លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រីបង្ហាញចេតនាក្នុងការធ្វើវិសាធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ខណៈដែលអ្នកនាំពាក្យរដ្ឋសភាជាតិបញ្ជាក់ថា រដ្ឋសភាជាតិពុំទាន់ទទួលបានសំណើណាមួយពីសមាជិករដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ហើយនិងស្ថាប័នអង្គព្រះមហាក្សត្រសម្រាប់ការធ្វើវិសោធនកម្មនេះទេ។
មេដឹកនាំគណបក្សប្រឆាំងគឺលោកសម រង្ស៊ីបង្ហាញពីចេតនាក្នុងការធ្វើវិសោធនកម្មមាត្រា២នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្ហើបឲ្យដឹងកាលពីសប្តាហ៍មុនថា មេដឹកនាំគណបក្សប្រឆាំងរូបនេះបានស្នើសុំលោកឲ្យធ្វើវិសោធនកម្មនៃមាត្រានេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោកសម រង្ស៊ី ប្រធានសំឡេងភាគតិចនៅក្នុងរដ្ឋសភាជាតិ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានបញ្ជាក់ប្រាប់រូបលោកផងដែរថា មាត្រា២នៃរដ្ឋធម្មនុញ្ញមានលក្ខណៈរឹតត្បិតដល់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់ផែនទីច្បាស់លាស់មួយសម្រាប់ការកំណត់ខណ្ឌសីមារបស់ប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា៖
«រឿងហ្នឹងដោយសារពេលដែលខ្ញុំបានជួបជាមួយនិងសម្តេចហ៊ុន សែនក្នុងលក្ខណៈគ្រួសារ លោកបានប្រាប់ខ្ញុំថា យើងមិនគួរចងខ្លួនយើងទេនៅក្នុងរដ្ឋធម្មនុញ្ញមាត្រាទី២ហ្នឹង ពីព្រោះថា យើងបានសរសេរក្នុងមាត្រាទី២ហ្នឹង យើងប្រើផែនទីដែលបារាំងធ្វើក្នុងចន្លោះឆ្នាំ១៩៣៣ដល់១៩៥៣។ តែមានផែនទីដែលបារាំងដដែលហ្នឹងធ្វើដែរ មុនឆ្នាំ១៩៣៣ ជាពិសេសផែនទីមួយ ដែលបានធ្វើក្នុងឆ្នាំ១៩១៤ ហើយផែនទី១៩១៤ហ្នឹង វាអំណោយផលឲ្យប្រទេសកម្ពុជាជាងផែនទីដទៃទៀត។ ដូច្នេះយើងមិនចាំបាច់ចងខ្លួនយើងថា យកចាប់ពី១៩៣៣ទេ។ យើងយកពីមុនៗទាំងអស់ តាំងពីបារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជា ប្រទេសអាណាមពេលនោះ ហើយកម្ពុជាក្រោម គឺតាំងពីឆ្នាំ១៨៦៣ម្ល៉េះ»។
ឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានថា តើក្រុមតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិយល់ព្រមលើការធ្វើវិសោធនកម្មនេះដែរឬយ៉ាងណានោះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថា៖
«កែដើម្បីអី? កែដើម្បីបញ្ជាក់ថា យើងមានលទ្ធភាពយកផែនទីពីឆ្នាំមុនៗ មុនឆ្នាំ១៩៣៣។ បើថា ផែនទីមុនឆ្នាំ១៩៣៣ ជាពិសេសផែនទីឆ្នាំ១៩១៤ វាល្អប្រសើរជាងសម្រាប់ប្រទេសកម្ពុជា យើងយកផែនទីឆ្នាំ១៩១៤។ តែដើម្បីយកផែនទី១៩១៤ យើងត្រូវលុប១៩៣៣ ពីព្រោះ១៩១៤នោះ វាមុន១៩៣៣។ យើងមិនចាំបាច់ដាក់១៩៣៣ទេ។ យើងថា ផែនទីដែលបារាំងធ្វើកាលសម័យអណានិគមនិយមបារាំងរហូតមកទល់ឆ្នាំ១៩៥៣»។
នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និសិ្សតសាកលវិទ្យាល័យមួយដែលបានធ្វើឡើងនៅឯវិទ្យាស្ថានជាតិអប់រំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដ៏មានឥទ្ធិពលបានបញ្ជាក់ពីភាពខុសគ្នានៃការប្រើប្រាស់ផែនទីខ្នាតផ្សេងៗគ្នាយ៉ាងដូច្នេះថា៖
«យើងត្រូវធ្វើជាមួយនឹងអ្នកជិតខាងយើង នៅខាងលិច នៅខាងកើត។ យើងធ្វើព្រំដែនយើង យើងធ្វើខ្នាតផែនទី១/១០០.០០០។ អាហ្នឹងនៅទិសខាងកើត ដែលបោះពុម្ពក្នុងចន្លោះឆ្នាំ១៩៥៣ [និង] ឆ្នាំ១៩៣៣ ហើយដែលត្រូវបានអន្តរជាតិទទួលស្គាល់នៅចន្លោះឆ្នាំ១៩៦៣ [និង]ឆ្នាំ១៩៦៩។ នៅទិសខាងលិចមិនបានដាក់ក្នុងរដ្ឋធម្មនុញ្ញទេ ប៉ុន្តែយើងមាន MOU ជាមួយនិងថៃ ដែលប្រើប្រាស់ខ្នាតផែនទី១/២០០.០០០។ សោកស្តាយដែលរដ្ឋធម្មនុញ្ញរបស់យើងមិនបានដាក់។ ត្រង់នេះហើយបានជាមានការនិយាយអំពីបញ្ហាទាក់ទងនឹងការធ្វើវិសោធនកម្ម។
លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖
«យើងធ្វើរបងផ្ទះបានតែម្ខាងទេ គឺធ្វើជាមួយវៀតណាម ប៉ុន្តែមានបានធ្វើជាមួយថៃឯណា? ថៃអត់អាចយកផែនទីខ្នាត១/១០០.០០០ទៅដោះស្រាយបានទេ តែយើងមាន MOU រវាងកម្ពុជានិងថៃ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានបញ្ជាក់បន្ថែមថា កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសឡាវផងដែរក្នុងការប្រើប្រាស់ផែនទីខ្នាត១/១០០.០០០ ហើយថា ការកំណត់ដូច្នេះក៏មិនត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញនោះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកឈាង វុន អ្នកនាំពាក្យនៃរដ្ឋសភាជាតិ មានប្រសាសន៍ប្រាប់វីអូអេថា រដ្ឋសភាជាតិពុំទាន់ទទួលបានសំណើណាមួយពីសមាជិករដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ហើយនិងស្ថាប័នអង្គព្រះមហាក្សត្រសម្រាប់ការធ្វើវិសោធនកម្មនេះទេ។ អ្នកតំណាងរាស្រ្តនៃគណបក្សកាន់អំណាចរូបនេះផ្តល់ការគាំទ្រឲ្យមានការធ្វើវិសោធនកម្មនៃមាត្រា២នេះ ដើម្បីឲ្យកម្ពុជាមានផែនទីស្នូលរួមមួយសម្រាប់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសក្បែរខាងគឺប្រទេសវៀតណាម ថៃ និងឡាវ។
«យើងការពារទឹកដី មិនមែនការពារតែជាមួយយួនទេ។ យើងការពារជាមួយថៃ ជាមួយសៀម យើងការពារជាមួយឡាវ ទាល់តែយើងមានផែនទីសមស្រប ឯកភាពជាតិមួយត្រឹមត្រូវហើយ បានយើងទៅតទល់ជាមួយគេបាន»។
មាត្រា២នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅឆ្នាំ១៩៦៣-១៩៦៩។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បញ្ហាព្រំដែនកម្ពុជាវៀតណាមបានឡើងកំដៅសារជាថ្មី បន្ទាប់ពីវៀតណាមបានជីកស្រះតាមបណ្តោយព្រំដែនកម្ពុជាវៀតណាមនៅក្នុងខេត្តរតនគីរី និងសាងសង់ប៉ុស្តិ៍យោធានៅជាប់ព្រំដែនខេត្តកណ្តាល ដែលជាចំណុចមិនទាន់មានការឯកភាពគ្នានោះ។ ការមិនចុះសម្រុងគ្នាចំពោះការជីកស្រះនេះបាននាំឲ្យភាគីទាំងពីរគឺវៀតណាម និងកម្ពុជាអង្គុយចរចាគ្នារយៈពេលបីថ្ងៃកាលពីដើមខែកក្កដាកន្លងទៅ តែលទ្ធផលនៃការចរចានោះមិនត្រូវបានគេបញ្ចេញឱ្យដឹងជាសាធារណៈនោះទេ។
ទាក់ទិននឹងសំណុំរឿងផែនទីវិញ មន្ត្រីនៃអង្គការសហប្រជាជាតិនឹងយកផែនទីកម្ពុជាចំនួន១៨ផ្ទាំងឲ្យរដ្ឋាភិបាលកម្ពុជាខ្ចីនៅថ្ងៃស្អែកនេះ។ ពិធីទទួលយកផែនទីទាំងអស់នេះនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២០ខែសីហាខាងមុខនេះ៕