឬពីរនាក់ ដែលគ្រាន់តែបញ្ចេញមតិផ្ទាល់ខ្លួននោះ មិនអាចជះឥទ្ធិពលមកលើការយល់ឃើញរបស់ពលរដ្ឋរាប់លាននាក់បាននោះទេ។
លោកប្រាប់VOAថា៖ «វិធានការផ្លូវច្បាប់ យើងយល់ថាបើសិនជារឿងហ្នឹងវា ធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរ មកលើសង្គម។ ហ្នឹងច្បាប់យើងមានយើងអាចចាត់វិធានការទៅតាមហ្នឹងទៅ។ ប៉ុន្តែរឿងខ្លះ យើងយល់ថាគ្រាន់តែជាការបញ្ចេញមតិតាមការយល់ឃើញរបស់ពួកគាត់ហើយមិនមានការជះឥទ្ធិពលអីធ្ងន់ធ្ងរមកដល់សង្គមផង ប៉ះពាល់អីធ្ងន់ធ្ងរផង យើងឃើញថាមានការចាត់វិធានការដែរ។ ចំណុចទាំងអស់នេះ ខ្ញុំគិតថាវាអត់មានអីល្អប្រសើរទេ»។
គួរបញ្ជាក់ថាក្រោយការបង្កើតច្បាប់ថ្មីស្តីពីវិធានការលើជំងឺកូវីដ១៩ ព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញកាលពីខែមីនា បានប្រើប្រាស់ច្បាប់នេះមុនគេ ដោយចោទប្រកាន់បុរសម្នាក់នៅភ្នំពេញ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយលើបណ្ដាញសង្គមកុំឲ្យកម្មកររោងចក្រចាក់វ៉ាក់សាំងរបស់ចិន។ បុរសដែលត្រូវបានចាប់ខ្លួននោះ បានបង្ហោះវីដេអូឃ្លីបនៅលើបណ្ដាញសង្គម TikTok របស់ខ្លួន ដោយលើកឡើងថាកម្មកររោងចក្រទាំងអស់កុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយចិន ដោយថាវាអាចប៉ះពាល់ដល់ជីវិត៕