មានជនសង្ស័យប្រដាប់អាវុធចំនួនបីនាក់ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនទាក់ទងនឹងការបាញ់សម្លាប់អ្នកសារព័ត៌មានក្នុងស្រុកម្នាក់កាលពីថ្ងៃអាទិត្យ។ មូលហេតុពិតប្រាកដដែលឈានទៅដល់ការបាញ់សម្លាប់យ៉ាងសាហាវនេះនៅមិនទាន់ត្រូវបានសន្និដ្ឋានយ៉ាងណាទេក្នុងពេលដែលអាជ្ញាធរអះអាងថាគឺដោយសារគំនុំផ្ទាល់ខ្លួន ប៉ុន្តែសមាគមអ្នកសារព័ត៌មានសង្ស័យថាគឺទាក់ទងនឹងសេចក្តីរាយការណ៍កន្លងមករបស់ជនរងគ្រោះពីសកម្មភាពកាប់បំផ្លាញព្រៃឈើ។
ការចាប់ខ្លួនធ្វើឡើងដោយមន្ត្រីប៉ូលិសខេត្តក្រចេះកាលពីថ្ងៃអាទិត្យគឺមានរយៈពេលប៉ុន្មានម៉ោងក្រោយពីមានការបាញ់សម្លាប់អ្នកកាសែតក្នុងស្រុកម្នាក់នៅតាមបណ្តោយផ្លូវលំជនបទមួយ។
ហេតុការណ៍នៃការបាញ់សម្លាប់អ្នកកាសែតបានកើតមានឡើងនៅចំណុចត្រពាំងត្រាច ភូមិខ្សឹមក្រៅ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
មន្ត្រីប៉ូលិសបានឱ្យដឹងថាជនរងគ្រោះឈ្មោះ តាំង ទ្រី អាយុ៤៨ឆ្នាំជាសមាជិកសមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យត្រូវបានជនដៃដល់បាញ់ដោយកាំភ្លើងខ្លីមួយគ្រាប់ចំថ្ងាសបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ជនសង្ស័យមានគ្នាចំនួន៣នាក់ដែលបានប្រើប្រាស់រថយន្តប្រភេទ Luxus 470 ជាមធ្យោបាយ ក្នុងការធ្វើសកម្មភាព។
មន្ត្រីប៉ូលិសបានឱ្យដឹងថាជនសង្ស័យមានឈ្មោះឡា ណារ៉ុង អាយុ៣២ឆ្នាំ ជាអតីតមន្ត្រីយោធាខេត្តមណ្ឌលគីរី ឈ្មោះខឹម ភក្តី អាយុ២៧ឆ្នាំមន្ត្រីកងរាជអាវុធហត្ថក្នុងទីក្រុងភ្នំពេញផ្នែកអន្តរាគមន៍ដែលជាម្ចាស់កាំភ្លើងខ្លី និងជនសង្ស័យទី៣ឈ្មោះពិន ហ៊ាង អាយុ៣១ឆ្នាំជាអ្នកបើកបររថយន្ត។
លោក វរៈសេនីយ៍ឯក អ៊ុំ ភី ស្នងការរងប៉ូលិសខេត្តក្រចេះទទួលបន្ទុកយុត្តិធម៌មានប្រសាសន៍ថាមូលហេតុដែលនាំឱ្យជនដៃដល់បាញ់សម្លាប់ទៅលើអ្នកកាសែតដោយសារតែមុនពេលកើតហេតុជនរងគ្រោះមានទំនាស់ជាមួយជនដៃដល់ក្នុងរឿងឱ្យជួយចម្លងខ្លួនទៅព្រែកម្ខាងទៀត។
លោកបានបញ្ជាក់ថានៅពេលជម្លោះបានបញ្ចប់ជនដៃដល់បានទៅសេពគ្រឿងស្រវឹងជាមួយនឹងបក្សពួកខ្លួនចំនួន២នាក់ផ្សេងទៀត។ នៅពេលដែលធ្វើដំណើរតាមផ្លូវត្រឡប់នៅតាមផ្លូវក៏បានប្រទះឃើញរថយន្តជនរងគ្រោះដែលកំពុងជាប់ផុងទៅមុខមិនរួចស្រែកហៅឱ្យជួយសណ្តោង។
លោកបានបញ្ជាក់ថាដោយសារតែមានកំហឹងក្នុងជម្លោះកាលពីពេលថ្ងៃជនដៃដល់និងជនរងគ្រោះក៏បានវាយប្រតប់គ្នាជាថ្មីម្តងទៀតរហូតឈានដល់ការប្រើប្រាស់អាវុធបាញ់សម្លាប់ជនរងគ្រោះដើម្បីស្រាយកំហឹង។
លោកបានសន្និដ្នានថាករណីនេះសង្ស័យថាជាមនុស្សឃាតដោយចេតនា។
លោកនិយាយថា៖ «ការសន្និដ្ឋានរបស់យើងបានចោទពីបទ មនុស្សឃាតដោយចេតនានិងប្រើប្រាស់អាវុធហើយពេលបញ្ជូនទៅអាស្រ័យទៅលើតុលាការទៀត»។
លោក សុខ សុវណ្ណ ប្រធានសមាគមសារព័តមានខ្មែរអ្នកប្រជាធិបតេយ្យមានប្រសាសន៍ថាជនរងគ្រោះពិតជាសមាជិកក្នុងសមាគមលោកពិតមែន។ លោកបានបញ្ជាក់ថា ជនរងគ្រោះធ្លាប់បានទទួលរងការគំរាមបាញ់សម្លាប់ជាច្រើនលើកដោយសារតែលោកបានរាយការណ៍ពីសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ក្នុងខេត្តក្រចេះនិងខេត្តកំពង់ចាម។
លោកនិយាយថា៖ «យើងទើបតែមានមួយហ្នឹងទេ។ តែកន្លងមកយើងគ្រាន់តែមានដឹងថាមានការគំរាមធម្មតាទេប៉ុន្តែការសម្លាប់ហ្នឹងគឺយើងទើបតែមានម្នាក់ដែលឈ្មោះ តាំង ទ្រី ហ្នឹង»។
លោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានមានប្រសាសន៍ថាការបាញ់សម្លាប់ទៅលើអ្នកកាសែតនេះបានបង្ហាញពីសេរីភាពសារព័ត៌មានបានធ្លាក់ចុះយ៉ាងខ្លាំងនិងឈានដល់សញ្ញាប្រកាសអាសន្នដល់អ្នកសារព័ត៌មានត្រូវតែប្រុងប្រយ័ត្នពីសុវត្ថិភាពរបស់ខ្លួនក្នុងការចេញទៅយកព័ត៌មាន។
លោកនិយាយថា៖ «យើងគិតថា ជារឿងគួរឱ្យសោកស្តាយបំផុតហើយជាការធ្លាក់ចុះដ៏ធ្ងន់ធ្ងរនូវសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាទន្ទឹមនឹងវប្បធម៌និទណ្ឌភាពដែលកាន់តែធ្លាក់ដុនដាបដែរ»។
យ៉ាងតិចមានអ្នកកាសែតប្រមាណ១៤នាក់ហើយត្រូវបានឃាតករបាញ់សម្លាប់ចាប់តាំងពីក្នុងអំឡុងទសវត្សរ៍ទី៩០។ នេះបើតាមការបញ្ជាក់របស់ លោក មឿន ឈានណារិទ្ធ។
កាលពី២ឆ្នាំមុន លោក ជ័យ ឧត្តម អ្នកសារព័ត៌មានឱ្យកាសែតវរជនខ្មែរត្រូវបានឃាតករបាញ់សម្លាប់ដោយសារតែលោកធ្វើសេចក្តីរាយការណ៍អំពីការដឹកជញ្ជូនឈើក្នុងខេត្តរតនគីរី។
ជនសង្ស័យចំនួនពីរនាក់ប្តីប្រពន្ធនិងជាមន្ត្រីកងរាជអាវុធហត្ថខេត្ត ត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពវិញដោយសំអាងថា ពុំមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកកាសែត៕