វិវាទការងារដែលកំពុងកើតឡើងនៅក្នុងរោងចក្រស្តារឡៃថ៍អឹភែរឹល (Starlight Apparel Manufacturing) ដែលស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាលកំពុងស្ថិតក្នុងការពិនិត្យរបស់មន្ត្រីជំនាញ ស្របតាមនីតិវិធីរបស់ក្រសួងការងារ ក្រោយការដាក់ញត្តិរបស់ក្រុមកម្មករ។ នេះបើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល។ ការដាក់ញតិ្តរបស់កម្មកររោងចក្រស្តារឡៃថ៍អឹភែរឹល កើតមានឡើង បន្ទាប់ពីមានការតវ៉ាជិតមួយខែ ជុំវិញការបញ្ឈប់កម្មករនិយោជិត និងការមិនពេញចិត្តលើអ្នកគ្រប់គ្រងរោងចក្រចំនួនពីរនាក់ ដែលកម្មករកំពុងទាមទារឱ្យដកដេញ ដើម្បីសម្រួលដល់ការដោះស្រាយជម្លោះ។
អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន ប្រាប់វីអូអេនៅថ្ងៃស្រុកនេះថា ក្រសួងការងារបានទទួលញត្តិតវ៉ារបស់កម្មករហើយ ហើយការដាក់ញត្តិនោះកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់មន្ត្រីជំនាញទទួលបន្ទុកដោះស្រាយវិវាទការងារ។ ដោយឡែក លោកបានច្រានចោលនូវសេចក្តីរាយការណ៍ដែលថា អាជ្ញាធរបានរារាំងកម្មករមិនឱ្យដាក់ញត្តិទៅក្រសួងការងារ។
លោកថ្លែងថា៖ «អាជ្ញាធរស្រុក ក៏ដូចជាខេត្ត អត់មានការរារាំងទេ តំណាងក្រសួងបានអញ្ជើញចុះទៅទទួលយកញត្តិទៅដល់ស្រុកតែម្ដង មិនចាំបាច់ឱ្យបងប្អូនលំបាកទេ អ៊ីចឹងបានថៅកែ គឺអត់មានការរារាំងទេ គឺញត្តិបានទទួល ហើយចាត់ចែងដល់ក្រសួងហើយ»។
អ្នកនាំពាក្យរូបនេះបន្ដថា អាជ្ញាធរបានចុះធ្វើអន្ដរាគមន៍ដោះស្រាយវិវាទការងារនេះដដែល បើទោះបីជាមានផលវិបាកមួយចំនួន ពាក់ព័ន្ធនឹងការទាមទាររបស់កម្មករដែលលោកថា មានតម្រូវការខ្ពស់ ហើយខុសពីលក្ខខណ្ឌការងារ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ស្តារឡៃថ៍អឹភែរឹល មេនូហ្វេកឆឺរីង ប្រមាណជាង ៦ រយនាក់ បានចេញដង្ហែញត្តិដាក់ទៅក្រសួងការងារ ក្នុងគោលបំណងទាមទារឱ្យថៅកែដោះស្រាយវិវាទរបស់ពួកគេ ដោយស្នើចំនួន ៩ ចំណុចរួមមានកុំព្យួរការងារស្ត្រីមានផ្ទៃពោះ និងថ្នាក់ដឹកនាំសហជីព ត្រូវទូទាត់ប្រាក់សំណងតាមច្បាប់ស្ដីពីការងាររាល់កម្មករដែលត្រូវបានព្យួរឈ្មោះ និងបញ្ឈប់ ព្រមទាំងស្នើឱ្យដកប្រធានគ្រប់គ្រងថ្មីទាំង ២ នាក់ចេញពីរោងចក្រ។
អនុប្រធានសហជីពអំណាចយុវជនកម្ពុជា លោក រស់ សំបូរ បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការតវ៉ារយៈពេល ២០ ថ្ងៃមកនេះ កំពុងប្រព្រឹត្តទៅដោយអហិង្សា ខណៈមានការចុះសម្របសម្រួលពីអភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី ១៣ ខែមិថុនា។ លោកបន្ថែមថា ក្រុមកម្មករបានលើកឡើងការទាមទាររបស់ពួកគេមាន ៩ ចំណុច ប៉ុន្ដែមានតែ ៨ ចំណុចប៉ុណ្ណោះដែលត្រូវបានយល់ស្របដោយភាគីក្នុងវិវាទការងារ។
លោកថ្លែងថា៖ «ចំណុចដែលសះជាគឺបាន ៨ ហើយ នៅតែមួយចំណុចហ្នឹងទេ គឺជាចំណុចដែលក្ដៅ គឺពួកគាត់ទាមទារសុំឱ្យថៅកែរោងចក្រធ្វើការផ្លាស់ប្ដូរនាយកគ្រប់គ្រង់រាល់ថ្ងៃ និងប្រធានរដ្ឋបាល គឺពួកគាត់លើកឡើងមកថា ជាក់ស្ដែងពួកគាត់គ្រប់គ្រងលក្ខណៈគាបសង្កត់ រឹតត្បិតសិទ្ធិសេរីភាព មានការកេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់ពួកគាត់»។
អ្នកស្រី អិន គឹមលាង ជាកម្មករស្តារឡៃថ៍ម្នាក់ដែលចូលរួមក្នុងការដង្ហែញត្តិកាលពីថ្ងៃព្រហស្បតិ៍នោះ បានលើកឡើងថា សំណើរបស់កម្មករចំនួន ៩ ចំណុច ដែលក្នុងនោះគឺការទាមទារផ្លាស់ប្ដូរអ្នកគ្រប់គ្រង់ថ្មី ដែលមិនទទួលបានការឆ្លើយតបជាវិជ្ជមានពីអាជ្ញាធរ និងថៅកែរោងចក្រនៅឡើយ។
អ្នកស្រីថ្លែងថា៖ «តាំងពីគាត់ឡើងមក និយាយទៅគាត់គាបសង្កត់កម្លាំងខ្លាំងហ្នឹង ដូចជាពួកខ្ញុំកាលមុន ១០ ម៉ោង ៨០០ [ភាគរយ] ឥឡូវតែ ៤ ម៉ោងអី គាត់ទាមទារ ៨០០ [ភាគរយ] ដែល ហើយកម្មករចេះតែថយ គេកាត់បន្ថយ អ៊ីចឹងវាខុសពីបរទេសកាន់»។
គួរបញ្ជាក់ផងដែរថា រោងចក្រស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកឆឺរីង (Starlight Apparel Manufacturing) ដែលមានទីតាំងស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានកម្មករសរុបជាង ៤ពាន់នាក់ ក្នុងនោះជាង ៣០០០នាក់ កំពុងធ្វើការហើយជាង ៣០០រយនាក់ផ្សេងទៀត ត្រូវបានបញ្ឈប់ពីការងារ ខណៈកម្មករជាង ៣ពាន់នាក់ទៀត កំពុងប្រឈមនឹងការព្យួរការងារ ដោយសារពួកគេចេញមុខតវ៉ាទាមទារការគោរពសិទ្ធិការងារ៕