មានមនុស្សបីនាក់បានបាត់បង់ជីវិតនៅក្រោយមានការញ្ជួយដីខ្លាំងមួយនៅក្នុងលំហសមុទ្រទល់មុខនឹងកោះ ជ្វា និងកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ដោយធ្វើឱ្យមានទុក្ខវេទនាថែមទៀតដល់ក្រុមអ្នកស្រុកនៃប្រទេសជាប្រជុំកោះនេះ ដែលមានមហន្តរាយធម្មជាតិច្រើន។
ការស្លាប់នៃមនុស្សទាំងបីនាក់នេះបានកើតមានឡើងនៅលើកោះជ្វា ដែលនៅទីនោះផ្ទះមួយចំនួនក្នុងស្រុក Sumenep បានរលំដោយសារការរញ្ជួដីមានកម្លាំង៦.០ កាលពីពេលព្រឹកមិញនេះ។អ្នកទេសចររាប់ពាន់នាក់នៅលើកោះបាលី ដែលនៅទីនោះកំពុងមានការប្រជុំប្រចាំឆ្នាំនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក បានរត់ចេញពីសណ្ឋាគារ ដោយភ័យស្លន់ស្លោនៅពេលអាគាររង្គើ។
គ្មានរបាយការណ៍ជាបន្ទាន់អំពីការខូចខាតនៅលើកោះបាលីទេ ហើយក៏គ្មានការព្រមានអំពីរលកយក្សស៊ូណាមិផងដែរ។
មហន្តរាយនៅថ្ងៃព្រហស្បតិ៍នេះបានកើតមានឡើងនៅពេលដែលក្រុមអ្នកជួយសង្គ្រោះគ្រោងបញ្ចប់ការស្វែងរកសាកសពមនុស្ស ដែលនៅសេសសល់នៅលើកោះ Sulawesi ដែលនៅទីនោះមនុស្សជាងពីរពាន់នាក់បានស្លាប់នៅក្នុងការរញ្ជួយផែនដីនិងរលកយក្សស៊ូណាមិ កាលពីខែមុន។ការខូចខាតភាគច្រើនបានកើតមានឡើងនៅក្នុងក្រុង Palu ដែលនៅទីនោះផ្ទះច្រើនខ្នងបានកប់នៅក្នុងភក់ នៅពេលដែលការរញ្ជួយដីមានកម្លាំង៧,៥បានធ្វើដីទន់ឱ្យក្លាយទៅជាលំហូរភក់។ក្រុមមន្ត្រីមានជំនឿថា មានមនុស្ស៥ពាន់នាក់បានបាត់បង់ជីវិតដោយកប់នៅក្នុងដីទន់។
មានអ្នកស្រុកជិតប្រាំរយនាក់បានស្លាប់នៅក្នុងការរញ្ជួយដីនៅលើកោះ Lombok នៅជិតកោះបាលីនៅចន្លោះខែសីហា និងខែកញ្ញាកន្លងទៅនេះ៕