ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហប្រជាជាតិ ប្រាប់​សមាជិក​សភា​អាមេរិក​ឲ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត


រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Kyaw Moe Tun ថ្លែង​នៅឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Kyaw Moe Tun ថ្លែង​នៅឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។

ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​សមាជិក​សភា​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន គួរតែដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​មីយ៉ាន់ម៉ា ​និង​ធនាគារ​មួយ​ដែល​កាន់កាប់​ដោយ​រដ្ឋ។

លោក​ឯកអគ្គរដ្ឋទូត Kyaw Moe Tun ដែល​ជា​តំណាង​សមាជិក​សភា​ជាប់​ឆ្នោត​ដែល​ជំទាស់​ប្រឆាំង​ពួក​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ក៏​បាន​ព្រមាន​ដែរ​ថា វិបត្តិដែល​កើត​ចេញ​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​គំរាម​កំហែង​សន្តិសុខ​នៅ​ក្នុង​តំបន់។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Biden បាន​ថ្កោលទោស​ចំពោះ​រដ្ឋប្រហារ​នោះ​ហើយ​បាន​ដាក់​ទណ្ឌកម្ម​លើ​ពួក​ឧត្តមសេនីយ​ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ​និង​សមាជិក​ក្រុម​គ្រួសារ​និង​ពាណិជ្ជកម្ម​របស់​ពួកគេ​ខ្លះ​ ដែលផ្តល់​ប្រាក់​ចំណូល​ដល់​ពួកគេ។​

លោក​ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា បាន​ប្រាប់​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា​ថា ក្រៅពី​ធនាគារ Myawaddy និង Innwa ដែល​កាន់កាប់​ដោយ​ពួក​យោធា សហរដ្ឋ​អាមេរិក គួរតែ​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ពាណិជ្ជកម្ម​បរទេស​មីយ៉ាន់ម៉ា​ដែល​រដ្ឋ​កាន់កាប់​ ហើយ​នឹង​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​មីយ៉ាន់ម៉ា (MOGE) ​ផងដែរ។​

ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​មីយ៉ាន់ម៉ា (MOGE) រកស៊ី​រុករក​ឧស្ម័ន​នៅ​សមុទ្រ ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ រួមមាន​ក្រុមហ៊ុន Chevron ដែល​មាន​ទីតាំងនៅ​សហរដ្ឋ​អាមេរិក​និង​ក្រុមហ៊ុន Total របស់​បារាំង។ ចំណែក​ធនាគារ​ពាណិជ្ជកម្ម​បរទេស​មីយ៉ាន់ម៉ា (MFTB) រកស៊ី​ដោយប្រើ​ប្រាស់​រូបិយប័ណ្ណ​បរទេស​សម្រាប់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។

សមាគម​ជួយ​អ្នក​ទោស​នយោបាយ បាន​បញ្ជាក់​ថា កងកម្លាំង​សន្តិសុខ បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​តិច៧៦៦​នាក់​ ចាប់តាំង​មាន​ពីរដ្ឋប្រហារ​មក​ដែល​បាន​បណ្តាល​ឲ្យ​មាន​បាតុកម្ម​ទូទាំង​ប្រទេស៕

XS
SM
MD
LG