ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានធ្វើការបណ្តេញមនុស្សចំនួន៣២ នាក់បន្ទាប់ពីពួកគេត្រូវបានចាប់បានក្នុងការចែករំលែករូបភាពអាសអាភាសនៅក្នុងក្រុមមិនផ្លូវការមួយ។ នេះបើយោងតាមប្រភពជាច្រើនដែលបានដឹងពីបញ្ហានេះ នៅថ្ងៃសុក្រនេះ។
ប្រភពព័ត៌មានចំនួនបួនបានប្រាប់ឲ្យដឹងថា វីដេអូអាសអាភាសនិងរូបថតរួមទាំងរូបជនរងគ្រោះអាយុក្រោម១៨ឆ្នាំត្រូវបានចែករំលែកនៅក្នុងក្រុម Facebook Messenger នេះ។
ភរិយារបស់បុគ្គលិកស្ថានទូតម្នាក់បានឃើញរូបភាពមួយចំនួន ហើយបានរាយការណ៍ទៅមន្ត្រីម្នាក់នៅស្ថានទូត។ ប្រភពព័ត៌មានបានឲ្យដឹងថា បញ្ហានេះត្រូវបានបញ្ជូនបន្តទៅការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI)។
អតីតបុគ្គលិកស្ថានទូតអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បណ្ណសម្គាល់ខ្លួនបុគ្គលិកស្ថានទូតរបស់ពួកគេត្រូវបានដកហូត ហើយទូរស័ព្ទរបស់ពួកគេមួយចំនួនត្រូវបានត្រួតពិនិត្យ។
មនុស្សទាំង៣២នាក់ជាជនកម្ពុជា និងជនជាតិអាមេរិកដើមកំណើតខ្មែរ ហើយគ្មានអ្នកណាម្នាក់ជាមន្ត្រីការទូតទេ។ ប្រភពពីរដែលធ្វើការនៅស្ថានទូតបានបញ្ជាក់ពីការបណ្តេញចេញពីការងារនេះ។
លោក David Josar អ្នកនាំពាក្យស្ថានទូតសុំមិនធ្វើអត្ថាធិប្បាយរឿងបុគ្គលិកផ្ទៃក្នុងទេ ដោយលោកសង្កត់ធ្ងន់អំពីគោលនយោបាយច្បាស់លាស់ទាក់ទងនឹងក្រមសីលធម៌និងចរិតថ្លៃថ្នូររបស់បុគ្គលិក៕