ព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចោទប្រកាន់បុរសម្នាក់ ដោយប្រើប្រាស់ច្បាប់បង្ការជំងឺកូវីដ១៩លើកដំបូង ពាក់ព័ន្ធនឹងការអត្ថាធិប្បាយលើបណ្ដាញសង្គម កុំឲ្យកម្មកររោងចក្រ ចាក់វ៉ាក់សាំងរបស់ចិន។ នេះបើតាមអ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង។
លោក គឹមឡុង បានបញ្ជាក់ថា ព្រះរាជអាជ្ញា សេង ហៀង បានសម្រេចចោទប្រកាន់បុរសម្នាក់ឈ្មោះ តោ ចន្នី អាយុ២៨ឆ្នាំ តាមមាត្រា១១នៃច្បាប់ស្តីពីវិធានការបង្ការជំងឺកូវីដ១៩ ដែលអាចជាប់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ។
អ្នកនាំពាក្យតុលាការបានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram នៅល្ងាចថ្ងៃព្រហស្បតិ៍ថា៖ «ចំពោះសំណុំរឿងហ្នឹង ក្រោយពីលោកព្រះរាជអាជ្ញា សេង ហៀង បានសាកសួរតាមនីតិវិធីរួចរាល់ហើយ គាត់បានសម្រេចចោទប្រកាន់តាមមាត្រា១១ស្តីពីច្បាប់វិធានការទប់ស្កាត់កូវីដ១៩ហ្នឹង ចោទតាមមាត្រា១១ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរសាកសួរតាមនីតិវិធី»។
មាត្រា១១នៃច្បាប់ស្តីពីកូវីដដែលត្រូវបានប្រកាសឲ្យប្រើប្រាស់ជាប្រញាប់ កាលពីថ្ងៃទី១១ ខែមីនា ចែងថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ។ នេះជាលើកដំបូងដែលតុលាការប្រើប្រាស់ច្បាប់នេះ ដើម្បីចោទប្រកាន់ទាក់ទងនឹងការអត្ថាធិប្បាយរឿងជំងឺកូវីដ១៩។
បើតាមព័ត៌មានដែលបង្ហោះនៅលើហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសឈ្មោះ តោ ចន្នី ជាអ្នកបើករថយន្តដឹកទំនិញ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមីនា ទាក់ទងនឹងការអធិប្បាយតាមវីដេអូលើប្រព័ន្ធសង្គម TikTok ដែលនគរបាលចោទថា «មានលក្ខណៈញុះញង់។ លោកត្រូវបានចាប់ខ្លួនក្នុងខេត្តកំពង់ឆ្នាំង និងបញ្ជូនមកភ្នំពេញ តាមបញ្ជារបស់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។ សមត្ថកិច្ចចោទបុរសនោះថា បាន«ផ្សព្វផ្សាយព័ត៌មានបំពុលសង្គម»។ នេះបើតាមហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បុរសដែលត្រូវបានចាប់ខ្លួននោះ បានបង្ហោះវីដេអូឃ្លីបនៅលើបណ្ដាញសង្គម TikTok របស់ខ្លួន ដោយលើកឡើងថា កម្មកររោងចក្រទាំងអស់កុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយចិន ដោយថា វាអាចប៉ះពាល់ដល់ជីវិត។ ការអធិប្បាយរបស់បុរសនេះ ស្របពេលដែលរដ្ឋាភិបាលប្រកាសថា វ៉ាក់សាំងចិនឈ្មោះ ស៊ីណូវ៉ាក់ (Sinovac) ចំនួន១លាន ៥សែនដូស នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា។
គួរបញ្ជាក់ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រូវបានធ្វើឡើងដោយប្រញាប់ ហើយមន្រ្តីសិទ្ធិមនុស្សអះអាងថា ច្បាប់នេះ ដាក់ទោសទណ្ឌជាប់ពន្ធនាគារធ្ងន់ធ្ងរ។ មន្រ្តីសង្គមស៊ីវិល ក៏បានអំពាវនាវឲ្យផ្សព្វផ្សាយច្បាប់នេះឲ្យបានទូលំទូលាយផងដែរ ដើម្បីជាការយល់ដឹងដល់ប្រជាពលរដ្ឋ៕