របាយការណ៍សង្ខេបលើគោលនយោបាយរបស់វិទ្យាស្ថានអភិវឌ្ឍន៍ក្រៅប្រទេស (ODI) មានចំណងជើងថាដំណើរទៅកាន់តំបន់អឺរ៉ុប(Journeys to Europe) បានធ្វើឡើងដោយយោងតាមការធ្វើសម្ភាសន៍ស៊ីជម្រៅជាមួយជនចំណាកស្រុក ជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោនជាង៥០នាក់ នៅប្រទេសអង់គ្លេស អាល្លឺម៉ង់ និងអេស្ប៉ាញ។
អ្នកសិក្សាស្រាវជ្រាវ អ្នកស្រី Jessica Hagen-Zanker ដែលជាសហការីនិពន្ធនៃរបាយការណ៍នោះ និយាយថា ដើម្បីដោះស្រាយជាមួយវិបត្តិនេះឲ្យបានល្អបំផុត មន្ត្រីទទួលបន្ទុកត្រូវយល់អំពីផ្នត់គំនិតរបស់អ្នកដែលធ្វើដំណើរទាំងនោះ។
«អ្នកនយោបាយអឺរ៉ុបនិងអ្នកនយោបាយទាំងអស់នៅទូទាំងពិភពលោក កំពុងតែធ្វើការទស្សន៍ទាយថា ជនភៀសខ្លួន ជនស្វែងរកសិទ្ធិជ្រកកោន ក៏ដូចជាជនទេសន្តរប្រវេសន៍ក្នុងន័យសេដ្ឋកិច្ចផ្សេងទៀត កំពុងមកកាន់ទ្វីបអឺរ៉ុបដោយសារតែគោលនយោបាយរបស់ពួកគេ ដែលបានធ្វើឲ្យអ្នកទាំងនោះងាយស្រួលចូលមក។ យើងមានបំណងធ្វើការសាកល្បង ថាតើគោលនយោបាយទាំងនេះអាចប្តូរផ្នត់គំនិតរបស់មនុស្សបានដែរឬទេ អំពីការចំណាកស្រុក»។
របាយការណ៍សង្ខេបរបស់វិទ្យាស្ថានអភិវឌ្ឍន៍ក្រៅប្រទេស (ODI) សរសេរថា «ដោយមានករណីលើកលែងខ្លះ ការឆ្លើយតបរបស់សហភាពអឺរ៉ុបត្រូវបានដឹកមុខដោយគោលនយោបាយធ្វើឲ្យមានគ្រោះថ្នាក់ ការរឹតត្បិត និងការធ្វើឲ្យរាងចាល»។ របាយការណ៍នោះបន្ថែមថា «ជាជាងការស្វាគមន៍ ការតាំងលំនៅ និងការបញ្ចូលអ្នកចំណូលថ្មីទាំងនោះ រដ្ឋសមាជិករបស់សហភាពអឺរ៉ុបជាច្រើនបានព្យាយាមបណ្តេញពួកគេចេញ តាមរយៈគោលនយោបាយចំណាកស្រុកដ៏រឹតត្បិត ដែលតាក់តែងឡើងដើម្បីបញ្ឈប់មនុស្សមិនឲ្យមកកាន់ប្រទេសទាំងនោះ នៅដំណាក់កាលដំបូង»។
អ្នកស្រី HAGEN-ZANKER និយាយថា៖ «គោលនយោបាយទាំងនេះ និងគោលនយោបាយធ្វើឲ្យរាងចាល អាចដំណើរការបានដោយរារាំងមនុស្សទាំងនោះមិនឲ្យចូលមកក្នុងប្រទេស គឺការរារាំងខ្លួនរបស់ពួកគេឲ្យនៅក្រៅប្រទេសមិនឲ្យចូល។ ឧទាហរណ៍ ការធ្វើរបងមានន័យថា មនុស្សទាំងនោះមិនអាចឆ្លងកាត់ព្រំដែនបានទៀតទេ។ បទបញ្ញត្តិដែលធ្វើឲ្យការទទួលបានទិដ្ឋាការមានការពិបាក មានន័យថា មនុស្សទាំងនោះមិនអាចជិះយន្តហោះ ហើយធ្វើដំណើរទៅប្រទេសមួយទៀតបានទេ។ ក៏ប៉ុន្តែ អ្នកតាក់តែងគោលនយោបាយក៏បានសន្មតផងដែរថា គោលនយោបាយទាំងនេះមានប្រសិទ្ធភាពតាំងពីមុនពេលមនុស្សទាំងនោះចាប់ផ្តើមធ្វើដំណើរទៅទៀត ហើយពួកគេបានគិតថា គោលនយោបាយទាំងនេះអាចប្តូរផ្នត់គំនិតរបស់អ្នកធ្វើដំណើរ អំពីការធ្វើចំណាកស្រុក»។
អ្នកស្រី HAGEN-ZANKER និយាយថា ការរកឃើញសំខាន់មួយគឺថា «ការធ្វើដំណើរទាំងនោះគឺជាកត្តាដែលជះឥទ្ធិពលលើដំណើរការនៃការសម្រេចចិត្តក្នុងការធ្វើចំណាកស្រុក»។ អ្នកស្រីនិងសហការីនិពន្ធគឺលោក Richard Mallet បានសរសេរថា គម្រោងការរបស់មនុស្សទាំងនោះបានប្រែប្រួលនៅពេលធ្វើដំណើរ។
«ការធ្វើដំណើរជាច្រើនមានការចំណាយច្រើនណាស់ រយៈពេលវែង គ្រោះថ្នាក់និងមិនអាចព្យាករណ៍បាន។ នេះមានន័យថា ជនទេសន្តរប្រវេសន៍ត្រូវតែសម្របផែនការរបស់ពួកគេទៅនឹងអ្វីដែលកើតឡើងជាក់ស្តែងនៅតាមផ្លូវ។ ដូច្នេះ ពួកគេទទួលបានព័ត៌មានថ្មីរហូត។ ពួកគេជួបមនុស្សថ្មីៗ។ ពួកគេមានបទពិសោធន៍ល្អនិងអាក្រក់។ ប្រហែលមានអ្នកខ្លះជួយពួកគេ ហើយក៏អាចមានអ្នកខ្លះបោកប្រាស់ពួកគេ។ កត្តាជះឥទ្ធិពលទាំងនោះហើយដែលធ្វើឲ្យជនទេសន្តរប្រវេសន៍សម្រេចចិត្តថា ត្រូវធ្វើអ្វីបន្ទាប់ទៀត»។
អ្វីដែលបានរកឃើញដែរនោះគឺថា «ការធ្វើដំណើរមិនជាក់លាក់គឺជារឿងសាមញ្ញ»។ ជនទេសន្តរប្រវេសន៍និងជនភៀសខ្លួនជិត៤០០០នាក់បានស្លាប់កាលពីឆ្នាំមុន ដោយសារសោកនាដកម្មលិចទូកនៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រ Aegean។
«យើងបាននិយាយជាមួយពួកជនទេសន្តរប្រវេសន៍ចំនួនបីក្រុមជនជាតិផ្សេងៗគ្នា មានដូចជាអេរីត្រ សេណេហ្គាល់ និងស៊ីរី។ ជាមធ្យមមនុស្សទាំងនេះចំណាយអស់ជិត៣.០០០ផោន (ជាង៤.៣០០ដុល្លារ) ក្នុងការព្យាយាមមកដល់ទ្វីបអឺរ៉ុប។ ដូច្នេះ នេះជាដំណើរដ៏ថ្លៃមួយ ប្រសិនបើយើងប្រៀបធៀបជាមួយចំណាយលើការធ្វើដំណើរតាមយន្តហោះ។ អ្នកឆ្លើយនឹងសំណួររបស់យើងមានប្រហែលមួយភាគបី បានឆ្លើយថាត្រូវបានគេគម្រាមយកលុយដោយវិធីណាមួយ។ អ្នកឆ្លើយសំណួរមកពីប្រទេសអេរីត្រេ មានស្ទើរតែពាក់កណ្តាល ត្រូវបានគេចាប់ជំរឹតដើម្បីទារប្រាក់នៅក្នុងចំណុចណាមួយនៃការធ្វើដំណើររបស់ពួកគេ»។
ការរកឃើញសំខាន់ទីបី គឺថា សាររបស់រដ្ឋាភិបាលក្នុងទ្វីបអឺរ៉ុប ដែលស្តីពីការប្រឆាំងនឹងការធ្វើចំណាកស្រុកទំនងដូចជាមិនអាចរារាំងការសម្រេចចិត្តរបស់មនុស្សទាំងនោះបានទេ។
«ដូច្នេះ មនុស្សដែលកំពុងមកកាន់តំបន់អឺរ៉ុប បានសម្រេចចិត្តមកទីនោះដោយសារពួកគេមានអារម្មណ៍ថា ពួកគេគ្មានជម្រើសអ្វីទៀតទេ»។
របាយការណ៍ពីគោលនយោបាយសង្ខេបរបស់វិទ្យាស្ថានអភិវឌ្ឍន៍ក្រៅប្រទេស សរសេរថា ជនទេសន្តរប្រវេសន៍ និងជនភៀសខ្លួន កំពុងគិតរយៈពេលវែងឆ្ងាយទៅមុខ។ ពួកគេគិតថា តើអ្វីដែលជាការប្រសើរបំផុតសម្រាប់កូនៗរបស់ពួកគេ? តើពួកគេអាចកសាងជីវិតរបស់ពួកគេឡើងវិញបានទេ? តើពួកគេអាចរកការងារបានធ្វើទេ?
«គោលនយោបាយសាធារណៈជាទូទៅបែបនេះ ហាក់ដូចជាជះឥទ្ធិពលដល់មនុស្សទាំងនោះ ខ្លាំងជាងគោលនយោបាយទេសន្តរប្រវេសន៍»។
របាយការណ៍គោលនយោបាយសង្ខេបបានចេញជាអនុសាសន៍ចំនួនបីចំណុច។ ទីមួយ អំពាវនាវឲ្យសម្រួលដល់ការធ្វើដំណើរ ដោយការដោះស្រាយនូវអ្វីដែលរបាយការណ៍នោះហៅថា «ផលវិបាកដ៏អាក្រក់ផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ច ដែលចេញពីគោលនយោបាយប៉ុនប៉ងធ្វើឲ្យរាងចាលក្នុងការធ្វើចំណាកស្រុក»។ របាយការណ៍នេះ សរសេរថា បញ្ហានេះអាចធ្វើទៅបាន ដោយការពង្រីកការស្វែងរក និងបេសកកម្មជួយសង្គ្រោះនៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រ Aegean និងផ្តល់ទិដ្ឋាការធ្វើដំណើរដើម្បីឲ្យការចូលទៅកាន់តំបន់អឺរ៉ុបតាមស្របច្បាប់ មានភាពកាន់តែស្រួល។
វិទ្យាស្ថានអភិវឌ្ឍន៍ក្រៅប្រទេស ក៏បានអំពាវនាវឲ្យសភាពអឺរ៉ុបបង្កើតប្រព័ន្ធមួយដែលអាចដំណើរការស្នើសុំរបស់អ្នកស្វែងរកសិទ្ធិជ្រកកោនឲ្យបានកាន់តែលឿន និងបែងចែកការទទួលខុសត្រូវក្នុងការទទួលយកពួកគេ។ របាយការណ៍បន្ថែមថា អឺរ៉ុបត្រូវតែទទួលយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមដែលការធ្វើចំណាកស្រុកអាចនាំទៅឲ្យពួកគេ។
ទីបញ្ចប់ របាយការណ៍នេះ បានអំពាវនាវឲ្យប្រទេសក្នុងទ្វីបអឺរ៉ុបអនុវត្តវិធីសាស្ត្រតំបន់សាមគ្គីភាព ចំពោះវិបត្តិនេះ ជាជាងឲ្យប្រទេសផ្សេងៗគ្នាកំណត់គោលនយោបាយផ្សេងគ្នាដែលនាំឲ្យមានការខ្វែងគំនិតគ្នា៕
ប្រែសម្រួលដោយ នៀម ឆេង