កាលពីថ្ងៃសុក្រ ពលរដ្ឋស៊ីរីរាប់ម៉ឺននាក់បានរត់គេចខ្លួនចេញពីផ្ទះសម្បែងពួកគេនៅក្នុងក្រុង Aleppo ធ្ពោះទៅកាន់ប្រទេសតួកគី នៅពេលដែលប្រទេសរុស្សីបង្កើនការទម្លាក់គ្រាប់បែកនៅក្នុងប៉ែកខាងជើងនៃប្រទេសស៊ីរីប្រឆាំងនឹងពួកឧទ្ទាមដែលខិតខំព្យាយាមទម្លាក់ប្រធានាធិបតី Bashar al-Assad ចេញពីតំណែង។
មូលនិធិជួយសង្គ្រោះខាងមនុស្សធម៌តួកគីដែលជាអង្គការសប្បុរសធម៌មួយបាននិយាយថា ជនភៀសខ្លួន៥ម៉ឺននាក់បានទៅដល់ព្រំដែនរវាងប្រទេសស៊ីរី និងប្រទេសតួកគី ទោះណាជារដ្ឋាភិបាលក្រុងអង់ការ៉ា (Ankara) បានបិទច្រកឆ្លងកាត់ព្រំដែនខ្លួន ហើយគេដឹងមិនច្បាស់លាស់ទេថាតើជនភៀសខ្លួនទាំងនេះនឹងត្រូវអនុញ្ញាតឱ្យចូលក្នុងប្រទេសតួកគី ឬយ៉ាងណានោះទេ។ អង្គការសប្បុរសធម៌នេះបាននិយាយថា ពួកគេបានបង្កើតជំរុំតង់នៅក្នុងប្រទេសស៊ីរីនៅជិតព្រំដែនដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្នដល់ក្រុមជនទាំងនេះ។
ប្រទេសតួកគីបានទទួលយកពលរដ្ឋស៊ីរីជាង២លាន៥សែននាក់រួចហើយចាប់តាំងពីសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីបានចាប់ផ្តើម។ រដ្ឋាភិបាលប្រទេសនេះនិយាយថា មានជនជាតិស៊ីរីរាប់ពាន់នាក់ទៀតកំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនរបស់ខ្លួន។
លំហូរថ្មីៗបំផុតៗនៃក្រុមជនភៀសខ្លួនដែលបានខិតខំព្យាយាមរត់គេចខ្លួនចេញពីប្រទេសស៊ីរីបានកើតមានឡើងនៅពេលដែលពួកទាហានរដ្ឋាភិបាលដែលទទួលការគាំទ្រពីការវាយប្រហារតាមអាកាសយ៉ាងខ្លាំងដោយរុស្សីបានបើកការវាយប្រហារនៅក្នុងប៉ែកខាងជើងនៃប្រទេសស៊ីរីដែលមានគោលដៅឡោមព័ទ្ធក្រុង Aleppo ដែលជាក្រុងធំជាងគេក្នុងប្រទេសស៊ីរី។
ក្រសួងការពារប្រទេសនៃប្រទេសរុស្សីបាននិយាយថា កងយន្តហោះប្រតិកម្មប្រយុទ្ធរបស់ពួកគេបានវាយប្រហារលើទីដៅ៨៧៥ក្នុងប្រទេសស៊ីរីក្នុងសប្តាហ៍នេះ រួមទាំងការវាយប្រហារតាមអាកាសក្នុងការវាយលុកក្នុងផ្នែកខាងជើងប្រទេសផងដែរ៕