ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់សែន​នាក់​ចូលរួម​ហែរ​សព​អ្នក​វិភាគ​នយោបាយ​ខ្មែរ លោក កែម ឡី


ប្រជាពលរដ្ឋខ្មែរចូលរូមក្នុងពិធីបុណ្យសពអ្នកវិភាគនយោបាយឯករាជ្យលោក កែម ឡី នៅវត្តចាស់ សង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋខ្មែរចូលរូមក្នុងពិធីបុណ្យសពអ្នកវិភាគនយោបាយឯករាជ្យលោក កែម ឡី នៅវត្តចាស់ សង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។

នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​បាន​ចូលរួម​ដង្ហែរ​សព​របស់​អ្នករិះគន់​រដ្ឋាភិបាល​ដ៏​សំខាន់​ម្នាក់ ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​កាល​ពី​ដើម​ខែ​នេះ ដែល​ឃាតកម្ម​នេះ​បាន​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​អំពី​អំពើ​ហិង្សា​នយោបាយ​នៅ​ក្នុង​ការបោះឆ្នោត​ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។

លោក កែម ឡី ដែល​ជា​អ្នកវិភាគ​នយោបាយ​ដែល​ទទួល​បាន​ការកោតសរសើរ​យ៉ាង​ខ្លាំង ត្រូវ​បាន​គេ​សម្លាប់ ខណៈ​ពេល​ដែល​លោក​ពិសារ​កាហ្វេ​ពេលព្រឹក​នៅ​ក្នុង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​មួយ​កន្លែង​ដែល​ស្ថិត​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​២​សប្តាហ៍​មុន ដែល​បាន​ធ្វើ​ឲ្យ​សាធារណជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ការសោកសៅ សោកស្តាយ និង​ខឹង​សម្បារ​យ៉ាង​ខ្លាំង​។

លោក កែម ឡី គឺ​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ដ៏​មាន​សក្តានុពល ដែល​អាច​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ តាមរយៈ​ការវិភាគ​នយោបាយ​របស់​លោក​តាម​វិទ្យុ​ជា​ប្រចាំ។ លោក​បាន​ជួយ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​កាន់​តំណែង​ផ្លូវការ​អ្វី​នៅ​ក្នុង​គណបក្ស​នេះ​នោះ​ទេ បន្ទាប់​ពី​គណបក្ស​នេះ​បាន​បង្កើត​ឡើង។ ​

ជនជាប់​ចោទ​ឈ្មោះ អឿត អាង ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឃាតកម្ម​ពាក់ព័ន្ធ​នឹង​ការសម្លាប់​នេះ។ ជនជាប់ចោទ​រូប​នេះ បាន​អះអាង​ថា ការបាញ់ប្រហារ​នេះ​គឺ​ដោយសារ​តែ លោក កែម ឡី មិន​ព្រម​សង​បំណុល ដែល​ជា​ការអះអាង​ដែល​គ្មាន​អ្នកណា​ជឿ សូម្បី​តែ​ភរិយា​និង​ម្តាយ​របស់​ជន​នេះ​ក៏​មិន​ជឿ​ដែរ។ ​

ក៏​ប៉ុន្តែ​នៅ​តែ​មាន​ការសង្ស័យ​ដែល​ថា ការបាញ់ប្រហារ​នេះ​គឺ​កើតឡើង​ដោយ​សារ​តែ​សកម្មភាព​ខ្លាំង​ក្លា​របស់​លោក កែម ឡី និង​ការនិយាយ​រិះគន់​មិន​សំចៃ​មាត់​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ក្តោបក្តាប់​អំណាច​អស់​រយៈពេល​ជាង​៣០​ឆ្នាំ។ ​

ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ទទួល​មរណភាព លោក កែម ឡី វ័យ​៤៦​ឆ្នាំ បាន​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ច្រើន​ទៅ​លើ​របាយការណ៍​មួយ ដែល​និយាយ​លម្អិត​អំពី​ទ្រព្យសម្បត្តិ​ដែល​លោក​នាយករដ្ឋមន្ត្រី​និង​ក្រុមគ្រួសារ​របស់​លោក​បាន​ក្តោបក្តាប់។ ​

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ធ្វើ​ការស៊ើបអង្កេត​ទៅ​លើ​ឃាតកម្ម​លោក កែម ឡី ដែល​អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង​ក្នុង​អំឡុងពេល​ដែល​មាន​ភាពតានតឹង​នយោបាយ​រវាង​លោក​នាយករដ្ឋមន្ត្រី និង​គណបក្ស​ប្រឆាំង​ដែល​ជា​ឧបសគ្គ​នៃ​ការកាន់កាប់​អំណាច​រយៈពេល​វែង​របស់​លោក​នាយករដ្ឋមន្ត្រី នៅ​ក្នុង​ការបោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​និង​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

សាកសព​របស់​លោក កែម ឡី ត្រូវ​បាន​ដាក់​ក្នុង​ក្តារមឈូស​កញ្ចក់​រយៈពេល​២​សប្តាហ៍​នៅ​ក្នុង​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​សាធារណជន​អាច​ចូល​គោរព​វិញ្ញាណក្ខន្ធ​បាន។

លោក John Coughlan អ្នកស្រាវជ្រាវ​នៃ​អង្គការ Amnesty International បាន​មាន​ប្រសាសន៍​ថា «ការសម្លាប់​លោក កែម ឡី គឺ​ជា​ការសោកស្តាយ​ដែល​បញ្ជាក់​ជា​ថ្មី​ឡើងវិញ​នូវ​ហិង្សា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។»

ក្បួន​ដង្ហែរ​សព​នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​ចាប់​ផ្តើម​តាំង​ពី​ព្រឹក​ព្រហាម ធ្វើ​ដំណើរ​ចម្ងាយ​៧០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ស្រុក​កំណើត​របស់​លោក កែម ឡី ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត តាកែវ។ ក្បួន​ដង្ហែរសព​នេះ​មាន​អ្នកខ្លះ​ដើរ អ្នកខ្លះ​ជិះ​ម៉ូតូ រថយន្ត និង​អ្នកខ្លះ​ទៀត​ជិះ​រម៉ក ហើយ​ក្បួន​ដង្ហែរ​សព​នេះ​ក៏​មាន​អ្នកឈរ​អម​តាម​ដង​ផ្លូវ​ជា​ច្រើន​សែន​នាក់​ផង​ដែរ។ ​

កងកម្លាំង​ប៉ូលិស​ប្រយុទ្ធ​ប្រឆាំង​នឹង​ការវាយឆ្មក់​ត្រូវ​បាន​ដាក់​បញ្ឈរ​ជើង​នៅ​តាម​ដងផ្លូវ ដែល​អ្នកហែរ​សព​រាប់សែន​នាក់​ឆ្លង​កាត់។

អ្នកហែរសព​ជាច្រើន​ពាក់អាវ​យឺត​ពណ៌​ស​ដែល​មាន​រូប​លោក កែម ឡី។ អាវយឺត​មួយ​ចំនួន​មាន​សរសេរ​ពាក្យ​សោ្លក​ថា «ជូន​ទឹក​ភ្នែក​របស់​អ្នក ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។»

បុណ្យសព​របស់​លោក កែម ឡី នឹង​ប្រារព្ធ​ឡើង​នៅ​ក្នុង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ៕

XS
SM
MD
LG