ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

IOM៖ ចំនួន​ជន​ចំណាក​ស្រុក​ទៅ​ដល់​អឺរ៉ុប​នឹង​កើន​ដល់​១លាន​នាក់​នៅ​ដំណាច់​ឆ្នាំ​នេះ


រូបថតឯកសារ៖ មនុស្សម្នា​រង់ចាំចូល​ចុះឈ្មោះ​​នៅ​មជ្ឈមណ្ឌល​ចុះឈ្មោះ​ជន​ចំណាកស្រុក​ និង​ជន​ភៀសខ្លួន​ក្នុងក្រុង Opatovac ប្រទេស​ក្រូអាស៊ី កាលពីខែតុលា ឆ្នាំ២០១៥។
រូបថតឯកសារ៖ មនុស្សម្នា​រង់ចាំចូល​ចុះឈ្មោះ​​នៅ​មជ្ឈមណ្ឌល​ចុះឈ្មោះ​ជន​ចំណាកស្រុក​ និង​ជន​ភៀសខ្លួន​ក្នុងក្រុង Opatovac ប្រទេស​ក្រូអាស៊ី កាលពីខែតុលា ឆ្នាំ២០១៥។

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ IOM ​បាន​និយាយ​ថា​គេរំពឹង​ថា​ ចំនួន​ជន​ភៀស​ខ្លួន​និង​ពួក​ជ​ន​ចំណាក​ស្រុក​ដែល​ទៅ​ដល់​ទ្វីប​អឺរ៉ុប​ដោយ​ធ្វើ​ដំណើរ​តាម​សមុទ្រ​និង​តាម​ផ្លូវ​គោក​នឹង​ឡើង​ដល់​មួយ​លាន​នាក់​នៅ​សប្តាហ៍ក្រោយ។

ទីភ្នាក់ងារដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ហ្សឺណែវ​មួយ​នេះ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​ជា​ទិវា​ទេសន្តរប្រវេសន៍​អន្តរជាតិ​ថា​ មាន​មនុស្ស​៩៩០.៧៦១​នាក់​បាន​ធ្វើ​ដំណើរ​ពី​ទ្វីប​អាហ្វ្រិក​ ឬ​ពី​ភូមិភាគ​មជ្ឈឹម​បូព៌ា​ទៅ​ដល់​ទ្វីប​អឺរ៉ុប។ ​មនុស្ស​ប្រមាណ​៨០០.០០០​នាក់​បាន​ឆ្លង​កាត់ពី​ប្រទេស​ តួកគី​ទៅ​កាន់​ប្រទេស​ក្រិក​ ហើយ​ក្នុង​ចំណោម​ជន​ទាំង​នេះ​មាន​ជាង​ពាក់​កណ្តាល​គឺ​ប្រមាណ​៤៥៥.០០០​នាក់​ជា​ជន​ជាតិ​ស៊ីរី។​

លោក ​Joel Millman​ អ្នក​នាំ​ពាក្យ​អង្គការ​ IOM បាន​និយាយ​ថា​ មនុស្ស​ប្រមាណ​៤.៣០០​នាក់​បាន​ធ្វើ​ដំណើរ​ពី​ឆ្នេរ​សមុទ្រ​ប្រទេស​តួកគី​ទៅ​កាន់​កោះ​នៃ​ប្រទេស​ក្រិក​នៅ​ជិត​ខាង ​កាល​ពី​ថ្ងៃ​ពុធ​ហើយ​ថា ​អង្គការ​នេះ​ស្ទង់​ប្រមាណ​ថា​ នឹង​មាន​ចំនួន​ឡើង​ដល់​មួយ​លាន​នាក់​មិន​ហួស​ពី​ថ្ងៃ​អង្គារ​ទេ។

អង្គការ​ IOM​ បាន​ថ្លែង​ថា​ ចំនួន​មនុស្ស​ទៅ​ដល់​រៀង​រាល់​ថ្ងៃ​នៅ​តែ​មាន​បន្ត​រាប់​ពាន់​នាក់​ ទោះណា​ជា​មាន​ធាតុ​អាកាស​ត្រជាក់​ជាង​មុន​និង​ស្ថាន​ភាព​សមុទ្រ​មាន​គ្រោះ​ថ្នាក់​ក៏​ដោយ។​

អង្គការ IOM បាននិយាយ​ថា​ «ឆ្នាំ​២០១៥​ នឹង​ត្រូវ​ចង​ចាំ​ថា​ជា​ឆ្នាំ​មួយ​នៃ​ការ​រង​ទុក្ខវេទនា​របស់​មនុស្ស​និង​សោកនាដកម្ម​របស់​ក្រុម​ជន​ចំណាក​ស្រុក»។ កាល​ពី​១២ខែ​កន្លង​ទៅ​នេះ «មាន​ស្ត្រី ​បុរស​ និង​កុមារ​ជាង​៥.០០០​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​ស្វះស្វែង​រក​កិច្ច​ការពារ​និង​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន»៕

XS
SM
MD
LG