សាស្ត្រាចារ្យសាកលវិទ្យាល័យនិងបុគ្គលិកសិក្សាជាង១១.០០០នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលប្រឆាំងនឹងរបបយោធា ត្រូវបានផ្អាកពីការងាររបស់ពួកគេ បន្ទាប់ពីធ្វើកូដកម្មប្រឆាំងនឹងការដឹកនាំនៃរបបយោធាមក។ នេះបើតាមមន្ត្រីសហជីពសហព័ន្ធអប់រំមីយ៉ាន់ម៉ាមួយរូប ដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ដោយសុំមិនឲ្យបញ្ចេញឈ្មោះ ដោយបារម្ភពីការសងសឹករបស់អាជ្ញាធរ។
ការផ្អាកការងារនេះធ្វើឡើងខណៈដែលសាកលវិទ្យាល័យនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបើកដំណើរការឡើងវិញ បន្ទាប់ពីត្រូវបិទទ្វារមួយឆ្នាំមក ដោយសារវិបត្តិនៃជំងឺកូវីដ១៩។ ការណ៍នេះនឹងធ្វើឲ្យមានការប្រឈមជាថ្មីមួយទៀតរវាងនិស្សិតនិងបុគ្គលិកសិក្សា ដែលបានអំពាវនាវឲ្យមានពហិការជុំវិញរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅនោះ។
សាកលវិទ្យាធិការមួយរូបអាយុ៣៧ឆ្នាំ ដោយគ្រាន់តែប្រាប់ឈ្មោះអ្នកស្រីថា Thandar ព្រោះខ្លាចការសងសឹកពីអាជ្ញាធរនោះ បានថ្លែងថា៖ «ខ្ញុំសោកស្តាយដែលត្រូវបោះបង់ការងារមួយដែលខ្ញុំពេញចិត្តបំផុត ប៉ុន្តែខ្ញុំមានមោទនភាព ដែលបានងើបប្រឆាំងនឹងភាពអយុត្តិធម៌នេះ»។
សាស្ត្រាចារ្យមីយ៉ាន់ម៉ាមួយរូបដែលកំពុងធ្វើកម្មសិក្សាក្នុងសហរដ្ឋអាមេរិកនោះនិយាយថា អ្នកស្រីត្រូវបានបង្គាប់ឱ្យប្រកាសពីការប្រឆាំងរបស់អ្នកស្រីចំពោះការធ្វើកូដកម្មរបស់ក្រុមនិស្សិតនិងបុគ្គលិកសិក្សាទាំងនោះ បើមិនដូច្នោះទេ អ្នកស្រីត្រូវបាត់បង់ការងារ។ អ្នកស្រីបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា គណៈគ្រប់គ្រងសាកលវិទ្យាល័យបានប្រាប់អ្នកស្រីថា សាស្ត្រាចារ្យទាំងអស់ នឹងត្រូវគេតាមរក ហើយបង្ខំឲ្យជ្រើសរើសរវាងកត្តាទាំងពីរ តើពួកគេគាំទ្រឬប្រឆាំងនឹងកូដកម្មសិក្សានោះ។
ក្រុមសិស្ស និស្សិត និងគ្រូបង្រៀនមីយ៉ាន់ម៉ាកន្លងមកបានដឹកនាំចលនាប្រឆាំងខាងនយោបាយទល់នឹងការគ្រប់គ្រងយោធាអស់ជាងកន្លះសតវត្សរ៍មកហើយ និងដើរតួជាថ្មីក្នុងការប្រឆាំងចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាទម្លាក់អ្នកស្រី Aung San Suu Kyi នៅដើមឆ្នាំនេះមក៕