បើទោះបីជាវិបត្តិនយោបាយក្នុងប្រទេសកម្ពុជាបានបិទបញ្ចប់ក៏ពិតមែន តែការចេញដីកាកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិពីតុលាការក្រុងភ្នំពេញដែលទទួលរងនូវការរិះគន់ថា មិនឯករាជ្យ និងស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាចនោះ នៅតែបន្តកើតមានដដែល។
ការចេញដីកាកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ និងការចាប់ឃុំសកម្មជនបីនាក់ក្នុងពន្ធនាគារនេះបានបង្កឲ្យក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកក្នុងប្រទេសកម្ពុជា រិះគន់ថា ករណីចាប់ខ្លួនអ្នកតំណាងរាស្ត្រ និងសកម្មជនកន្លងមកគឺជារឿងនយោបាយ ដែលមិនអាចប្រកែកបាន។
នៅក្នុងអង្គសន្និសីទកាសែតនៅថ្ងៃពុធនេះ មន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះបានទាមទារឲ្យតុលាការដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិបីនាក់ដែលកំពុងជាប់ឃុំ ឲ្យចេញពីពន្ធនាគារជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ។
លោកគុល បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយឈ្មោះខុមហ្រែល មានប្រសាសន៍ថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្រកន្លងមកនិងការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិគឺជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ។
លោកនិយាយថា៖ «មូលហេតុខាងក្រោយគឺរឿងនយោបាយ ហើយឥឡូវស្ថានការណ៍នយោបាយត្រឡប់មានការស្រុះស្រួលគ្នាហើយ ត្រូវតែបង្កលក្ខណៈឲ្យស្ថានភាពនយោបាយត្រឡប់មកវិញ ល្អប្រសើរ។ ហើយនៅប្រទេសខ្លះក៏គេអញ្ចឹងដែរ មិនមែនមានន័យថា ច្បាប់គិតពីច្បាប់ទេ»។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៧រូប និងសកម្មជនគណបក្សចំនួន៤រូប ក្នុងនោះមានបីរូបកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារនៅឡើយ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនពាក់ព័ន្ធនឹងអំពើហិង្សាកាលពីថ្ងៃទី១៥ខែកក្កដា បន្ទាប់ពីមានអំពើហិង្សានៅទីលានប្រជាធិបតេយ្យដែលបានបណ្តាលឲ្យសន្តិសុខ និងសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណជិត៥០នាក់បានរងរបួស។
អ្នកតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៨រូប ក្រោយមក ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ ក៏ប៉ុន្តែប៉ុន្មានថ្ងៃក្រោយពីអ្នកតំណាងរាស្ត្រត្រូវបានដោះលែង សកម្មជនគណបក្សចំនួនបីនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ហើយតុលាការបន្តចេញដីកាកោះហៅសកម្មជនដទៃផ្សេងៗទៀតរបស់គណបក្សនេះមកបំភ្លឺក្នុងតុលាការ ក្រោមបទចោទដូចៗគ្នាគឺញុះញង់ឲ្យមានអំពើហិង្សានិងដឹកនាំកុប្បកម្ម។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការធ្វើការចោទប្រកាន់មិនមានធាតុផ្សំក្នុងការចោទប្រកាន់ទេ ហើយការចោទប្រកាន់នោះមិនស្ថិតក្នុងយុត្តាធិការនៃក្រមព្រហ្មទណ្ឌឡើយ។
លោកស្រីចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ករណីបាញ់សម្លាប់កម្មករនៅសួនឧស្សាហកម្មកាណាឌីយ៉ានិងការបាញ់សម្លាប់ស្រ្តីអ្នកលក់បាយម្នាក់នៅគល់ស្ពានស្ទឹងមានជ័យកាលពីដើមខែមករានោះ មានលក្ខណៈធ្ងន់ធ្ងរជាងអំពើហិង្សានៅទីលានប្រជាធិបតេយ្យទៅទៀត។ ក៏ប៉ុន្តែតុលាការមិនបានចេញដីកាចាប់ជនដៃដល់ដែលជាកម្លាំងមានសមត្ថកិច្ចយកមកផ្តន្ទាទោសទេ។
លោកស្រីបានបញ្ជាក់ថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដាគឺជាការបញ្ជាក់ថា ជាចេតនានយោបាយរបស់គណបក្សប្រជាជនកម្ពុជាមកលើគណបក្សសង្គ្រោះជាតិនៅមុនការចរចាចាប់ផ្តើម។
លោកហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការនិចហ្វិច មានប្រសាសន៍ថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្រកន្លងមកជាការបំបែកនូវឆន្ទៈនយោបាយ និងជាការដាក់សម្ពាធនយោបាយដែរ។ លោកមានប្រសាសន៍ថា សព្វថ្ងៃនេះតុលាការកម្ពុជាជាឧបករណ៍នយោបាយរបស់គណបក្សមួយ ពីព្រោះទាំងទិដ្ឋភាពច្បាប់ និងអង្គហេតុនៃការចាប់ខ្លួនអ្នកតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិកន្លងមក ជាការខុសច្បាប់។
លោកនិយាយថា៖ «ខុសនិតិវិធី ខុសការគោរពសិទ្ធិមនុស្ស និយាយឲ្យខ្លីគឺខុសច្បាប់តែម្តងក្នុងការចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រទាំង៧នាក់និងសកម្មជនម្នាក់នោះ»។
វីអូអេបានព្យាយាមទាក់ទងស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តែមិនអាចទាក់ទងបានទេនៅថ្ងៃពុធនេះ។ ក៏ប៉ុន្តែលោកញ៉ែម ថាវី អ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ថា រឿងនេះជារឿងអនុវត្តច្បាប់របស់តុលាការ ហើយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ៕