គ្រោះមហន្តរាយទ្វេដងនៅក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងចាប់ផ្តើមលេចឡើងនៅពេលក្រុមជួយសង្គ្រោះមកដល់ និងបានទៅជួយសង្គ្រោះនៅតាមតំបន់ឆ្ងាយដាច់ស្រយាល នានាអស់រយៈពេល៥ថ្ងៃ បន្ទាប់ពីគ្រោះរញ្ជួយដី ដែលមានកម្លាំង៧,៥វ៉ិចទ័រ និងរលកស៊ូណាមីបានបំផ្លិចបំផ្លាញតំបន់ឆ្នេរសមុទ្រនៃខេត្ត Sulawesi ភាគកណ្តាល។
ការបន្តកង្វះស្បៀងអាហារ ទឹកស្អាត ប្រេង និងថ្នាំពេទ្យកំពុងធ្វើឲ្យមនុស្សជាច្រើនចាកចេញពីតំបន់ដែលទទួលរងគ្រោះនានា ខណៈទីភ្នាក់ងារផ្តល់ជំនួយបង្ហាញក្តីបារម្ភអំពី
លទ្ធផលនៃការចាកចេញទាំងនេះរួមទាំងកុមាររាប់ពាន់នាក់ផងដែរ។ មានសេចក្តីរាយការណ៍ថា អំពើលួចប្លន់បានកើតឡើងនាពេលថ្មីៗនេះផងដែរ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារបានប្រកាសថា ចំនួនមនុស្សសា្លប់បានកើនឡើងដល់១២៣៤នាក់។ មនុស្សចំនួន៥ម៉ឺនាក់ត្រូវបានរាយការណ៍ថា បានបាត់បង់ទីលំនៅ ហើយរដ្ឋាភិបាលបានប្រកាសថា មនុស្សចំនួន១លាន៥សែននាក់បានទទួលរងប៉ះពាល់ដោយសារគ្រោះមហន្តរាយនេះ។
លោកStanley Widianto អ្នកសារព័ត៌មានដែលរាយការណ៍ពីក្រុង Paluបានប្រាប់
VOA ថា អ្នកផ្លាស់ទីលំនៅក្នុងក្រុងចែកចេញជាពីរក្រុម។ មួយក្រុមស្នាក់នៅក្នុងមជ្ឈមណ្ឌលជំនួយមនុស្សធម៌ ហើយចំពោះអ្នកដែលមិនចង់បែកពីក្រុមគ្រួសាររបស់ពួកគេ នោះពួកគេអាចស្នាក់នៅជាមួយគ្នានៅក្នុងភូមិ។ ហើយក្រុមមួយទៀតគឺ អ្នកដែលមិនបានទទួលជំនួយគ្រប់គ្រាន់។
អ្នករស់រានមានជីវិតរាប់ពាន់នាក់ត្រូវដេកនៅតាមទីវាល។ នាង Iris Van Deinse អ្នកនាំពាក្យរបស់សហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ ដែលស្ថិតនៅ ក្រុង Paluបានប្រាប់ VOA ថា គេអាចធ្វើដំណើរចូលទៅដល់តំបន់ដាច់ស្រយាលនានាដូចជាតំបន់ Donggalaនិងតំបន់ Sigi ប៉ុន្តែដើមឈើជាច្រើននៅតែបិទផ្លូវចូលទៅកាន់តំបន់ដែលប៉ះពាល់ផ្សេងៗទៀត៕