អ្នករៀបចំការតវ៉ាថ្នាក់ជាតិមួយសម្រាប់និយោជិត និយាយថា និយោជិតរាប់ម៉ឺននាក់គ្រោងនឹងដើរចេញពីកន្លែងធ្វើការរបស់ខ្លួននៅថ្ងៃច័ន្ទម៉ោងក្នុងសហរដ្ឋអាមេរិក នៅតាមទីក្រុងជាង ១០ ក្នុងសហរដ្ឋអាមេរិក ដើម្បីតវ៉ានឹងវិសមភាពជាតិសាសន៍ និងសេដ្ឋកិច្ចលក្ខណៈប្រព័ន្ធ ដែលកាន់តែអាក្រក់ក្នុងអំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ១៩។
ការតវ៉ាដែលត្រូវបានគេហៅថា «បាតុកម្មដើម្បីពលរដ្ឋស្បែកខ្មៅ» សហជីពកម្មករ រួមជាមួយនឹងអង្គការដើម្បីយុត្តិធម៌សង្គមនិងយុត្តិធម៌ជាតិសាសន៍មួយចំនួននៅក្នុងទីក្រុងញូវយ៉ក ទីក្រុង Los Angeles និងទីក្រុងមួយចំនួនទៀត នឹងចូលរួមនៅក្នុងការតវ៉ាដែលបានគ្រោងទុកនេះ។
ក្រុមអ្នករៀបចំបាតុកម្មនេះបាននិយាយថា នៅកន្លែងធ្វើការណាដែលនិយោជិតមិនអាចឈប់ពេញមួយថ្ងៃបាន បាតុករនឹងត្រូវចូលរួមក្នុងពេលឈប់សម្រាកទទួលទានអាហារពេលថ្ងៃត្រង់ ឬត្រូវស្មឹងស្មាធមួយរយៈខ្លី ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ដោយសារអំពើហិង្សារបស់ប៉ូលិស។
ក្នុងចំណោមបាតុករទាំងអស់ នឹងរួមមាននិយោជិតដែលធ្វើការងារសំខាន់ៗដូចជា បុគ្គលិកនៅតាមមណ្ឌលចាស់ជរា អ្នកបោសសម្អាត និងអ្នកដឹកជញ្ជូនទំនិញជាដើម។ គេរំពឹងថា បុគ្គលិកនៅតាមអាកាសយានដ្ឋាន ភោជនីយដ្ឋាន និងអ្នកបើករថយន្ដឈ្នួល ក៏នឹងចូលរួមក្នុងបាតុកម្មនេះដែរ។
បាតុកម្មនៅតែបន្ដធ្វើឡើងនៅទូទាំងពិភពលោកដើម្បីតវ៉ាប្រឆាំងនឹងរើសអើងជាតិសាសន៍ និងភាពសាហាវឃោរឃៅរបស់ប៉ូលិស ក្រោយការស្លាប់របស់លោក George Floyd ដែលជាបុរសស្បែកខ្មៅម្នាក់ ដែលស្លាប់ក្រោមសមត្ថកិច្ចប៉ូលិសក្នុងក្រុង Minneapolis កាលពីចុងខែឧសភា។
នៅពេលថ្ងៃត្រង់ ម៉ោងក្នុងសហរដ្ឋអាមេរិក គេរំពឹងថា និយោជិតនឹងលុតជង្គង់ម្ខាងរយៈពេលប្រហែល៨ នាទីដែលក្រុមរដ្ឋអាជ្ញានិយាយថា នេះជារយៈពេលដែលប៉ូលិសស្បែកសម្នាក់បានប្រើជង្គង់សង្កត់កលោក Floyd៕