ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មការិនី​មាន​ផ្ទៃ​ពោះ​៣​នាក់​នៅ​ខេត្ត​ស្វាយ​រៀង តវ៉ា​ជំទាស់​នឹង​ការ​បញ្ឈប់​ពី​ការងារ


កម្មករ​នៅ​រោងចក្រ​កាត់ដេរ​​ដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) ​​រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ​​ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។​​ (ហ៊ុល​​ រស្មី)
កម្មករ​នៅ​រោងចក្រ​កាត់ដេរ​​ដាប់​ប៊ិលយូ​ អ៊ែនដ៍​ ឌីកម្ពុជា(W&D Cambodia Co., LTD) ​​រាប់រយ​នាក់​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ​​ ក្រុង​ភ្នំពេញ ​នៅ​ថ្ងៃសៅរ៍​ទី​៥​ ខែមករា​ ឆ្នាំ​២០១៩​ ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ ទាមទារ​ប្រាក់​អតីត​ភាព​ការងារ​ពី​ថៅកែ​រោង​ចក្រ។​​ (ហ៊ុល​​ រស្មី)

កម្មការិនី​៣​នាក់​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​មួយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយ​រៀង ត្រូវ​បាន​បញ្ឈប់​ពី​ការងារ កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​សហជីព​អះអាង​ថា​ដោយ​សារ​មាន​ការ​រើស​អើង​ពួក​គេ​មាន​ផ្ទៃ​ពោះ។ នេះ​បើ​យោង​តាម​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ដែល​ដឹកនាំ​ដោយ​លោក ប៉ាវ ស៊ីណា។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២៣ ថៅកែ​រោង​ចក្រ​សាន ហ្វេង​(SAN FENG) ស្ថិត​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មេន​ហាត​ធេន ក្រុង​បាវិត បាន​បញ្ឈប់​កម្មកា​រិនី​មាន​ផ្ទៃ​ពោះ​«ទាំង​កំរោល​» បើ​ទោះ​ជាពួកគេ​នៅ​មាន​សុពលភាព​ក្នុង​កិច្ច​សន្យា​ការងារ។ សហជីព​ចាត់​ទុក​ថា​នេះ​ជា«ទង្វើ​មួយ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​ការងារ និង​អនុ​សាសន៍​របស់​ប្រមុខ​រដ្ឋា​ភិបាល​សម្ដេចតេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា»។

សហជីព​បញ្ជាក់​ថា៖ «វា​ជា​រឿង​មួយ​ដែល​បន្ដ​កើត​ឡើង​ដដែលៗ ចំពោះ​ការ​បញ្ឈប់​កម្មករ​កម្មការិនី​តាម​អំពើ​ចិត្ដ ហើយ​ចំពោះ​រឿង​នេះ ហាក់​នៅ​តែ​ជាដំបៅ​មហារីក​ដ៏​កាចសាហាវ​មួយ ដែល​មិន​ទាន់​មាន​ថ្នាំ​ស័ក្តិ​សិទ្ធ​ណាមួយ​ព្យាបាល​ជា​សះ​ស្បើយ​នោះ​ឡើយ​ទេ»។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក​ ប៉ាវ ស៊ីណា ថ្លែង​ថា​លោក​សង្កេត​ឃើញ​ថា​ករណី​រើស​អើង​កម្មការិនី​មាន​ផ្ទៃ​ពោះ នៅ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់ បើ​ទោះ​ជា​បញ្ហា​នេះ​ត្រូវ​បាន​រដ្ឋាភិបាល យក​ចិត្តទុក​ដាក់​យ៉ាង​ក៏​ដោយ។ លោក​ជំរុញ​ឱ្យក្រសួង​ការងារ​ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​ហ្មត់ចត់​ និង​មាន​វិធាន​ការ​ជាក់​លាក់​ទៅ​លើ​ក្រុមហ៊ុន​ណា​ដែល​បំពាន​ច្បាប់​កម្ពុជា។

រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ខណៈពួកគេសម្រាកពីការងារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ខណៈពួកគេសម្រាកពីការងារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

លោក​ប្រាប់​វីអូអេ​ថា៖ «ប្រសិន​បើ​ក្រសួង​ការងារ​មិន​មាន​ចំណាត់​ការ​តឹង​តែង ឬ​ក៏​តឹងរ៉ឹង​ណា​ទេ ឬ​ក៏​មិន​មាន​វិធានការ​ជាក់​លាក់​ណា​ទេ ទៅ​កាន់​និយោ​ជក​ទាំង​អស់​នោះ បញ្ហា​នេះ​នឹង​នៅ​តែ​បន្ត​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ហើយ​អ្វី​ដែល​សំខាន់ គឺ​បងប្អូន​កម្មករ​យើង​នឹង​បន្ត​ការ​រង​គ្រោះ​ដោយ​សារ​តែ​ក្រុម​អ្នក​រកស៊ី​ទាំង​អស់​នោះ ដែល​គាត់​មិន​ខ្វល់​អំពី​ប្រព័ន្ធ​ច្បាប់​នៃ​ប្រទេស​របស់​យើង​បាទ»។

ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយ​រៀង លោក អ៊ូ​ សា​ឃឿន​ ប្រាប់​វីអូអេ​ថា​លោក​ទទួល​បាន​ដំណឹង​នៃ​ការ​បញ្ឈប់​នេះ ហើយ​បាន​ចាត់​មន្រ្តី​ចុះ​ត្រួត​ពិនិត្យ​លើ​ករណី​នេះ។

វីអូ​អេមិន​ទាន់​អាច​សុំ​ការ​អត្ថាធិ​ប្បាយ​ពីរោង​ចក្រ​សាន​ហ្វេង ដែល​ផលិត​វាំង​នន មាន​ថៅ​កែ​ជា​ជន​ជាតិ​តៃវ៉ាន់​បាន​នៅ​ឡើយ​ទេ។

បើ​តាម​សហជីព កាល​ពីថ្ងៃទី​១០ ខែ​កក្កដា នៅ​វេលាម៉ោង​៣និង​៤០នាទី​រសៀល ប្រធាន​ផ្នែក​អ្នក​គ្រប់​គ្រង​លើ​កម្មការិនី​មាន​ផ្ទៃពោះ​ឈ្មោះ វី បាន​ប្រាប់​ទៅ​កម្មការិនី​មាន​ផ្ទៃ​ពោះ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​នោះ​ថា​ជន​ជាតិ​ចិន​បាន​ដក​កាត​របស់​ពួកគេ ហើយ​ប្រាប់​ថា​ថ្ងៃ​ស្អែក​មិន​បាច់​មក​ធ្វើ​ការ​ទេ។ សហជីព​បន្ត​ថា​ប្រហែល​ជា​១០​នាទី​ក្រោយ​មក ភាគី​រោង​ចក្រ​បាន​បណ្ដេញ​ជន​រង​គ្រោះ​ពី​រោង​ចក្រ។

កម្មការិនី​មាន​ផ្ទៃ​ពោះ​ម្នាក់​ដែល​រោង​ចក្រ​បាន​បញ្ឈប់ អ្នកស្រី លម រ៉ានីន ប្រាប់​វីអូអេ​ថា​អ្នកស្រី​ជា​បុគ្គលិក​ផ្នែក​ដេរ​វាំង​នន​ រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ​និង​មិន​ធ្លាប់​មាន​បញ្ហា​នៅ​ក្រុមហ៊ុន​នោះ​ទេ ទើប​តែ​នៅ​ពេល​អ្នក​ស្រី​មាន​ផ្ទៃ​ពោះ។

កម្មការិនី​ដែល​មាន​ផ្ទៃ​ពោះ​៣​ខែ​នោះ ថ្លែង​ថា​៖ «អត់​ដែល​អី​ទេ​បង​ ដល់​ពេល​យើង​មាន​ពោះ​ទៅ​ទើប​គេ​[រោង​ចក្រ]​បញ្ឈប់ ហើយ​យើង​សួរ​មូល​ហេតុ​ពី​គេ [រោងចក្រ]​គេ​គ្រាន់​តែ​ប្រាប់​ថា​ចិន​បិទ​កាត​ចោល ហើយ​គេ​ឱ្យ​យើង​ចេញ​មក​ផ្ទះ​តែ​ម្តង»។

អ្នក​ស្រី​បញ្ជាក់​ថា​អ្នកស្រី​មាន​កិច្ច​សន្យា​ការងារ​ត្រឹម​ត្រូវ​ជាមួយ​រោងចក្រ ហើយ​រាល់​ការ​ឈប់សម្រាក​អ្នកស្រី​តែង​តែ​មាន​ការ​ជម្រាប​ទៅ​ដល់​អ្នក​គ្រប់​គ្រង។ អ្នកស្រី​ស្នើ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ជួយ​សម្រួល​ដើម្ប​អ្នកស្រី​អាច​ចូល​ធ្វើ​កា​រវិញ​បាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG